(ភ្នំពេញ)៖ លោកវេជ្ជបណ្ឌិត ឡេ ជឿងជៀន ឯកទេសជំងឺឬសដូងបាត មកពីមន្ទីរពេទ្យជោរៃ ទីក្រុងហូជីមិញ បានពន្យល់ថា អ្នកដែលធ្វើការងារជាប់នឹងកៅអីដែលអង្គុយយូរ ចាប់ពី៨ម៉ោងឡើងទៅ អាចនឹងប្រឈមកើតជំងឺឬសដូងបាត ដែលជាប្រភេទជំងឺដ៏គួរភ័យខ្លាចមួយ ភាគច្រើនកើតឡើងទៅលើមនុស្សដែលគ្រប់វ័យ និងជាពិសេសចំពោះអ្នកជំងឺដែលពេញវ័យ ក្នុងការបំពេញការងារជាប្រចាំថ្ងៃ។
ការថ្លែងបញ្ជាក់ថា របស់វេជ្ជបណ្ឌិតជំនាញមកពីប្រទេសវៀតណាមរូបនេះ ធ្វើឡើងនៅក្នុងកម្មវិធីពិនិត្យ និងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ជូនអ្នកជំងឺឬសដូងបាតចំនួន៥០នាក់ នៅមន្ទីរពេទ្យជោរៃភ្នំពេញ នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ ដែលមានការសហការជាមួយក្រុមហ៊ុនឱសថ DHG Pharma ជាងនេះទៅទៀតនោះ គឺកិច្ចសហការរវាងស្ថាប័នទាំង២នេះ នឹងធ្វើឡើងសម្រាប់អ្នកជំងឺដល់ទៅ១ពាន់នាក់។
លោកវេជ្ជបណ្ឌិត ឡេ ជឿងជៀន បានបញ្ជាក់ថា «ជំងឺឬសដូងបាត កើតឡើង ចំពោះស្ត្រីមានផ្ទៃពោះ នៅពេលសម្រាលកូនរួចជំងឺឬសដូងបាត អាចនឹងបាត់ទៅវិញ និងភាគច្រើនកើតឡើង ចំពោះមនុស្សដែលធ្វើការងារដែលអង្គុយយូរ ហើយធ្វើការចាប់ពី៨ម៉ោងឡើងទៅ ប្រឈមនឹងការកើតជំងឺប្រភេទនេះខ្លាំងណាស់»។
វេជ្ជបណ្ឌិតជំនាញរូបនេះបន្តថា ជំងឺឬសដូងបាត គឺជាជំងឺមួយប្រភេទដែលរីកសរសៃឈាមនៅ នឹងម្តុំក្រសាល់គូទ ហើយត្រូវបានបែងចែកជា២ប្រភេទ គឺឬសដូងបាតខាងក្នុង និងឬសដូងបាតខាងក្រៅ ហើយអ្វីដែលជាក្តីបារម្ភគ្រូពេទ្យ ចំពោះអ្នកជំងឺនោះគឺ ខាងក្នុងផង និងក្រៅផង។
បន្ទាប់ពីកម្មវិធីពិនិត្យ និងព្យាបាលជំងឺ ឥតគិតថ្លៃប្រចាំខែវគ្គមុន សម្រាប់វគ្គនេះ មន្ទីរពេទ្យជោរៃភ្នំពេញ សហការជាមួយក្រុមហ៊ុនឱសថ DHG Pharma រៀបចំកម្មវិធី ពិនិត្យ និងព្យាបាល ជំងឺឬសដូងបាត ឥតគិតថ្លៃសម្រាប់អ្នកជំងឺថ្មី៥០នាក់ដំបូង ក្នុងរយៈពេល១ថ្ងៃ ហើយសម្រាប់កិច្ចសហការនេះនឹងធ្វើឡើងសម្រាប់អ្នកជំងឺរហូតដល់ទៅ១ពាន់នាក់ ដោយវេជ្ជបណ្ឌិតឯកទេសវៀតណាម មានបទពិសោធន៍ខ្ពស់ មកពីមន្ទីរពេទ្យជោរៃ ទីក្រុងហូជីមិញ ប្រទេសវៀតណាម។
សូមជម្រាបថា កម្មវិធីពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ជូនអ្នកជំងឺលើសម្ពាធឈាម នេះគឺជាកម្មវិធីមនុស្សធម៌ ដ៏មានអត្ថន័យរបស់មន្ទីរពេទ្យជោរៃភ្នំពេញ និងក្រុមហ៊ុនឱសថ DHG Pharma ចូលរួមចំណែកលើកកម្ពស់ សុខុមាលភាពជូនដល់ប្រជាពលរដ្ឋខ្មែរ ឱ្យមានឱកាសទទួលបាន ការថែទាំសុខភាព ប្រកបដោយគុណភាព ពីសំណាក់វេជ្ជបណ្ឌិត ឯកទេសវៀតណាម ដែលមានបទពិសោធន៍ខ្ពស់ រួមជាមួយសម្ភារៈបរិក្ខារពេទ្យទំនើប ដែលមានបំពាក់ នៅមន្ទីរពេទ្យជោរៃភ្នំពេញ។
លោកវេជ្ជបណ្ឌិតបន្ថែមថា ជំងឺឬសដូងបាតភាគច្រើនកើតឡើងចំពោះអ្នកជំងឺ ដែលមានជំងឺក្រិនថ្លើម ឬរីកក្រពីងប្រ៉ូស្តាស បើសិនជាឈានចូលដល់កម្រិត៣ ឬ៤ យើងត្រូវព្យាបាលជំងឺក្នុងខ្លួនជាមុនសិន បន្ទាប់មកទើបធ្វើការព្យាបាលជំងឺឬសដូងបាត ដើម្បីកុំឲ្យជំងឺប្រភេទនេះកើតឡើងមកវិញ ចំណែកអ្នកជំងឺក្រិនថ្លើមអាចធ្វើការជំងឺឬសដូងបាត កាន់តែធ្ងន់ធ្ងរឡើងក៏ព្រោះតែ សម្ពាធខ្យល់ធ្លាក់ចុះក្រោមកាន់តែខ្លាំង ធ្វើឲ្យផ្នែកឬសដូងបាតកាន់តែ លៀនចេញមកក្រៅកាន់តែខ្លាំងផងដែរ។
លោក ឡេ ជឿងជៀន វេជ្ជបណ្ឌិតជំនាញមកពីប្រទេសវៀតណាម ក៏បានណែនាំដល់ប្រជាពលរដ្ឋដែលមានវ័យចាប់ពី ៥៥ឆ្នាំឡើងទៅ គួរមកពីពិនិត្យផ្នែកពោះវៀន ឲ្យខ្ជាប់ខ្ជួនផងដែរ ព្រោះចាប់ពីវ័យនេះ អាចនឹងមានដុះដុំសាច់ម្យ៉ាងនៅក្នុងពោះវៀន ដែលជាហេតុនាំឲ្យកើតជំងឺឬសដូងបាតយ៉ាងពិតប្រាដកមែន៕