(ភ្នំពេញ)៖ ទេសរដ្ឋមន្ដ្រី ហ៊ឹម ឆែម រដ្ឋមន្ដ្រីក្រសួងធម្មការ និងសាសនា នៅក្នុងពិធី​បិទវគ្គបណ្តុះបណ្តាលស្តីពីតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ ជំនាន់ទី៣០ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១​៨នេះ ផ្តល់នូវអនុសាសន៍មួយចំនួន ដល់សិក្ខាកាមជាអាចារ្យ ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាល លើកកម្ពស់ការពង្រឹង ការប្រតិបត្តិនូវប្រពៃណីទំនៀមទម្លាប់ខ្មែរឲ្យបានគត់មត់ ស្របតាមចរន្តហូរចូល នៃសាកលភាវូបនីយកម្ម និងការអភិវឌ្ឍលើគ្រប់វិស័យ។

​លោកទេសរដ្ឋមន្ដ្រី ហ៊ឹម ឆែម បានគូសបញ្ជាក់ថា អាចារ្យទាំងអស់​ត្រូវមានសាមគ្គីភាព កិច្ចសហការ និងទំនាក់ទំនងល្អជាមួយនិងគណៈកម្មការវត្ត ចៅអធិការវត្ត ព្រមទាំងព្រះមេគណ ព្រះអនុគណ មន្ទីរធម្មការ និងសាសនារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាជ្ញាធរមូលដ្ឋាន និងពុទ្ធបរិស័ទមិនប្រកាន់បក្សពួក និងរើសអើងវណ្ណៈសង្គម។

​បន្ថែមពីនេះ ត្រូវខិតខំថែរក្សា និងអភិរក្សនូវកេរ្តិ៍មរតកវប្បធម៌ព្រះពុទ្ធសាសនា និងប្រពៃណី ទំនៀមទម្លាប់ខ្មែរឲ្យស្ថិតស្ថេរគង់វង្ស ធ្វើយ៉ាងណារួមគ្នា លើកស្ទួយវិស័យព្រះពុទ្ធសាសនាឲ្យបានថ្កុំថ្កើងរុងរឿង ហើយអាចារ្យទាំងអស់ត្រូវគោរព និងអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់ នូវរាល់លិខិតបទដ្ឋាន ដែលមានស្រាប់។

មួយវិញទៀត លោកទេសរដ្ឋមន្ដ្រី ហ៊ឹម ឆែម បានលើកឡើងថា ដើម្បីឲ្យស័ក្តសមជាព្រឹទ្ធាចារ្យ ដែលមានបទពិសោធន៍ និងចំណេះដឹងប្រចាំភូមិ ស្រុក សូមអាចារ្យទាំងអស់ ត្រូវប្រកាន់នូវសប្បុរសធម៌ទាំង៧ឲ្យបានខ្ជាប់ខ្ជួន និង​ត្រូវបន្តពង្រឹងចំណេះដឹងរបស់ខ្លួន ខិតខំស្រាវជ្រាវគម្ពីរដីការ ក្បួនច្បាប់ របៀបមង្គល និងបុណ្យផ្សេងៗ បន្ថែមទៀត ហើយចងក្រងទុកជាឯកសារ ដើម្បីរួមចំណែកក្នុងការកសាងឯកសារគោលរបស់ក្រសួងធម្មការ និងសាសនា ឲ្យកាន់តែមានមូលដ្ឋានច្បាស់លាស់ និងទទួលយកបានទាំងអស់គ្នា បន្សល់ទុកជាប្រយោជន៍សម្រាប់បច្ឆាជន។

លើសពីនេះ ​អាចារ្យដើរតួនាទីជាព្រឹទ្ធាចារ្យ ប្រចាំ ស្រុក ភូមិរបស់ខ្លួននោះ អាចារ្យត្រូវជាគំរូក្នុងការគោរពប្រតិបត្តិព្រះពុទ្ធសាសនា ច្បាប់ ទម្លាប់ សីលធម៌ សុជីវធម៌ ទប់ស្កាត់អំពើហឹង្សាក្នុងគ្រួសារ និងឈានមុខក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គម ដើម្បីបង្ហាញជាគម្រូល្អដល់យុវជនជំនាន់ក្រោយរបស់យើង ហើយដើម្បីឲ្យប្រជាពលរដ្ឋគោរព ក្នុងឋានៈជាចាស់ព្រឹទ្ធាចារ្យ អាចារ្យទាំងអស់ត្រូវគោរពតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យឲ្យបានត្រឹមត្រូវតាមក្បួនតម្រា ដើម្បីដឹកនាំកិច្ចរបៀបមង្គល និងបុណ្យផ្សេងៗ ដោយឈរលើមូលដ្ឋានច្បាប់ទម្លាប់ និងភាពប្រាកដប្រជា៕