(ភ្នំពេញ)៖ ស្ត្រីខ្មែរម្នាក់ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឲ្យដាក់ពន្ធនាគារជាបណ្ដោះអាសន្ន នៅល្ងាចថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨នេះ ក្រោមការចោទប្រកាន់ពីបទ ហិង្សាមានស្ថានទំងន់ទោស តាមមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ ក្រោយទទួលបានពាក្យបណ្ដឹងពីបុរសជនជាតិកូរ៉េជាប្ដី។
ស្ដ្រីដែលតុលាការសម្រេចឃុំខ្លួននេះ ឈ្មោះ ជួង បុប្ផា អាយុ៣៣ឆ្នាំ មានលំនៅស្ថានលេខ៣៣៩F ផ្លូវលេខ៩០៨ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ បន្ទាប់ពីនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ក្រសួងមហាផ្ទៃ ខ្លួនតាមដីការបស់លោក ហេង សុខណា ចៅក្រមសើបសួរ ដោយបានសម្រេចចោទប្រកាន់ពីបទ ហិង្សាដោយចេតនា មានស្ថានទំងន់ទោស តាមមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ តាមពាក្យបណ្ដឹងរបស់ឈ្មោះ ស៊ីន ជុងបឹក អាយុ៥៣ឆ្នាំ ជនជាតិកូរ៉េ។
ទោះជាយ៉ាងណា ក្រោយតុលាការសម្រេចឃុំខ្លួនបណ្ដោះអាសន្នដាក់ពន្ធនាគារ ជនជាប់ចោទឈ្មោះ ជួង បុប្ផា បានអះអាងថា ជារឿងអយុត្តិធម៌ខ្លាំងណាស់ ព្រោះប្ដីជនជាតិកូរ៉េរបស់នាង បានវាយធ្វើបាបនាងជាច្រើនដង រហូតទល់បាក់ដៃ បែកក្បាល បង្ខំឲ្យដេករួមភេទជាមួយមិត្តភ័ក្រប្ដី ហើយនាងមិនប្ដឹងប្ដីទេ តែប្ដីបែរជាប្ដឹងនាង ហើយព្រះរាជអាជ្ញាមិនទាំងបានហៅរូបនាង មកសាកសួរមួយម៉ាត់ផង ស្រាប់តែចោទប្រកាន់ និងចេញដីកាចាប់ខ្លួននាងដាក់គុក តាមមហិច្ឆិតារបស់ជនជាតិកូរ៉េ ដើម្បីដណ្ដើមយកកូនស្រី និងផ្ទះ២ល្វែង ដែលជាទ្រព្យរួមទៅវិញ។
ជនជាប់ចោទបានរៀបរាប់ទាំងទឹកភ្នែកថា រូបនាង និងប្ដីជនជាតិកូរ៉េ បានរៀបការ និងចុះសំបុត្រអាពាហ៍ពិពាហ៍ត្រឹមត្រូវតាមច្បាប់ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០០៧ ហើយក៏បានចេញទៅរស់នៅប្រទេសកូរ៉េ ធ្វើការសន្សំប្រាក់បានមួយចំនួន ក៏ត្រឡប់មករស់នៅកម្ពុជាវិញ ហើយបានទិញផ្ទះ២ល្វែងជាទ្រព្យរួម និងមានកូនស្រីម្នាក់ អាយុ៥ឆ្នាំ។
ស្ដ្រីរូបនេះ បានឲ្យដឹងទៀតថា ពេលមករស់នៅភ្នំពេញវិញ គ្រួសារនាងមិនសូវមានសេចក្ដីសុខទេ ដោយសារប្ដីជនជាតិកូរ៉េ មានមិត្តភ័ក្រដើរលេងយប់ ផឹកស្រាស្រវឹងមកដល់ផ្ទះ រករឿងវាយតប់លើនាងស្ទើរាល់ថ្ងៃ ពេលខ្លះវាយបែកក្បាល ពេលខ្លះវាយបាក់ដៃ ពេលខ្លះប្ដីរបស់នាងបានបង្ខំនាង ឲ្យដេកជាមួយមិត្តភ័ក្រគេទៀត ប៉ុន្តែពេលនាងមិនព្រមប្ដីនាងបានប្រើហិង្សារាល់ៗដង ហេតុធ្វើឲ្យរូបនាងទ្រាំមិន បានក៏សម្រេចថាត្រូវប្ដឹងលែងលះ។
លុះពេលដឹងថានាង ចង់ប្ដឹងលែងលះ ប្ដីរបស់នាងក៏បានលួចយកកូនស្រីទៅប្រទេសកូរ៉េ បាត់រហូតដល់សព្វថ្ងៃ។ រហូតដល់ឆ្នាំ២០១៧ បងប្អូនបានសម្របសម្រួលឲ្យជុំគ្រួសារវិញ តែថ្ងៃនោះហើយដែលប្ដីរបស់នាង បានវាយប្រតាយប្រតប់គ្នានៅក្នុងហាងអាហារ មួយទល់មុខមន្ទីរពេទ្យកាល់ម៉ែត ហើយដោយសាររអិលជើងដួលប្ដីរបស់នាង មានរបួសបន្តិចបន្តួចដោយសារដួលបោកតុ។
បន្ទាប់មកពួកនាងក៏ត្រឡប់ទៅផ្ទះជាមួយគ្នាវិញ តែមិនដឹងថា ប្ដឹរបស់នាងបានប្ដឹងរូបនាងមកតុលាការទេ ព្រោះនាងមិនដែលបានទទួលដីកា របស់តុលាការម្ដងសោះ ស្រាប់តែនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ សមត្ថកិច្ចបានមកចាប់នាង តាមដីកាតុលាការយោងតាមពាក្យបណ្ដឹងរបស់ប្ដីទៅវិញ ហើយថែមទាំងសម្រេចឃុំខ្លួនដាក់ពន្ធនាគារទៀត៕