(កោះកុង)៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលបង្កឡើងដោយរថយន្តម៉ាកហ៊ីយុនដាយដឹកដែក បើកបរចុះចំណោទជាន់ហ្រ្វាំងមិនស៊ីក្រឡាប់ រួចទៅបានបុកម៉ូតូមួយគ្រឿងពេញទំហឹង បណ្តាលឱ្យតៃកុងឡាន និងម្ចាស់ម៉ូតូស្លាប់យ៉ាងអាណោធអាធម និងអ្នករួមដំណើរចំនួន២នាក់ផ្សេងទៀតបាត់ខ្លួន សមត្ថកិច្ចពាក់ព័ន្ធរកពុំទាន់ឃើញ។
បើតាមការអះអាងរបស់សមត្ថកិច្ច ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ កើតឡើងនៅវេលាម៉ោង ៩៖១២នាទី ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨នេះ ស្ថិតនៅចំណុចចំណោទតាតៃក្រោម ចន្លោះគីឡូម៉ែត្រលេខ១៣០-១៣១ ស្ថិតនៅភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង។
នៅមុនពេលកើតហេតុ គេឃើញរថយន្តម៉ាក ហ៊ីយុនដាយ ប្រភេទសន្តោងរ៉ឺម៉ក ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 3B-8695 នឹងរ៉ឺម៉ក ពាក់ផ្លាកលេខ ភ្នំពេញ 4A-1613 ដឹកដែក មានទិសដៅភ្នំពេញ-កោះកុង ធ្វើដំណើរបញ្ច្រាសទិសគ្នា ជាមួយម៉ូតូមួយគ្រឿង ត្រង់ចំណុចផ្លូវកែង ជាន់ហ្វ្រាំងមិនស៊ីបណ្តាលឱ្យក្រឡាប់ឆ្លងចរន្តអគ្គិសនីឆេះក្បាលរថយន្ត និងបានបុកម៉ូតូមួយគ្រឿងកំពុង ធ្វើដំណើរឡើងចំណោទ មានទិសដៅបញ្ជ្រាស់គ្នា ម៉ូតូម៉ាក់ វ៉េវអាលហ្វា ពណ៌ ខ្មៅ-ទឹកមាស គ្មានស្លាកលេខ លេខតួ RLGA304EX -065451 និងលេខម៉ាស៊ីន GA3IE-0232964 បើកបរដោយឈ្មោះ សាន់ សុម៉ានុត ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិដងទង់ ឃុំដងទង់ ស្រុកស្មាច់មានជ័យ ខេត្តកោះកុង ទីលំនៅបច្ចុប្បន្នភូមិ០៤ សង្កាត់ដងទង់ ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង (ស្លាប់) និងរួមដឹណើរចំនួន០២នាក់ទៀត រកពុំទាន់ឃើញនៅឡើយ។
ប្រភពដដែល បានឱ្យដឹងថា តៃកុឡាន មិនទាន់ស្គាល់អត្តសញ្ញាណ ត្រូវបានរថយន្តសង្កត់ពីលើបណ្តាលឱ្យស្លាប់បាត់បងជីវិត និងមិនទាន់យកចេញពីក្រោមរថយន្តនោះទេ។
ក្រោយពេលកើតហេតុ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាតៃក្រោម បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកោះកុង និងកម្លាំងជំនាញ ការិយាល័យពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង ចុះអន្តរាគមន៍ទាន់ពេលពេលវេលា បានបាញ់ទឹកពន្លត់ភ្លើងឆេះរថយន្ត បច្ចុប្បន្ន កម្លាំងកំពុងតែធ្វើការរុករកជនរងគ្រោះដែរបានបាត់ខ្លួន៕