(ចិន)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានផ្តាំនិស្សិតទាំងអស់ ដែលកំពុងសិក្សានៅប្រទេសចិន ត្រូវសាមគ្គីគ្នាឲ្យបានរឹងមាំ ខិតខំរៀនសូត្រ ដោយគោរពច្បាប់ប្រទេសម្ចាស់ផ្ទះ គោរពវិន័យរបស់សាលា ដើម្បីក្លាយខ្លួនជានិស្សិតពូកែ ពោរពេញដោយកិត្តិយសសម្រាប់និស្សិតខ្មែរ និងសម្រាប់ប្រទេសជាតិខ្មែរ ទាំងមូលផងដែរ។
ការផ្តាំផ្ញើរបស់សម្តេច សាយ ឈុំ បានធ្វើឡើងក្នុងឱកាស អញ្ជើញជួបសំណេះសំណាល ជាមួយសិស្ស និស្សិត ដែលកំពុងសិក្សា រៀនសូត្រ នៅសាធារណរដ្ឋប្រជាមានិតចិន កាលពីព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ អំឡុងពេលសម្តេចបំពេញទស្សនកិច្ច ជាផ្លូវការនៅប្រទេសចិន។
សម្តេចប្រធានព្រឹទ្ធសភា បានបញ្ជាក់យ៉ាងដូច្នេះថា «ប្រទេសជាតិរង់ចាំក្មួយៗរៀនចប់ ទទួលបានសញ្ញាបត្រខ្ពស់ៗ ទៅចូលរួមកសាង និងការពារប្រទេសតាមសមត្ថភាព និងតាមលទ្ធភាពរៀងៗខ្លួន។ ប្រទេសជាតិសង្ឃឹមយ៉ាងមុតមាំលើក្មួយៗទាំងអស់ ដែលជាអ្នកបន្តវេនកសាង និងការពារប្រទេសឲ្យមានការរីកចម្រើន និងរឹងមាំក្លាយជាអរិយៈប្រទេសក្នុងតំបន់ មានភាពស៉ីវីល័យ និងសេចក្ដីស្រលាញ់ មិនមានកើតឡើងវិញសង្គ្រាម អំពើប្រល័យពូជសាសន៍ និងការបែកបាក់ផ្ទៃក្នុងជាតិដូចពីអតីតកាលឡើយ»។
សម្តេចបានជម្រាបអំពីកម្មវិធីដល់សិស្ស និស្សិត ឲ្យដឹងថា គណៈប្រតិភូជាន់ខ្ពស់ព្រឹទ្ធសភានៃកម្ពុជា បានមកបំពេញទស្សនកិច្ចជាផ្លូវការ នៅសាធារណរដ្ឋប្រជាមានិតចិនចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ តាមសេចក្ដីអញ្ជើញរបស់លោក វ៉ាង យ៉ាង ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន។
សម្តេច សាយ ឈុំ បានថ្លែងបន្តថា ស្ថានភាពនយោបាយឆ្នាំ២០១៨ គឺជាឆ្នាំដែលត្រូវបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ត្រឹមត្រូវ និងទៀងទាត់ តាមការកំណត់របស់រដ្ឋធម្មនុញ្ញ។ កម្ពុជារក្សាការពារបានឯករាជ្យភាព អធិបតេយ្យភាព បូរណភាពទឹកដីយ៉ាងល្អ រក្សាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សង្គម បានយ៉ាងរឹងមាំក្នុងគ្រប់ស្ថានភាព និងគ្រប់កាលៈទេសៈទាំងអស់ ព្រមទាំងបន្តអភិវឌ្ឍន៍ប្រទេសយ៉ាងរលូន ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគត្តិបណ្ឌិត របស់សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី។
ជាមួយគ្នានេះ សម្តេចបានប្រាប់និស្សិតបន្ថែមថា ប្រជាជនបានអញ្ជើញទៅបោះឆ្នោតចំនួន ៨៣.០២% នៃចំនួនអ្នកដែលបានចុះឈ្មោះបោះឆ្នោត ហើយបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាចំនួន ៧៦.៨៥%។ គិតតាមរូបមន្តមធ្យមភាគខ្ពស់ ដែលច្បាប់បោះឆ្នោតបានកំណត់ គណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈ១០០% នៅក្នុងរដ្ឋសភា ពោល១២៥លើ១២៥អាសនៈ៕