(សៀមរាប)៖ ក្រុមការងារស្រុកប្រាសាទបាគង ខេត្តសៀមរាប សហការជាមួយអង្គភាពជំនាញដឹកនាំដោយលោក នឹម សុវណ្ណ អភិបាលស្តីទីស្រុកប្រាសាទបាគង រួមសហការ និងមានការសម្រប សម្រួលពីលោកវរសេនីយ៍ឯក ស្រី យូរ៉ា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ក្រោមការបញ្ជាផ្ទាល់ពីអភិបាលខេត្ត កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ បានចុះទៅពិនិត្យដោះស្រាយរាល់បញ្ហា ដល់ទីតាំងដីជាក់ស្តែងដែលមានទំនាក់រវាងលោក ង៉ោ ស្រ៊ុន និងប្រជាពលរដ្ឋមួយចំនួន ដែលជាលទ្ធផលឃើញថា ផ្លូវទាំង៥ខ្សែ នៅក្នុងភូមិមួយចំនួនរបស់ឃុំកណ្តែក បានបើកដំណើរការជាធម្មការ មិនមានការបិទដូចការចោទប្រកាន់ និងសេចក្តីរាយការណ៍ខ្លះនោះទេ។ នេះបើយោងតាមលិខិតរបស់លលោក នឹម សុវណ្ណ អភិបាលស្តីទីស្រុកប្រាសាទបាគង ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨នេះ។
នាឱកាសចុះទៅពិនិត្យ និងដោះស្រាយបញ្ហាមួយនេះ ក៏មានការចូលរួមពីម្ចាស់ដីមានទំនាស់រួមទាំងមន្ត្រីជំនាញជុំវិញស្រុក មេឃុំ មេភូមិ និងកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាល សមាសភាពសរុប៣៧នាក់ ដល់ទីតាំងដីជាក់ស្តែង ជាលទ្ធផលឃើញថា ផ្លូវទាំង៥ខ្សែ ដែលសាលាខេត្តបានសម្រេចរក្សាទុក និងបើកផ្លូវជាសាធារណៈស្ថិតនៅភូមិល្អក់, ភូមិត្រពាំងទឹម, ភូមិឃុនមោឃ និងភូមិត្រាង ឃុំកណ្តែក ស្រុកប្រាសាទបាគង គឺផ្លូវ៤ខ្សែ បានកំពុងដំណើរការជាប្រក្រតីពុំមានការបិទផ្លូវទេ និងផ្លូវ១ខ្សែទៀត នៅក្នុងភូមិល្អក់ ក៏ដំណើរធម្មតាផងដែរ ដោយគ្រាន់តែមានទំនាស់ពាក់ព័ន្ធ នឹងពលរដ្ឋ៣គ្រួសារជំទាស់ មិនអនុញ្ញាតឲ្យបើកផ្លូវតាមការសម្រេចរបស់សាលាខេត្ត (មិនមែនភាគីម្ចាស់ដីជាអ្នកជំទាស់ទេ)។ នេះបើតាមការបញ្ជាក់របស់មន្រ្តីសាលាស្រុកប្រាសាទបាគង។
មន្រ្តីរូបនេះ បានថ្លែងទៀតថា ចំពោះបញ្ហានេះក៏ស្ថិតក្នុងចំណាត់ការរបស់តុលាការជាសមត្ថកិច្ចកំពុងដោះស្រាយ ដូច្នេះមិនមានការបិទផ្លូវសាធារណៈ ដូចព័ត៌មានផ្សព្វផ្សាយនៅតាមប្រព័ន្ធបណ្តាញសង្គម Facebook YouTube នោះឡើយ។ ក្រុមការងារបានរង់ចាំដោះស្រាយទំនាស់នេះ ជូនប្រជាពលរដ្ឋទាំង១៨៥គ្រួសារ ប៉ុន្តែមិនបានវត្តមានបងប្អូនដែលប្តឹងតវ៉ានោះទេ គឺមានតែប្រជាពលរដ្ឋ៤គ្រួសារ ប៉ុណ្ណោះ ដែលមានទំនាស់ជាមួយលោក ង៉ោ ស្រ៊ុន ពាក់ពន្ធ័នឹងការទាមទារដីជាង៣ហិកតា ហើយទំនាស់នេះកំពុងស្ថិតក្នុងចំណាត់ការរបស់តុលាការជាអ្នកដោះស្រាយ។
តាមការបញ្ជាក់របស់លោក មួក សំ អាយុ៥៣ឆ្នាំ និងលោក សាន់ សែត អាយុ៤១ឆ្នាំ ដែលជាប្រជាពលរដ្ឋរស់នៅភូមិឃុនមោឃ ឃុំកណ្តែក ស្រុកប្រាសាទបាគង បានបំភ្លឺនៅចំពោះមុខក្រុមការងារ និងសមត្ថកិច្ចនគរបាលប៉ុស្តិ៍កណ្តែកថា ពាក់ពន្ធ័នឹងស្នាមមេដៃរបស់ប្រជាពលរដ្ឋនោះ គឺធ្វើឡើងតាំងពីឆ្នាំ២០១៧មកម្ល៉េះ ផ្តិតក្នុងគោលបំណងស្នើសុំលោក ង៉ោ ស្រ៊ុន ឲ្យជួយកសាងផ្លូវជូនពួកគាត់ ប៉ុណ្ណោះ ប៉ុន្តែស្នាមមេដៃរបស់ពួកគាត់នេះ បែរជាត្រូវបានជនខិលខូចលួចយកទៅប្រឌិតខ្លឹមសារខាងលើ បង្វែរទៅជាប្តឹងចោទប្រកាន់អាជ្ញាធរខេត្តថា កាងឲ្យលោកប្លន់បិទផ្លូវសាធារណៈទៅវិញ។
មន្រ្តីបានបន្តទៀតថា ការដែលប្រព័ន្ធបណ្តាញសង្គម Facebook និង YouTube មួយចំនួនផ្សព្វផ្សាយចោទប្រកាន់យ៉ាងធ្ងន់ចំពោះអភិបាលខេត្តសៀមរាបថា កាងឲ្យលោក ង៉ោ ស្រ៊ុន ប្លន់យកផ្លូវសាធារណៈ និងដីប្រជាពលរដ្ឋនៅឃុំកណ្តែកធ្វើជាកម្មសិទ្ធិនោះ គឺជារឿងមិនពិត ពោលព័ត៌មាននេះធ្វើឡើងក្នុងចេតនាបង្កាច់បង្ខូចកិត្តិយសអាជ្ញាធរខេត្ត និងបំពុលបរិយាកាសសង្គមឲ្យមានការភាន់ច្រឡតែប៉ុណ្ណោះ។
នៅក្នុងពេលនោះដែរលោក ង៉ោ ស្រ៊ុន បានបញ្ជាក់ដល់អ្នកសារព័ត៌មានថា រាល់បញ្ហាដែលប្រជាពលរដ្ឋបានចោទប្រកាន់ចំពោះលោកនោះ គឺមិនបានពាក់ព័ន្ធទៅនឹងអភិបាលខេត្តសៀមរាបឡើយ។
សូមបញ្ជាក់ផងដែរថា ទិដ្ឋភាពជាក់ស្តែងក្នុងភូមិសាស្ត្រឃុំកណ្តែក ស្រុកប្រាសាទបាគងនេះ លោក ង៉ោ ស្រ៊ុន ក៏បានបរិច្ចាគនូវថវិកា និងដីរបស់ខ្លួន ដើមី្បធ្វើផ្លូវសាធារណៈជូន ដល់បងប្អូនប្រជាពលរដ្ឋក្នុងតំបន់នោះប្រើប្រាស់ខ្វែងខ្វាត់ទៀតផង៕