(ភ្នំពេញ)៖ លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨នេះថា អគ្គនាយកដ្ឋានពន្ធដារ កំពុងសិក្សារៀបចំកែសម្រួលតម្លៃអចលនទ្រព្យ សម្រាប់ជាមូលដ្ឋានគិតពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធិ និងសិទ្ធិកាន់កាប់អចលទ្រព្យ។
លោកបញ្ជាក់ថា កែសម្រួលនេះក៏ព្រោះជាក់ស្តែង តារាងតម្លៃអចលនទ្រព្យសម្រាប់ជាមូលដ្ឋានគិតពន្ធ កំណត់ដោយរដ្ឋាភិបាល ពុំដែលបានធ្វើបច្ចុប្បន្នភាពនៅឡើយទេ ចាប់តាំងពីពេលបង្កើតមក ខណៈដែលគម្លាតខុសគ្នាខ្ពស់ ជាមួយតម្លៃអចលនទ្រព្យលើទីផ្សារជាក់ស្ដែង។
ការថ្លែងរបស់លោកអគ្គនាយកយ៉ាងដូច្នេះ ធ្វើឡើងក្នុងឱកាសលោកអញ្ជើញជាអធិបតីក្នុងវេទិកាស្តីពីពន្ធដារ (TAX FORUM) រៀបចំដោយសភាពាណិជ្ជកម្មអឺរ៉ុប (EUROCHAM) នៅសណ្ឋាគារ THE GREAT DUKE ។
លោក គង់ វិបុល បានបញ្ជាក់ទៀតថា អគ្គនាយកដ្ឋានពន្ធដារបាន និងកំពុងយកចិត្តទុកដាក់ក្នុងការរៀបចំសម្រួលយន្តការបង្វិលសងអាករលើតម្លៃបន្ថែម (VAT Refund) ឱ្យបានកាន់តែប្រសើរឡើង សម្រាប់ក្រុមហ៊ុននានា និងបេសកកម្មទូត ឬកុងស៊ុលបរទេស អង្គការអន្តរជាតិ និងទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេស របស់រដ្ឋាភិបាលនានា ព្រមទាំងគិតគូរ ដល់ការបង្វិលសងអាកររបស់ភ្ញៀវទេសចរផងដែរ។
លោកបានសង្កត់ធ្ងន់ទៀតថា អគ្គនាយកដ្ឋានពន្ធដារ នឹងនៅតែបន្តការធ្វើទំនើបកម្មរដ្ឋបាលសារពើពន្ធ និងបង្កើនការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដែលឆាប់ៗនេះ នឹងជំរុញឲ្យការប្រើប្រាស់នូវ ការបង់ពន្ធតាមទូរស័ព្ទដៃ និងបង់ពន្ធ ព្រមទាំការប្រកាសពន្ធតាមប្រព័ន្ធអនឡាញ (E-Payment & E-Filing)៕