(ភ្នំពេញ)៖ កុំភ្លេចជួបគ្នានៅថ្ងៃសៅរិ៍-អាទិត្យ ទី២៧-២៨ ខែតុលានាចុងសប្តាហ៍នេះ សម្រាប់សិស្ស-និស្សិត យុវជន និងសាធារណៈជនទូទៅ ជាពិសេសអ្នកកំពុងស្វែងការងារធ្វើ និងមានឱកាសជួបផ្ទាល់ជាមួយស្ថាប័ន ក្រុមហ៊ុនសហគ្រាសធំៗចំនួន៣០០បញ្ជរ អាចរើសមុខតំណែងដែលលោកអ្នកពេញចិត្ត សម្រាប់ឱកាសការងារជាងពីរម៉ឺនកន្លែង ពីបណ្តាក្រុមហ៊ុនល្បីៗ ថែមទាំងទទួលបានការណែនាំ អំពីអាជីពបទពិសោធន៍ ជំនាញទីផ្សារការងារដែលកំពុងត្រូវការ និងឱកាសបណ្តុះបណ្តាលជំនាញគ្រប់ប្រភេទ។
មិនតែប៉ុណ្ណោះ និងទទួលបានគំនិតចំណេះដឹង និងបទពិសោធន៍សម្រាប់លើកកម្ពស់ផលិតភាព ពីវាគ្មិនជាតិ និងអន្តរជាតិល្បីៗ នៅក្នុងសិក្ខាសាលារយៈពេលពីរថ្ងៃ របស់ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០១៨ ចាប់ពីម៉ោង០៨៖០០ព្រឹក ដល់ម៉ោង០៨៖០០ល្ងាច នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
ព្រឹត្តិការណ៍ដ៏ធំនេះផងដែរ អាចចាត់ទុកថា ជាកន្លែងជួបជុំដោយងាយស្រួលរវាងនិយោជក និងអ្នកស្វែងរកការងារធ្វើ ដើម្បីដាក់ពាក្យ និងសម្ភាសជ្រើសរើសបុគ្គលិកដោយផ្ទាល់នៅនឹងកន្លែង ហើយអាចធ្វើការចែករំលែក ព័ត៌មានអំពីការអភិវឌ្ឍជំនាញ តម្រូវការជំនាញតាមមុខរបរ និងវិស័យដែលមានការលូតលាស់ខ្លាំង ក្នុងទីផ្សារការងារកម្ពុជានាពេលបច្ចុប្បន្ន ព្រមទាំងការចែករំលែកចំណេះដឹង អំពីបទពិសោធន៍ល្អៗ សម្រាប់លើកកម្ពស់ ផលិតភាពទៀតផង។
សូមបញ្ជាក់ផងដែរថា ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០១៨ បង្កើតឡើងដោយ «ទីភ្នាក់ងារជាតិមុខរបរ និងការងារ» នៃក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ចូលរួមសហការរៀបចំដោយ «សហភាពសហព័ន្ធយុវជនកម្ពុជា» និងសមាគមន៍រោងចក្រកាត់ដេរនៅកម្ពុជា (GMAC)។
មិនតែប៉ុណ្ណោះព្រឹត្តិការណ៍នេះ ក៏មានការចូលរួមឧបត្ថម្ភដោយ ធនាគារ Canadia PLC, ធនាគារ Prince PLC, មីក្រូហិរញ្ញវត្ថុ Amret, ក្រុមហ៊ុន កូកាកូឡា, ក្រុមហ៊ុន Chip Mong Group, ក្រុមហ៊ុន ISI Steel, ក្រុមហ៊ុនទូរស័ព្ទ Smart, ក្រុមហ៊ុន RMA, ក្រុមហ៊ុន Cambodia Brewery, ក្រុមហ៊ុន Prince Real Estate, ធនាគារ ភ្នំពេញពាណិជ្ជ, ក្រុមហ៊ុន True Money និងមានកិច្ចសហការពីបណ្តាលក្រុមហ៊ុន /សហគ្រាសជាច្រើនថែមទៀត ។
ដូច្នេះ សម្រាប់អ្នកចូលរួមពិព័រណ៍ការងារ និងផលិតភាពជាតិ កុំភ្លេចមកកាន់ទីភ្នាក់ងារជាតិមុខរបរ និងការងារ ដែលស្ថិតនៅក្នុងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីទទួលយកប័ណ្ណចូលរួមផ្សងសំណាង នៅក្នុងថ្ងៃពិព័រណ៍ចាប់ពីពេលនេះតទៅ៕