(ភ្នំពេញ)៖ នៅថ្ងៃទី២៧-២៨ ខែតុលា ឆ្នាំ២០១៨ ខាងមុខនេះ ប្រាសាក់ ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុដ៏ធំជាងគេនៅកម្ពុជា នឹងចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នៅវេលាម៉ោង៨ព្រឹក រហូតដល់ម៉ោង៨យប់ ដើម្បីចែករំលែកបទពិសោធន៍ និងផ្តល់ឱកាសការងារជាច្រើនមុខតំណែងដល់និស្សិត និងបេក្ខជនដែលកំពុងស្វែងរកការងារធ្វើ។
នៅក្នុងកម្មវិធីនេះ បេក្ខជនទាំងអស់អាចដាក់ពាក្យ និងទទួលបានការប្រឹក្សាអំពីអាជីពការងារ ជាមួយក្រុមការងារជ្រើសរើសបុគ្គលិករបស់ប្រាសាក់ បានភ្លាមៗ ដោយភាពស្និទ្ធស្នាលបំផុត។ ក្នុងប្រតិបត្តិការរបស់ខ្លួន ជាង២០ឆ្នាំមកនេះ ប្រាសាក់ ត្រូវបានទទួលស្គាល់ជានិយោជក នៃជម្រើសលើការអភិវឌ្ឍអាជីពការងារ និងគុណភាពជីវិតរបស់បុគ្គលិក។
គិតត្រឹមខែកញ្ញា ឆ្នាំ២០១៨ ប្រាសាក់មានបុគ្គលិកសរុបច្រើនជាង៧,០០០នាក់ ក្នុងមុខតំណែង និងជំនាញផ្សេងៗគ្នាជាច្រើន កំពុងប្រតិបត្តិការទូទាំងប្រទេស ដែលប្រៀបដូចជាក្រុមគ្រួសារដ៏ធំមួយ ដែលផ្ដល់នូវគាំទ្រ ភាពកក់ក្ដៅ និងការរីកចម្រើន។
ប្រាសាក់ផ្តល់ជូនគ្រប់បុគ្គលិកនូវចំណុចសំខាន់ៗដូចជា ឱកាសការងារស្ថិរភាពនិងយូរអង្វែង ទទួលបានអត្ថប្រយោជន៍ច្រើន ការអភិវឌ្ឍសមត្ថភាពបុគ្គលិក វាយតម្លៃផ្អែកតាមលទ្ធផលការងារ និងឱកាសក្នុងការ ចូលរួមជួយដល់សង្គម។ ប្រាសាក់ ផ្តល់ជូនប្រាក់បៀវត្ស រង្វាន់លើកទឹកចិត្ត និងអត្ថប្រយោជន៍ជាច្រើនដើម្បីទាក់ទាញ ថែរក្សា និងលើកទឹកចិត្តបុគ្គលិកដែលមានសមត្ថភាព។
អត្ថប្រយោជន៍ទាំងនោះ រួមមាន៖ ប្រាក់ខែគោល ប្រាក់ឧបត្ថម្ភតួនាទី ប្រាក់រង្វាន់លើកទឹកចិត្តប្រចាំឆ្នាំ ប្រាក់ឧបត្ថម្ភបុណ្យចូលឆ្នាំខ្មែរ ប្រាក់ឧបត្ថម្ភបុណ្យភ្ជុំបិណ្ឌ ប្រាក់កម្ចី ឯកសណ្ឋាន ធានារ៉ាប់រងសុខភាព ធានារ៉ាប់រង លើការសម្រាកនៅមន្ទីរពេទ្យ ធានារ៉ាប់រងគ្រោះថ្នាក់ផ្ទាល់ខ្លួន កន្លែងស្នាក់នៅ ឈប់សម្រាកប្រចាំឆ្នាំ ឈប់សម្រាករៀបអាពាហ៍ពិពាហ៍ ឈប់សម្រាកលំហែបិតុភាព ឈប់សម្រាកពេលមានធុរៈក្នុងគ្រួសារ និងផ្សេងៗ។
គ្រប់បុគ្គលិក ត្រូវបានផ្តល់ឱកាសក្នុងការចូលរួមសកម្មភាពការងារ និងការសម្រេចចិត្តនានា ដើម្បីភាពជោគជ័យ និងការរីកចម្រើនជាមួយគ្នា។ ឱកាសការងារដ៏គួរឲ្យទាក់ទាញ ដែលប្រាសាក់កំពុងផ្ដល់ជូនរួមមាន៖ បេឡាធិការ មន្ត្រីឥណទាន មន្ត្រីរដ្ឋបាលកម្ចី បុគ្គលិកផ្នែកសេវាធនាគារ បុគ្គលិកផ្នែកទីផ្សារ បុគ្គលិកផ្នែកហិរញ្ញវត្ថុ បុគ្គលិកផ្នែកសវនកម្ម បុគ្គលិកផ្នែកព័ត៌មានវិទ្យា បុគ្គលិកផ្នែកធនធានមនុស្ស បុគ្គលិកផ្នែកគ្រប់គ្រងហានិភ័យ បុគ្គលិកផ្នែកប្រព័ន្ធធនាគារស្នូល និងតួនាទីជាច្រើនផ្សេងទៀត។
ដូច្នេះ សូមកុំខកខានឱកាសដ៏ល្អនេះ! សូមត្រៀម CV ដោយទាញយកទម្រង់ស្នើសុំបម្រើការងារ តាមរយៈ https://www.prasac.com.kh/kh/careers/online-application-form ដើម្បីដាក់ពាក្យបម្រើការងារ ជាមួយប្រាសាក់ នៅពិព័រណ៍ការងារ និងផលិតភាពជាតិ នៅថ្ងៃទី២៧-២៨ ខែតុលា ឆ្នាំ២០១៨ ខាងមុខនេះ នៅកោះពេជ្រ៕