(ភ្នំពេញ)៖ លោក គង់ វុទ្ធី អនុប្រធានសាខាផែស្ងួតចុងទីភ្នំពេញ នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨នេះ ដឹកនាំមន្រ្តីជំនាញចុះពិនិត្យចំណីអាហារ បន្លែ ផ្លែឈើ និងគ្រឿងបភោគបរិភោគ នៅក្នុងផ្សារចំការដូង សង្កាត់ដង្កោ ខណ្ឌដង្កោ។
លោកអនុប្រធានសាខា និងក្រុមការងារជំនាញ បានចុះជាប់ជាប្រចាំនៅតាមផ្សារក្នុងរាជធានីភ្នំពេញ ដើម្បីណែនាំដល់អាជីវករនៅតាមផ្សារ ឲ្យបានដឹងពីការប៉ះពាល់ ដល់សុខភាពអ្នកបរិភោគ និងធ្វើការផ្សព្វផ្សាយបន្តទៅដល់អ្នកចែកចាយ ពីការប្រើប្រាស់សារធាតុគីមី ដែលទាំងនេះតាមការណែនាំពី ប្រធានប្រតិភូទទួលបន្ទុកអគ្គនាយកដ្ឋានកាំកុងត្រូល និងលោកប្រធានសាខាផែស្ងួតចុងទីភ្នំពេញ រួមទាំងមានការសំណូមពរពីប្រជាពលរដ្ឋ។
លោក គង់ វុទ្ធី បានសំណូមពរដល់អាជីករទាំងអស់ សូមកុំបន្ថែមនូវសារធាតុគីមីដែលហាមឃាត់ ទៅក្នុងបន្លែ ផ្លែឈើ ចំណីអាហារ និងគ្រឿងបរិភោគបរិភោគ ព្រោះសារធាតុទាំងនោះ បង្កហានិភ័យខ្ពស់សុខភាពអ្នកទិញបរិភោគ ម្យ៉ាងវិញទៀត អាចប្រឈមចំពោះមុខច្បាប់ ហើយត្រូវធ្វើការផ្សព្វផ្សាយបន្ត ដល់ម្ចាស់ទីតាំងចែកចាយផងដែរ ដើម្បីចូលរួមធ្វើការទប់ស្កាត់ទាំងអស់គ្នា។
មន្ដ្រីជំនាញរូបនេះ បានបញ្ជាក់បន្ថែមថា ក្នុងកិច្ចប្រតិបត្តិការនៅក្នុងផ្សារចំការដូងនេះ លោក និងមន្រ្តីជំនាញបានយកមុខទំនិញចំនួន៥៤គំរូយកទៅពិនិត្យ ក្នុងរថយន្តពិសោធន៍ភ្លាមៗ ប៉ុន្តែមិនមាននូវសារធាតុអ្វីដែលប៉ះពាល់ ដល់សុខភាពប្រជាពលរដ្ឋនោះទេ ហើយលោកបានសម្តែងនូវក្តីសប្បាយរីករាយជាខ្លាំង ដែលឃើញពីការយល់ដឹងរបស់ពួកគាត់ និងសំណូរឲ្យមានការចូលរួមបែបនេះបន្តទៀត ដើម្បីសុខុមាលភាពប្រជាជនកម្ពុជា។
លោក គង់ វុទ្ធី បន្តថាសកម្មភាពទាំងនេះធ្វើឡើងតាមបទបញ្ជា លោកប្រធានប្រតិភូទទួលបន្ទុកអគ្គនាយកដ្ឋានកាំកុងត្រូល និងលោកប្រធានសាខាផែស្ងួតចុងទីភ្នំពេញ ដែលគិតអំពីសុវត្ថិភាព និងសុខភាពដល់ប្រជាពលរដ្ឋ ហើយសកម្មភាពនេះ គឺបានធ្វើឡើងដូចភ្លៀងរលឹមយ៉ាងដូច្នេះដែរ៕