(ស្វីស)៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងប្រតិភូអមដំណើរ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ បានអញ្ជើញជួបពិភាក្សាការងារជាមួយលោក Liyong អគ្គនាយកអង្គការយូនីដូ (UNIDO) នៅឯស្ថានបេសកម្មអចិន្រ្តៃយកម្ពុជា ប្រចាំអង្គការពាណិជ្ជកម្មពិភពលោក នាទីក្រុងហ្សឺណែវ ប្រទេសស្វីស។
ជាកិច្ចចាប់ផ្តើម រដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ បានបញ្ជាក់ថា បច្ចុប្បន្នក្រសួងពាណិជ្ជកម្ម កំពុងរៀបចំសេចក្តីព្រាងច្បាប់ ស្តីពីពាណិជ្ជកម្មអេឡិចត្រូនិច ហើយក្រសួងស្នើសុំឲ្យអង្គការជួយផ្តល់ការគាំទ្រមួយចំនួន សម្រាប់ជំរុញដល់ដំណើរការរៀបចំបញ្ចប់ការងារនេះ។
ក្រៅពីនេះក្រសួងពាណិជ្ជកម្ម កំពុងជំរុញប្រព័ន្ធសមាហរណកម្មពាណិជ្ជកម្មប្រទេស (CTIS) និង កម្មវិធី AIMS ដែលអាចជួយរកទីផ្សារកសិផលដល់កសិករកម្ពុជា និងអាចចែករំលែកព័ត៌មានរវាងអ្នកទិញនិងអ្នកផលិត។
លោករដ្ឋមន្រ្តី បានស្នើដល់អង្គការយូនីដូ ពិនិត្យមើលនូវលទ្ធភាពគាំទ្រ ដល់គុណភាពកិច្ចដំណើរការតម្លើងរថយន្ត ក្នុងក្របខណ្ឌអាស៊ាន ស្នើឲ្យជួយសម្របសម្រួលក្នុងការទទួលបាននូវហិរញ្ញប្បទាន ពីក្របខណ្ឌគោលនយោបាយវិថី និងខ្សែក្រវ៉ាត់ តាមរយៈធនាគារ AIIB ចិន និងស្នើផ្តល់ការគាំទ្រដល់ការរៀបចំប្រព័ន្ធពាណិជ្ជកម្មអេឡិចត្រូនិច ដើម្បីអាចជួយដល់សហគ្រាសតូច និងមធ្យម ក្នុងការភ្ជាប់ទំនាក់ទំនងទីផ្សារកម្ពុជា និងអន្តរជាតិជាពិសេសចិន។
ជាមួយគ្នានេះដោយមានសន្ទុះកើនឡើងនូវចំនួនភ្ញៀវទេសចរបរទេសនៅកម្ពុជា លោករដ្ឋមន្រ្តី ក៏បានស្នើដល់អង្គការយូនីដូ ជួយគាំទ្រដល់ការគ្រប់គ្រងគុណភាព និងសុវត្ថិភាពម្ហូបអាហារតាមផ្លូវនៅកម្ពុជា ដែលភ្ញៀវជាច្រើនមានចំណាប់អារម្មណ៏ និងស្នើឲ្យជួយដល់ការពង្រឹងសមត្ថភាព ក្នុងការត្រួតពិនិត្យសុវត្ថិភាពផលិតផលឆ្លងដែន នៅតាមច្រកចូលអន្តរជាតិទាំងអស់។
ឆ្លៀតក្នុងឱកាសនេះ លោករដ្ឋមន្រ្តី វេង សាខុន បានថ្លែងអំណគុណចំពោះអង្គការយូនីដូ ដែលបានសហការ និងគាំទ្រដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទៅលើការកែច្នៃផលិតផលជលផលហើយ លោក វេង សាខុន ក៏បានស្នើដល់ UNIDO ជួយដល់កម្ពុជា ក្នុងការរៀបចំបទដ្ឋានគតិយុត្តិ ពាក់ព័ន្ធឈានទៅទទួលបានការអនុញ្ញាត នាំចេញផលនេសាទសមុទ្រទៅកាន់ទីផ្សារអ៉ឺរ៉ុប។ បន្ថែមពីនេះ កសិផលជាច្រើននៅកម្ពុជាកំពុងស្វែងរកទីផ្សារនាំចេញ ដោយតម្រូវនូវការស្នើសុំឲ្យមាន ការទទួលស្គាល់គុណភាព និងស្តង់ដារ ដូច្នេះក្រសួងកសិកម្ម ស្នើដល់អង្គការយូនីដូ ជួយផ្តល់នូវការគាំទ្របន្ថែមពីនីតិវិធី ក្នុងការទទួលបានការទទួលស្គាល់នូវគុណភាព និងស្តង់ដាផលិតផលកសិកម្ម។
លោក Liyong បានថ្លែងថា អង្គការយូនីដូ មានបំណងពង្រឹងកម្មវិធីភាពជាដៃគូ ប្រទេសជាមួយកម្ពុជា ដោយផ្តោតទៅលើការពង្រឹងសមត្ថភាព ការអភិវឌ្ឍន៍វារីវប្បកម្ម ជំរុញការវិនិយោគសួនកសិឧស្សាហកម្មទំនើប ដែលផ្សារភ្ជាប់ទៅនឹងខ្សែច្រវ៉ាក់ ផលិតកម្មកសិកម្ម កិច្ចសហប្រតិបត្តិការ លើហេដ្ឋារចនាសម្ព័ន្ធ ដែលគាំទ្រដល់គុណភាព និងស្តង់ដារផលិផលកសិកម្ម (អនាម័យ និងភូតគាមអនាម័យ) និងការជំរុញពាណិជ្ជកម្មធុនស្រាលកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ។
លោកបន្តថា នៅក្នុងខែវិច្ឆិកាខាងមុខនេះ អង្គការយូនីដូ មានគម្រោងរៀបចំកម្មវិធីនៅប្រទេសចិន ស្តីអំពីស្តង់ដារផលិតផលចិន និងស្តង់ដារផលិតផលអន្តរជាតិ ហើយសង្ឃឹមថា លោករដ្ឋមន្រ្តីទាំងពីរ អាចនឹងអញ្ជើញចូលរួមផងដែរ។ ជាចុងក្រោយ លោកលើកថា លោកនឹងធ្វើការពិនិត្យនូវលទ្ធភាព ក្នុងការរៀបចំជាកម្មវិធីគាំទ្រ សម្រាប់ជួយដល់ការអភិវឌ្ឍនៅកម្ពុជា ទៅតាមចំណុចអាទិភាព នៃកិច្ចពិភាក្សាខាងលើ៕