(ហ្វាំងជីងកាង, ចិន)៖ បើទោះបីចិន និងវៀតណាមមានរកាំរកូសនឹងគ្នាមួយចំនួនលើបញ្ហាដែនសមុទ្រចិនខាងត្បូងយ៉ាងណាក្តី តែទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ក៏ដូចជាការដោះដូរទំនិញនៅតាមច្រកព្រំដែននៃប្រទេសទាំងពីរមិនមានអ្វីប្រែប្រួលនោះឡើយ។ នៅតាមច្រកព្រំដែននេះទៀតសោតបានក្លាយទៅជាកន្លែងដោះដូរទំនិញ និងការធ្វើទេសចរណ៍ដ៏សំខាន់រវាងប្រជាពលរដ្ឋនៃប្រទេសទាំងពីរថែមទៀតផង។
នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ គណៈប្រតិភូព័ត៌មានកម្ពុជា ត្រូវបានអញ្ជើញចុះទៅមើលដោយផ្ទាល់នៅតំបន់ព្រំដែនចិន-វៀតណាម ស្ថិតនៅក្នុងក្រុងហ្វាំងជីងកាំង ខេត្តក្វាងស៊ី របស់ចិន ជាប់នឹងស្រុកម៉ាជាវ ខេត្តគ័ងលីង ប្រទេសវៀតណាម។ តំបន់ព្រំដែនមួយនេះត្រូវបានតភ្ជាប់គ្នាដោយស្ពានមួយខ្សែឆ្លងកាត់ទន្លេតេងដួង។
នៅលើស្ពាននៃច្រកព្រំដែនមួយនេះ គេបានឃើញសកម្មភាពយ៉ាងមមាញឹកនៃការដោះដូរទំនិញរបស់ប្រជាពលរដ្ឋវៀតណាម និងចិន ក៏ដូចជាការឆ្លងកាត់រថយន្តដឹកទំនិញតាមកុងតឺន័រធំៗចេញពីប្រទេសវៀតណាម។ ក្នុងអំឡុងពេលចុះយកព័ត៌មាននេះ គេហាក់មិនបានឃើញរថយន្តកុងតឺន័រដឹកទំនិញចេញពីប្រទេសចិននោះទេ ផ្ទុយទៅវិញគេបានឃើញជនជាតិវៀតណាមជាច្រើនបានដើរចេញពីប្រទេសចិន ជាមួយការស្ពាយទំនិញស្រាលៗជាប់នឹងខ្លួនរបស់ពួកគេផងដែរ។
ជាមួយគ្នានោះ គេក៏បានឃើញភ្ញៀវទេសចរជាច្រើនដែលភាគច្រើនជាជនជាតិចិន បានទៅលេងនៅតំបន់ច្រកព្រំដែនផងដែរ។ មន្ត្រីទំនាក់ទំនងព័ត៌មាននៅក្នុងក្រុងហ្វាំងជីងកាំង បានឲ្យដឹងថា ច្រកទ្វាព្រំដែនតុងស៊ីង ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៥៨មកម្ល៉េះ ហើយបច្ចុប្បន្នប្រជាពលរដ្ឋនៃប្រទេសទាំងពីរបានឆ្លងទៅឆ្លងមកប្រមាណពី ៣-៤ម៉ឺននាក់ក្នុងមួយថ្ងៃ។ សម្រាប់ទំនិញវិញ ក៏ត្រូវបានអនុញ្ញាតឲ្យចេញចូលដោយសេរីផងដែរ។
តាមរយៈការសង្កេតដោយផ្ទាល់ការអភិវឌ្ឍន៍នៅតំបន់ព្រំដែននេះ ប្រទេសចិន ដែលជាមហាអំណាចសេដ្ឋកិច្ចពិភពលោកទី២នោះ មានការអភិវឌ្ឍន៍ខ្លាំងក្លាជាងប្រទេសវៀតណាម។ ត្រើយម្ខាងនៃប្រទេសចិន គេសង្កេតឃើញមានអគារខ្ពស់ៗ ដោយឡែកនៅខាងភាគីវៀតណាមវិញ នៅតាមជ្រាំងទន្លេព្រំដែននោះ មិនសូវជាមានការអភិវឌ្ឍន៍ខ្លាំងក្លាយដូចខាងចិននោះឡើយ៕