(ភ្នំពេញ)៖ ផ្លូវ៦០ម៉ែត្រក្នុងក្រុងសៀមរាប ចាប់ពីចំណុចកែងមុខមន្ទីរពេទ្យគន្ធបុប្ផា ដល់ទីស្នាក់ការអាជ្ញាធរជាតិអប្សរា ត្រូវបានប្រសិទ្ធនាមថា «វិថីសម្ដេចវិបុលបញ្ញា សុខ អាន»។ ការប្រសិទ្ធនាមនេះ ធ្វើឡើងបន្ទាប់ពីអាជ្ញាធរបានស្នើទៅកាន់រដ្ឋបាលខេត្តសៀមរាប។
យោងតាមសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តសៀមរាប មូលហេតុនៃការប្រសិទ្ធនាមឈ្មោះនេះ គឺដើម្បីតបស្នងសងគុណរបស់សម្ដេចវិបុលបញ្ញា សុខ អាន ក្នុងបុព្វហេតុលើវិស័យបេតិកភណ្ឌ។
វិថីសម្ដេចវិបុលបញ្ញា សុខ អាន កន្លងមក ប្រជាពលរដ្ឋទូទៅក្នុងក្រុងសៀមរាបនិយមហៅថា ផ្លូវ៦០ម៉ែត្រ ព្រោះយោងតាមទំហំផ្លូវដែលមានទទឹងប្រវែង ៦០ម៉ែត្រ ប៉ុន្តែពុំដែលបានកំណត់ជាផ្លូវការនៅឡើយទេ។ ទើបតែថ្មីៗនេះ អាជ្ញាធរជាតិអប្សរា ក៏បានដាក់សំណើទៅរដ្ឋបាលខេត្តសៀមរាប ដោយប្រសិទ្ធនាមផ្លូវនេះថា វិថីសម្ដេចវិបុលបញ្ញា សុខ អាន។
គួររំឭកថា វិថីសម្ដេចវិបុលបញ្ញា សុខ អាន ត្រូវបានស្ថាបនាឡើងកាលពីឆ្នាំ២០០២ ក្រោមជំនួយឧបត្ថម្ភរបស់ទីភ្នាក់ងារបារាំង (ADF)។ នៅឆ្នាំ២០០៦ អាជ្ញាធរជាតិអប្សរាបានចំណាយថវិកាមួយចំនួនដើម្បីធ្វើផ្លូវគ្រួសក្រហមសងខាងផ្លូវ និងបន្តសង់ផ្លូវមកខាងកើតហួសរង្វង់មូលចំនួន៤គីឡូម៉ែត្របន្ថែមទៀត ដើម្បីអបអរសាទរព្រឹត្តិការណ៍វប្បធម៌អង្គរឃ្យុងយូ ដែលជាកិច្ចសហប្រតិបត្តិការរវាងតំបន់បេតិកភណ្ឌចំនួន២ គឺអង្គរ និងឃ្យុងយូ។
ក្រោយមកនៅឆ្នាំ២០១០ អាជ្ញាធរជាតិអប្សរា ក៏បានស្ថាបនានេះចំនួន ៩,៦៧៩ម៉ែត្រ ចាប់ពីផ្លូវបំបែកត្រាំនាគ រហូតដល់បុរីរដ្ឋបាលខេត្តសៀមរាប បច្ចុប្បន្នជាទីស្នាក់ការអាជ្ញាធរជាតិអប្សរា។
បើគិតមកដល់ពេលនេះ វិថីសម្ដេចវិបុលបញ្ញា សុខ អាន បានបម្រើផលប្រយោជន៍ដល់ប្រជាជន និងទេសចរទាំងឆ្លងកាត់ និងដឹកជញ្ជូនទំនិញអស់រយៈពេល១៦ឆ្នាំមកហើយ៕