(ភ្នំពេញ)៖ លោក Christian Vigouroug នាយកក្រុមប្រឹក្សារដ្ឋបាល នៃវិទ្យាស្ថានប៉ាស្ទ័រ និងបណ្ដាញអន្ដរជាតិនៃ វិទ្យាស្ថានប៉ាស្ទ័រ បានស្នើឲ្យកម្ពុជាជំរុញការពង្រឹងសមត្ថភាពបន្ថែមទៀត ទៅលើការសិក្សាស្រាវជ្រាវផ្នែក វិជ្ជសាស្រ្ដដល់អ្នកសិក្សាវ័យក្មេងនៅកម្ពុជា។
ការស្នើបែបនេះរបស់នាយកក្រុមប្រឹក្សារដ្ឋបាលនេះ ធ្វើឡើងនាឱកាសដែលត្រូវបានអនុញ្ញាត ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោកសាស្រ្ដាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្ដីក្រសួងសុខាភិបាល នារសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨។
ជាមួយការស្នើរបស់លោកនាយកក្រុមប្រឹក្សារដ្ឋបាល នៃវិទ្យាស្ថានប៉ាស្ទ័រនេះ លោករដ្ឋមន្រ្ដី ម៉ម ប៊ុនហេង បានឲ្យដឹងថា «សម្រាប់ការជំរុញនៃការងារស្រាវជ្រាវ ដល់អ្នកសិក្សាវិជ្ជសាស្រ្ដវ័យក្មេងនេះ ត្រូវមានកិច្ចសហប្រតិបត្តិការ និងការសហការ ជាមួយសាកលវិទ្យាល័យវិជ្ជសាស្រ្ដសុខាភិបាលព្រោះថា សាកលវិទ្យានេះជាស្ថាប័នបណ្ដុះបណ្ដាល សិស្សនិសិ្សតកម្ពុជាលើផ្នែកនេះ។ បច្ចុប្បន្ននេះសាកលវិទ្យាល័យ ក៏កំពុងមានមានអ្នកស្រាវជ្រាវវ័យក្មេងមួយចំនួន កំពុងស្រាវជ្រាវនៅទីនោះ ព្រមទាំងមានសមត្ថភាពក្នុងការចូលរួមស្រាវជ្រាវនានា ពាក់ព័ន្ធនឹងវិជ្ជសាស្រ្ដសុខាភិបាល ថែមទៀតផង»។
លោករដ្ឋមន្រ្ដីឲ្យដឹងទៀតថា កម្ពុជាមានវិទ្យាស្ថានស្រាវជ្រាវសុខភាពសាធារណៈ ហើយបច្ចុប្បន្ននេះកំពុងប្រតិបត្តិការយ៉ាងសកម្ម ក្នុងការគាំទ្រដល់ក្រសួងសុខាភិបាល លើការស្រាវជ្រាវប្រព័ន្ធសុខាភិបាល ក៏ដូចជាផ្ដល់ការសិក្សាតម្រង់ទិសអភិវឌ្ឍន៍ គោលនយោបាយ និងយុទ្ធសាស្រ្ដសុខាភិបាលជាតិ។
លោក Christian Vigouroug ក៏បានបង្ហាញពីភាពរីករាយដែលបានឃើញពី ការបង្ហាញហេតុផលរបស់លោករដ្ឋមន្រ្ដី ហើយលោកយល់ថា ការងារស្រាវជ្រាវនេះជាការងារ ដែលត្រូវធ្វើការយ៉ាងជិតស្និត ជាមួយសាកលវិទ្យាល័យព្រោះ សាកលវិទ្យាល័យជាកន្លែងបណ្ដុះបណ្ដាធនធានមនុស្ស និងជាកន្លែងផ្ដល់ការពង្រឹងសមត្ថភាព ដល់អ្នកស្រាវជ្រាវ សម្រាប់អ្នកវ័យក្មេងជំនាន់ក្រោយ។
បន្ថែមពីនេះលោក បានកោតសសើរពីវិទ្យាស្ថានប៉ាស្ទ័រនៅកម្ពុជាថា មានគុណភាពល្អដូចវិទ្យាស្ថាន តាមបណ្ដាប្រទេស លើសាកលលោក៕