(ភ្នំពេញ)៖ ដោយមើលឃើញពីទុក្ខលំបាករបស់អ្នកជំងឺនៅតាមមន្ទីរពេទ្យ នៅថ្ងៃព្រហស្បតិ៍ ទី ២៥ ខែតុលា ឆ្នាំ២០១៨នេះ កាកបាទក្រហមកម្ពុជា (ហៅកាត់ថា កក្រក) ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានចាត់ឱ្យគណៈប្រតិភូដឹកនាំដោយ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ ចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនអ្នកជំងឺចំនួន ៥៨៤នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ។
ក្នុងឱកាសចុះសួរសុខទុក្ខនោះ លោកស្រីអគ្គលេខាធិការ បានពាំនាំនូវប្រសាសន៍របស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្ដាំផ្ញើសួរសុខទុក្ខ ក្ដីនឹករលឹក និងការថ្លែងអំណរគុណចំពោះ ថ្នាក់ដឹកនាំ ក្រុមគ្រូពេទ្យ និងបុគ្គលិកនៃមន្ទីរពេទ្យកាល់ម៉ែត ដែលបានខិតខំថែទាំ ព្យាបាលជំងឺ ដោយយកចិត្តទុកដាក់ ប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវៈត្រឹមត្រូវ ធ្វើឱ្យប្រជាពលរដ្ឋទទួលស្គាល់និងជឿទុកចិត្ត សក្តិសមជាមន្ទីរពេទ្យរបស់រាជរដ្ឋាភិបាល ដែលរួមចំណែកលើកកម្ពស់វិស័យសុខាភិបាលឱ្យកាន់តែប្រសើរឡើង។ ជាមួយគ្នានេះ លោកស្រី បានពាំនាំនូវការផ្តាំសួរសុខទុក្ខ និងសារអំពាវនាវរបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនអ្នកជំងឺ និងក្រុមគ្រួសាររបស់អ្នកជំងឺទាំងអស់ ឱ្យគិតគូរថែរក្សាសុខភាពឱ្យបានល្អ អនុវត្តតាមការណែនាំរបស់គ្រូពេទ្យ បរិភោគអាហារូបត្ថម្ភដែលផ្តល់អត្ថប្រយោជន៍ដល់សុខភាពជៀសវាងនាំឱ្យមានជំងឺ ត្រូវជៀសឆ្ងាយពីគ្រឿងញៀន គ្រឿងស្រវឹង និងត្រូវចេះរស់នៅក្នុងបរិស្ថានដែលស្អាតមានអនាម័យជានិច្ច។ ជាមួយគ្នានេះ លោកស្រី អគ្គលេខាធិការ សូមជូនពរដល់អ្នកជំងឺទាំងអស់ ឆាប់ជាសះស្បើយពីជំងឺបានវិលទៅជួបជុំគ្រួសារឡើងវិញ។
ទន្ទឹមនឹងនេះ លោកសាស្ត្រាចារ្យ ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត តំណាងឱ្យអ្នកជំងឺទាំងអស់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែគិតគូរជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋដោយមិនប្រកាន់វណ្ណៈ ពូជសាសន៍ ព័ណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។
អំណោយមនុស្សធម៌ ដែលបានចែកជូនអ្នកជំងឺចំនួន ៥៨៤នាក់ ក្នុងម្នាក់ៗទទួលបាន ៖ មី១កេស ត្រីខ១០កំប៉ុង ស្ករស១គីឡូក្រាម ទឹកដោះគោខាប់៤កំប៉ុង នំប្រៃ១កញ្ចប់ មុង១ ភួយ១ សារុង១ ក្រមា១ អាវយឺត១ និងថវិកា ៥០,០០០រៀល។
សូមបញ្ជាក់ថា ក្នុងខែតុលា ឆ្នាំ២០១៨ ដែលមានពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ នេះ ( ថ្ងៃទី ៤ ទី ១៧ និងថ្ងៃទី ២៥ ) កាកបាទក្រហមកម្ពុជា បានចុះសួរសុខទុក្ខ និងចែកអំណោយជូនអ្នកជំងឺតាមមន្ទីរពេទ្យបានសរុបចំនួន ២,៥៧៦នាក់ ដែលសម្រាកព្យាបាល នៅមន្ទីរពេទ្យព្រះកេតុមាលា មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មន្ទីរពេទ្យព្រះកុសុមៈ និងមន្ទីរពេទ្យកាល់ម៉ែត៕