(ម៉ូស្គូ-រុស្ស៊ី)៖ នៅក្នុងមហាសន្និបាត ICAPP លើកទី១០ ដែលរៀបចំនៅទីក្រុងម៉ូស្គូ ប្រទេសរុស្ស៊ី លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា និងជាអនុប្រធានវេទិកាព័ត៌មាន ICAPP បានថ្លែងថា «បច្ចេកវិទ្យា» ក្នុងយុគ្គសម័យសកលភាវូបនីយកម្មសព្វថ្ងៃ គឺធ្វើឲ្យពិភពលោកងាយស្រួលក្នុងការទំនាក់ទំនងគ្នា ដែលពិភពលោកហាក់ដូចនៅក្នុងបាតដៃ ប៉ុន្តែ ក៏បង្កើតបញ្ហាដែលមានភាពប្រទាក់ក្រឡាគ្នា និងស្មុគស្មាញផងដែរ។

ក្នុងឱកាសនោះ លោក ហ៊ុយ វណ្ណៈ បានអំពាវនាវតាមរយៈវេទិកា ICAPP ដែលមានតំណាងថ្នាក់ដឹកនាំជាង៥០ប្រទេសចូលរួមថា៖ «ពិភពលោកត្រូវតែប្រយុទ្ធប្រឆាំងព័ត៌មានប្រឌិត (Fake News) ការលួចបំផ្លាញទិន្នន័យ (Data Dredging) និងសង្គ្រាមបច្ចេកវិទ្យា (Cyber War)»។ ព័ត៌មានប្រឌិត បង្កើតជម្លោះខាងទស្សនៈ និងបំផ្លាញការគិត, ការចូលលួចនិងបំប្លែងទិន្នន័យ បង្ករឲ្យមានទំនាស់បង្ករទំនាស់នយោបាយ, ខណៈសង្គ្រាមបច្ចេកវិទ្យា និងធ្វើឲ្យពិភពលោកលែងមានសីលធម៌ និងបាត់សណ្តាប់ធ្នាប់ ដែលយើងត្រូវរួមគ្នាប្រយុទ្ធប្រឆាំងជាប្រចាំ។

លោក ហ៊ុយ វណ្ណៈ អំពាវនាវថា៖ «សេរីភាពសារព័ត៌មាន គឺជាស្នូលគន្លឹះធ្វើឲ្យប្រជាធិបតេយ្យមានសុខភាពល្អ»។ តួនាទីសារព័ត៌មានដែលប្រកបដោយវិជ្ជាជីវៈនិងមានសីលធម៌នៅក្នុងសង្គម គឺខុសស្រឡះពី បណ្តាញសង្គម (social media) និងសារព័ត៌មានពលរដ្ឋ (citizen journalist)។ ដូច្នេះ រដ្ឋទាំងឡាយត្រូវបន្តបើកឱកាសឲ្យ សារព័ត៌មាន បន្តតួនាទីផ្សព្វផ្សាយដើម្បីលើកកម្ពស់ការគិតវិជ្ជមាន, ការអត់ឱន, សុខដុមរមនា, កិច្ចសហប្រតិបត្តិការ, និងជួយផ្សាយព័ត៌មានជាគំនិតដើម្បីស្វែងរកដំណោះស្រាយលើបញ្ហានានារបស់សង្គម និងពិភពលោក។

លោក ហ៊ុយ វណ្ណៈ ក៏អំពាវនាវដល់មេដឹកនាំរដ្ឋទាំងអស់ត្រូវរួមគ្នាប្រយុទ្ធប្រឆាំងគោលនយោបាយ៖ ឯកោនិយម, ការផ្តាច់មុខនិយម, និងការគាំពារនិយាម ទាំងក្នុងនយោបាយនិងសេដ្ឋកិច្ច ពីព្រោះគោលការណ៍ជ្រុលនិយមនេះ គឺបង្ករគ្រោះថ្នាក់ដល់ពលរដ្ឋ សង្គមជាតិ និងសណ្តាប់ធ្នាក់ពិភពលោក។

សូមជម្រាបថា ប្រតិភូសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ជាផ្នែកមួយនៃគណៈប្រតិភូថ្នាក់ជាតិតំណាងកម្ពុជា ដែលដឹកនាំរួមដោយលោកជំទាវ ឃួន សុដារី អនុប្រធានរដ្ឋសភាជាតិ និងជាសមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ចូលរួមកិច្ចប្រជុំមហាសន្និបាត ICAPP លើកទី១០ ពីថ្ងៃទី២៤-២៧ ខែតុលា ឆ្នាំ២០១៨ នៅទីក្រុងម៉ូស្គូ ប្រទេសរុស្ស៊ី។ ICAPP គឺជាបណ្តុំគណបក្សនយោបាយធំជាងគេលើពិភពលោកដែលមានចំនួន៣៥២ មកពី៥២ប្រទេស។ ICAPP បានបង្កើតបណ្តាញពាក់ព័ន្ធដូចជា៖ ក្រុមប្រឹក្សាវប្បធម៌, ស្ត្រី, យុវជន និង សារព័ត៌មាន ដែលមានគោលដៅបង្កើតកិច្ចពិភាក្សា និងកិច្ចសហការ ដើម្បីកសាងភាពជាដៃគូលើ សង្គម វប្បធម៌ និង កសាងពិភពលោកប្រកបដោយសន្តិភាព និងការអភិវឌ្ឍន៍៕