(សៀមរាប)៖ នៅរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨នេះ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច រួមជាមួយ លោកស្រីតំណាងរាស្ត្រ ក្រុមប្រឹក្សាខេត្តស្វាយរៀង ថ្នាក់ដឹកនាំមន្ត្រីរាជការមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តសៀមរាប និងប្រតិភូអមដំណើរ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ និងបុណ្យសពឧត្តមសេនីយ៍ឯក ជា ម៉ន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៤ ដែលបានទទួលមរណភាព កាលពីវេលាម៉ោង៩៖១០នាទីយប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ ក្នុងជន្មាយុ៦៦ឆ្នាំ ដោយរោគាពាធ។
ឧត្ដមសេនីយ៍ឯក ជា ម៉ន គឺជាអ្នកតស៊ូ និងជាមេបញ្ជាការដ៏អង់អាចក្លាហាន ដែលបានចូលរួមសហការប្រយុទ្ធវាយរំដោះ អាយុជីវិតប្រជាជនកម្ពុជាឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបានរួមចំណែកយ៉ាងសកម្ម ហើយតែងតែស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា និងព្រះមហាក្សត្រផងដែរ។
ក្នុងបរិយាកាសដ៏សែនក្តុកក្តួលនេះ នាងខ្ញុំសូមសម្តែងនូវការសោកស្តាយជាពនពេក និងសូមចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំនេះ ជាមួយក្រុមគ្រួសារសព និងសូមឧទ្ទិសកុសលផលបុណ្យជូនដួងវិញ្ញាណក្ខន្ធរបស់លោក បានទៅសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕