(ភ្នំពេញ)៖ លោក George Edgar ឯកអគ្គរដ្ឋទូតសហគមអឺរ៉ុប នៅថ្ងៃទី២៥ ខែតុលានេះ បានកោតសរសើរអគ្គនាយកដ្ឋានពន្ធដារចំពោះជោគជ័យ នៃការគ្រប់គ្រងប្រមូលពន្ធផ្ទៃក្នុង និងវឌ្ឍនភាពជាវិជ្ជមាននៃរដ្ឋបាលសារពើពន្ធ។

ការលើកឡើងរបស់លោក George Edgar ធ្វើឡើងក្នុងឱកាសដែលអញ្ជើញចូលរួមក្នុងវេទិកា ស្តីពីពន្ធដារ (Tax Forum) នៅសណ្ឋាគារ THE GREAT DUKE រាជធានីភ្នំពេញ។

លោកឯកអគ្គរដ្ឋទូតសហគមអឺរ៉ុបបានចាត់ទុកថា តាមរយ:វេទិកា ស្តីពីពន្ធដារ GDT-EUROCHAM នេះ បានដោះស្រាយនូវបញ្ហាប្រឈមនានាគួរឲ្យកត់សម្គាល់ ពីមួយឆ្នាំទៅមួយឆ្នាំ ហើយគួបផ្សំនឹងភាពប្រសើរឡើងនៃប្រព័ន្ធពន្ធដារ និងរដ្ឋបាលសារពើពន្ធកម្ពុជា វាជាកត្តាទាក់ទាញវិនិយោគិនមកពីអឺរ៉ុប មកវិនិយោគនៅកម្ពុជាយ៉ាងខ្លាំង។ បើតាមការលើកឡើងរបស់ លោក Arnaud Darc ប្រធានសភាពាណិជ្ជកម្មអឺរ៉ុប (EUROCHAM) នឹងមានវិនិយោគិនអឺរ៉ុប ជាច្រើនបន្ថែមទៀតនឹងមកដាក់ទុនវិនិយោគនៅកម្ពុជា នាដើមឆ្នាំ២០១៩ ខាងមុននេះ។

វេទិកានេះ ក៏មានរៀបចំនូវកិច្ចពិភាក្សាជាក្រុម (Panel Discussion) សំខាន់ៗចំនួន២៖ ទី១-វឌ្ឍនភាពថ្មីៗ នៃច្បាប់និងបទប្បញ្ញត្តិស្តីពីពន្ធដារ និង ការផ្ទេរថ្លៃ (Transfer Pricing), និងទី២- កិច្ចព្រមព្រៀងស្តីពីការជៀសវាងការយកព្ធត្រួតគ្នា បញ្ហាប្រឈមរបស់សហគ្រាសអ្នកជាប់ព្ធតូចនិងមធ្យម និងការដោះស្រាយវិវាទសារពើពន្ធ។

លោក Arnaud Darc បានថ្លែងអំណគុណ ចំពោះលោកប្រតិភូរាជរដ្ឋាភិបាល ដែលតែងតែផ្តល់ការយកចិត្តទុកដាក់ និងចូលរួមក្នុងវេទិកានេះ ដែលគិតមកដល់ពេលនេះ គឺជាលើកទី៤ ព្រមទាំងវាយតម្លៃខ្ពស់ ចំពោះការផ្តល់នូវការគាំទ្រដល់វិស័យឯកជន ក្នុងការពង្រឹងនូវការប្រកួតប្រជែងដោយស្មើភាព (Level Playing Field) ប្រកបដោយតម្លាភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និង សមធម៌ ក្នុងចំណោមសហគ្រាសទាំងឡាយ ទាំងសហគ្រាសជាអ្នកជាប់ពន្ធធំ អ្នកជាប់ពន្ធមធ្យម និងអ្នកជាប់ពន្ធតូច តាមរយៈការធ្វើកំណែទម្រង់គោលនយោបាយ និងរដ្ឋបាលសារពើពន្ធដែលអគ្គនាយកដ្ឋានពន្ធដារបាន និងកំពុងអនុវត្ត ជាពិសេសក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ។

លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានសម្តែងការគាំទ្រចំពោះវេទិកាពន្ធដារ ដែលបានរៀបចំឡើង និងជំរុញឱ្យមានការរៀបចំឱ្យបានច្រើន ក្នុងគោលដៅលើកកម្ពស់ចំណេះដឹងស្តីពីពន្ធដារ ក៏ដូចជាការបញ្ជ្រាបវប្បធម៌បង់ពន្ធ ម្យ៉ាងវិញទៀត នៅក្នុងកម្មវិធីនេះ គឺអនុញ្ញាតឱ្យមានវេទិកាសំណួរ-ចម្លើយ ដែលវាជាកម្មវិធីសំខាន់ក្នុងការផ្តល់ឳកាស ដល់សាធារណជនបានសួរសំណួរ និងបង្ហាញនូវកង្វល់ឬបញ្ហាប្រឈម ដែលពួកគាត់បានជួបប្រទះ ក្នុងដំណើរការនៃអាជីវកម្មរបស់ខ្លួន ហើយជាពិសេសទទួលបានចម្លើយផ្ទាល់ ពីមន្រ្តីពន្ធដារ ក៏ដូចជាអ្នកជំនាញពន្ធដារនៅក្នុងវិស័យឯកជន។

លោកបានបញ្ជាក់ថា តាមរយៈការអនុវត្តយ៉ាងយកចិត្តទុកដាក់ នូវកំណែទម្រង់រដ្ឋបាល និងគោលនយោបាយសារពើពន្ធ ព្រមទាំងធ្វើទំនើបកម្មពន្ធដារ ដោយអនុវត្តស្របតាមយុទ្ធសាស្ត្រកៀរគរចំណូលរយៈពេលមធ្យម២០១៤-២០១៨ ហើយជាលទ្ធផលនៃការគ្រប់គ្រងប្រមូលចំណូលពន្ធ និងអាករគ្រប់ប្រភេទឆ្នាំ២០១៧នេះ សម្រេចបាន១១៥.២% នៃផែនការច្បាប់ ហើយបើគិតត្រឹមថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ នេះ លទ្ធផលនៃការគ្រប់គ្រងប្រមូលចំណូលពន្ធ និងអាករគ្រប់ប្រភេទ សម្រេចបានប្រមាណជាង៩៦% ក្នុងន័យនេះ តាមការរំពឹងទុក អគ្គនាយកដ្ឋានពន្ធដារនឹងអាចសម្រេចលើសផែនការច្បាប់កំណត់។

លោកបន្តថា​ យុទ្ធសាស្ត្រកៀរគរចំណូល រយៈពេលមធ្យម ២០១៤-២០១៨ នឹងត្រូវបញ្ចប់ នាពេលឆាប់ៗខាងមុខនេះ ហើយជាគោលដៅសម្រាប់ការអនុវត្តបន្ត សេចក្តីព្រាងនៃយុទ្ធសាស្ត្រកៀរគរចំណូលរយៈពេលមធ្យម២០១៩-២០២៣ កំពុងរៀបចំ ដែលក្នុងនោះមានគោលបំណងសំខាន់ផ្តោតលើ ទី១. ធានាបាននូវចីរភាពកំណើនចំណូល ទី២. ចីរភាពកំណើនសេដ្ឋកិច្ច ទី៣. ការប្រកួតប្រជែងដោយស្មើរភាព និង ទី៤. យុត្តិធម៌សង្គម។

តាមរយ:យុទ្ធសាស្ត្រនេះ នឹងមានការកែលម្អនូវគោលនយោបាយចាំបាច់មួយចំនួន ក្នុងន័យធានាឱ្យបាននូវភាពងាយស្រួល សមធម៌ និងភាពត្រឹមត្រូវក្នុងការបង់ពន្ធ ខណៈដែលគោលដៅនៃការប្រមូលចំណូលកំណត់ ដោយច្បាប់ត្រូវបានកើនឡើង ពីមួយឆ្នាំទៅមួយឆ្នាំ។ អគ្គនាយកដ្ឋានពន្ធដារ នឹងនៅតែបន្តការធ្វើទំនើបកម្មរដ្ឋបាលសារពើពន្ធ និងបង្កើនការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដែលឆាប់ៗនេះ នឹងជំរុញឲ្យការប្រើប្រាស់នូវ ការបង់ពន្ធតាមទូរស័ព្ទដៃ និងបង់ពន្ធ ព្រមទាំការប្រកាសពន្ធតាមប្រព័ន្ធអនឡាញ (E-Payment & E-Filing)៕