(វ៉ាស៉ីនតោន)៖ កញ្ចប់គួរសង្ស័យជាបន្តបន្ទាប់ ដែលមានផ្ទុកនូវគ្រឿងផ្ទុះកែច្នៃ ដូចទៅនឹងកញ្ចប់ដែលថ្មីៗនេះ ត្រូវបានផ្ញើទៅកាន់ផ្ទះ និងការិយាល័យនៃអ្នកនយោបាយល្បីៗនៃ គណបក្សប្រជាធិបតេយ្យអាមេរិកនោះ ត្រូវអាជ្ញាធរស្ទាក់បាននិងរកឃើញថា មានអាស័យដ្ឋានផ្ញើទៅកាន់អតីតអនុប្រធានាធិបតីអាមេរិក លោក Joe Biden និងលោក Robert De Niro ដែលជាតារាសម្តែងជើងចាស់ក៏ដូចជាអ្នករិះគន់ម្នាក់របស់លោក ដូណាល់ ត្រាំ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីស្ថានីយទូរទស្សន៍ CNN នៅយប់ថ្ងៃព្រហស្បតិ៍ ទី២៥ ខែតុលា ឆ្នាំ២០១៨។
កន្លងទៅថ្មីៗនេះ បើតាមប៉ូលិសអាមេរិក គោលដៅផ្ញើនៃកញ្ចប់គ្រាប់បែកច្នៃដូចៗគ្នាទាំងនេះ មានដូចជាអតីតប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា អតីតប្រធានាធិបតីអាមេរិក លោក ប៊ីល គ្លីនតុន និងភរិយារបស់លោក គឺលោកស្រី ហ៊ីលឡារី គ្លីនតុន មហាសេដ្ឋីដែលជាម្ចាស់ជំនួយដ៏ធំនៃគណបក្សប្រជាធិបតេយ្យ លោក ចន សូរ៉ូស (George Soros) សមាជិកសភាបក្សប្រជាធិបតេយ្យលោកស្រី ដិបប៊ី វ៉ាស្ស៊ឺម៉ាន់ ស្កាល់ស៍ (Debbie Wasserman Schultz) រួមទាំងការិយាល័យសារព័ត៌មាន CNN ក្នុងទីក្រុងញូយ៉ក។
ដោយឡែក ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅឯនាយកដ្ឋានប៉ូលិសនៃទីក្រុងញូយ៉ក អភិបាលក្រុងញូយ៉ក លោក បៀល ដឺ ប្លាស៊ីយ៉ូ (Bill De Blasio) ក៏បានចាត់ទុកផងដែរថា សកម្មភាពទាំងនេះគឺជាទង្វើភេរវកម្មយ៉ាងច្បាស់ក្រឡែត និងជាការបំភិតបំភ័យមេដឹកនាំអាមេរិក តាមរយៈសកម្មភាពហិង្សា។
គួរបញ្ជាក់ថា មកទល់នឹងពេលនេះមិនមានការបញ្ជាក់លម្អិត ពីហេតុការណ៍នេះនៅឡើយនោះទេ ខណៈការស៊ើបអង្កេតកំពុងធ្វើឡើង។ ក៏ប៉ុន្តែ អ្វីដែលគេដឹងគេថា ការផ្ញើកញ្ចប់គ្រាប់ច្នៃទៅកាន់អ្នកនយោបាយបក្សប្រជាធិបតេយ្យ កើតមានឡើងនៅចំពេល សហរដ្ឋអាមេរិកកំពុងត្រៀមរៀបចំការបោះឆ្នោតសភាពាក់កណ្ដាលអាណត្តិ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៦ ខែវិច្ឆិកាខាងមុខនេះ៕