(ភ្នំពេញ)៖ នៅគ្រាដែល សេចក្ដីព្រាងច្បាប់ស្ដីពី ហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងថវិកាឆ្នាំ២០១៩ ឬហៅកាត់ថា ច្បាប់ថវិកាជាតិឆ្នាំ២០១៩ ដែលនឹងត្រូវគណៈរដ្ឋមន្ដ្រីពិនិត្យ និងអនុម័តក្នុងកិច្ចប្រជុំ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ស្អែកនោះ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន បានចេញសេចក្ដីប្រកាសព័ត៌មានមួយ ជុំវិញសេចក្ដីព្រាងច្បាប់ថវិកាជាតិ ឆ្នាំ២០១៩នេះ។
ក្នុងសេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា សេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងថវិកាឆ្នាំ២០១៩ ដែលជាឆ្នាំទី១ នៃនីតិកាល ទី៦ នៃរដ្ឋសភា ត្រូវតែជាយុទ្ធសាស្ដ្រនៃការរក្សាសមិទ្ធផល ដែលសម្រេចបានដោយលំបាក និងការបន្ដបុកគ្រឹះថ្មីៗ សម្រាប់គាំទ្រដល់ការសម្រេចបានគោលដៅសំខាន់ៗ នៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៦ និងយុទ្ធសាស្ដ្រចតុកោណ-ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ដើម្បីបន្ដរក្សាសន្ដិភាព ស្ថិរភាព ក៏ដូចជាទ្រទ្រង់នូវដំណើរការវិវឌ្ឍឈានឡើងរបស់កម្ពុជា លើវិថីនៃការអភិវឌ្ឍប្រកបដោយគុណភាព និងចីរភាពតទៅមុខឥតឈប់ឈរ។
អ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងទៀតថា «នៅក្នុងរយៈពេលមធ្យមខាងមុខ ការអភិវឌ្ឍសង្គមកិច្ចកម្ពុជា នឹងឈានដល់ដំណាក់កាលប្រែប្រួលថ្មីមួយទៀត ជាពិសេសចាប់ពីពេលនេះ ទៅរយៈពេល៥ឆ្នាំខាងមុខ ដែលជាអន្ដរកាលឆ្ពោះទៅសម្រេចឋានៈ ប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។ ក្នុងក្របខណ្ឌនេះ កម្ពុជាត្រូវតែមានប្រព័ន្ធរដ្ឋបាលសាធារណៈមួយ ដែលកាន់តែស្អាតស្អំ ឆ្លាតវៃ និងមានសមត្ថភាពខ្លាំងពូកែ (A Clean, Smart and Strong Goverment) ដើម្បីអាចដោះស្រាយបញ្ហាសង្គម និងសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាពខ្ពស់ក្នុងអត្រាប្រមាណ៧% ក្នុងមួយឆ្នាំ ដើម្បីបង្កើតការងារប្រកបដោយគុណភាពសម្រាប់យុវជនផង ឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះក្ដីរំពឹងទុករបស់ប្រជាជនផង ឆ្លើយតបនឹងសេចក្ដីត្រូវការ របស់ប្រជាជនដែលចេះតែកើនឡើង ជាលំដាប់នូវសេវាសាធារណៈសំខាន់ៗ ប្រកបដោយគុណភាព ទាំងហេដ្ឋារចនាសម្ព័ន្ធរូបវន្ដ សេវាអប់រំ សុខាភិបាល និងសេវាមូលដ្ឋានចាំបាច់ផ្សេងទៀត រួមទាំងរបបសន្ដិសុខសង្គម និងសុខមាលភាពរបស់ប្រជាជនទូទៅ ការធានាសុវត្ថិភាពចំណូល ជាពិសេសសម្រាប់ប្រជាជនងាយរងគ្រោះ និងការកាត់បន្ថយគម្លាតនៃការរីកចម្រើនរវាងទីក្រុង និងជនបទ។
សេចក្តីប្រកាសព័ត៌មានរបស់ លោក ផៃ ស៊ីផាន បានបញ្ជាក់ទៀតថា កម្ពុជាត្រូវចេះបត់បែន និងតាមឲ្យទាន់សភាពការណ៍ ប្រែប្រួលក្នុងតំបន់ និងពិភពលោកដើម្បីបញ្ចៀស និងសម្រាលនូវផលប៉ះពាល់ជាអវិជ្ជមានទាំងឡាយ ដែលអាចកើតមានឡើងជាយថាហេតុ ហើយត្រូវត្រៀមខ្លួនឲ្យបានល្អ ដើម្បីប្រែក្លាយបញ្ហាប្រឈមទាំងឡាយ ឲ្យក្លាយទៅជាកាលានុវត្តភាព និងត្រូវចេះប្រើប្រាស់លក្ខខណ្ឌអំណោយផលទាំងឡាយ សម្រាប់លើកកម្ពស់ប្រសិទ្ធភាព និងភាពប្រកួតប្រជែងសេដ្ឋកិច្ច និងកែលម្អបរិស្ថានវិនិយោគសម្រាប់ទទួល និងទាក់ទាញបន្ថែមការវិនិយោគ និងធុរកិច្ចដែលអាចនឹងហូរចេញពីតំបន់ជម្លោះពាណិជ្ជកម្ម ចូលមកកាន់កម្ពុជា៕