(ភ្នំពេញ)៖ នៅថ្ងៃសុក្រ ២រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០១៨នេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ញើសារលិខិតថ្លែងអំណរព្រះរាជគុណ ព្រះករុណា​ ព្រះមហាក្សត្យ នៃព្រះរាជាណាចក្រកម្ពុជា ។ សារលិខិតនោះមានខ្លឹមសារថា ខ្ញុំម្ចាស់ ព្រមទាំងសហការីទាំងអស់ នៃកាកបាទក្រហមកម្ពុជា មានសេចក្ដីរីករាយឥតឧបមាដោយបានទទួលនូវព្រះរាជទ្រព្យចំនួន ១,០០០ ដុល្លារអាមេរិក របស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភ ចំពោះកាកបាទក្រហមកម្ពុជា សម្រាប់ខែតុលា ឆ្នាំ២០១៨ តាមរយៈ សម្ដេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង។

ក្នុងនាមថ្នាក់ដឹកនាំ សមាជិក សមាជិកា មន្រ្តី និងបុគ្គលិកទាំងអស់ នៃកាកបាទក្រហមកម្ពុជា ខ្ញុំម្ចាស់ សូមព្រះបរមរាជានុញ្ញាតដ៏ខ្ពង់ខ្ពស់ ក្រាបបង្គំទូលថ្វាយអំណរព្រះរាជគុណដ៏ជ្រាលជ្រៅបំផុត ចំពោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គតែងតែប្រោសព្រះរាជទានព្រះរាជទ្រព្យ ដើម្បីទ្រទ្រង់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា សម្រាប់ជួយសង្គ្រោះប្រជារាស្រ្តកម្ពុជាក្រីក្រទទួលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ។

ជាទីបញ្ចប់ ខ្ញុំម្ចាស់ សូមបួងសួងគុណបុណ្យព្រះរតនត្រ័យតេជៈបារមីនៃវត្ថុសក្តិសិទ្ធិនានាក្នុងលោក ព្រះបារមីទេវតារក្សាព្រះមហាស្វេតច្ឆត្រ និងព្រះបារមីនៃព្រះវិញ្ញាណក្ខ័ន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ សូមព្រះមេត្តាប្រោសព្រះរាជទានព្រះពរជ័យបវរមហាប្រសើរ ថ្វាយចំពោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គប្រកបព្រះបរមសុខគ្រប់ប្រការ គង់ប្រថាប់ក្នុងព្រះមហាសិរីរាជសម្បត្តិជាម្លប់ដ៏ត្រជាក់ត្រជុំសម្រាប់ប្រជារាស្រ្តកម្ពុជា ជ្រកកោនតរៀងទៅ៕