(តាកែវ)៖ នាយឧត្ដមសេនីយ៍ ហ៊ីង ប៊ុនហៀង បានថ្លែងថា បើមិនមានថ្ងៃរំដោះជ័យជម្នះ៧មករា ១៩៧៩ ក៏មិនមានកិច្ចព្រមព្រៀងទីក្រុងបារីស២៣តុលា ហើយប្រទេសកម្ពុជា ក៏គ្មានសុខសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃនេះដែរ។
ការអះអាងរបស់នាយឧត្តមសេនីយ៍ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ ក្នុងឱកាសអញ្ជើញជាតំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា អញ្ជើញកាត់ខ្សែបូសម្ពោធសមិទ្ធផលវត្តតុំ និងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ពុទ្ធបរិស័ទ នៅក្រុងដូនកែវ ខេត្តតាកែវ។
នាយឧត្ដមសេនីយ៍ ហ៊ីង ប៊ុនហៀង បានគូសបញ្ជាក់ថា ម្ដេចតេជោ ហ៊ុន សែន ជាវីរៈជនស្នេហាជាតិបានតស៊ូជម្នះគ្រប់ឧបសគ្គ យកជីវិតធ្វើជាដើមទុន ដើម្បីរំដោះជាតិមាតុភូមិ រួចផុតពីការកាប់សម្លាប់ក្នុងរបបប្រលយ័ពូជសាសន៍ ប៉ុល ពត ហើយសម្ដេចជាស្ថាបនិក នៃកិច្ចព្រមព្រៀងទីក្រុងបារីស២៣តុលា ហើយដោយសារនយោបាយឈ្នះឈ្នះ បានបញ្ចប់សង្គ្រាមផ្ទៃក្នុងទាំងស្រុងនៅទូទាំងប្រទេស និងបានដឹកនាំនាវាកម្ពុជា ឆ្ពោះទៅរកត្រើយសុខសន្តិភាព នាំមកលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សការបោះឆ្នោតត្រឹមត្រូវ និងការអភិវឌ្ឍដូចសព្វថ្ងៃ។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងដឹងគុណចំពោះប្រជាពលរដ្ឋ និងក្រុមការងារចុះជួយមូលដ្ឋានទាំងអស់ បានបំពេញការងារបានល្អជូនគណបក្ និងបានទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដ៏ច្រើនលើសលុប ធ្វើឲ្យគណបក្សបានទទួលជ័យជម្នះ យ៉ាងត្រចះត្រចង់។ ជ័យជម្នះនេះបានបង្ហាញឲ្យឃើញថា ប្រជាជនកម្ពុជា មានការជឿជាក់យ៉ាងមុតមាំលើការដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សតែមួយគត់ បានរួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈក្នុងរយៈពេលជិត៤០ឆ្នាំកន្លងមកនេះ។
បន្ថែមពីនេះ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បានជម្រាបជូនពីបេសកម្មថ្មីៗនេះរបស់ សម្ដេចតេជោ ហ៊ុន សែន រយៈពេលជាងមួយសប្តាហ៍ក្នុងបីប្រទេស គឺទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្ស៊ិក ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) លើកទី១២ ការបំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងអីស្តានប៊ុល ប្រទេសតួកគី និងចូលរួមកិច្ចប្រជុំកំពូលអ្នកដឹកនាំសាកលលើកទី១ នៅក្រុងហ្សឺណែវ ប្រទេសស្វីស ដែលបានបញ្ចប់ទៅប្រកបដោយលទ្ធផលផ្លែផ្កា និងជោគជ័យយ៉ាងធំធេងសម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជា។
បេសកម្មការទូតនៅឆាកអន្តរជាតិរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យកម្ពុជាកាន់តែមានតួនាទីកាន់តែខ្លាំង ទាំងកម្រិតទ្វេភាគី តំបន់ និងពិភពលោក ហើយទស្សនកិច្ចនេះ បានទទួលផលជាច្រើនសម្រាប់ជាតិ លើឆាកអន្តរជាតិ ពិសេសការទទួលស្គាល់រដ្ឋាភិបាល កម្ពុជាជារដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត ពីឆន្ទៈរបស់ប្រជាពលរដ្ឋ ការជំរុញ ការគៀងគរវិនិយោគមកកម្ពុជា និងការពង្រីក តួនាទីរបស់កម្ពុជា ដ៏សំខាន់នៅលើឆាកអន្តរជាតិ។
ក្នុងរដូវនៃបុណ្យកឋិនទាន នាយឧត្ដមសេនីយ៍ ហ៊ីង ប៊ុនហៀង និងលោកស្រី បានផ្ដួចផ្ដើមធ្វើបុណ្យកឋិនទានដង្ហែទៅ៥វត្ត មានវត្តតុំស្ថិត នៅខេត្តតាកែវ, វត្តត្រពាំងវែង ស្ថិតនៅខេត្តកំពង់ស្ពឺ, វត្តវិហារត្រាញ់ ក្រពើហារ និងវត្តអង្គជុំភ្នំចចក ស្ថិតនៅខេត្តកណ្ដាល ព្រមទាំងបាននាំបច្ច័យរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគេនវត្តបច្ច័យសង្កត់ត្រ័យ៨០លានរៀល សម្រាប់បន្តកសាងសមិទ្ធផលនានា ក្នុងវត្តដោយឡែកវត្តតុំ ប្រគេនបច្ច័យ១០០លានរៀល ព្រមទាំងបានចែកក្រណាត់ស និងថវិកាជូនយាយជីតាជី គណកម្មការវត្ត ក្រុមយុវជនកាកបាទក្រហម កាយរិទ្ធ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ក្រុមប្រឹក្សាសង្កាត់ កម្លាំងសមត្ថកិច្ចផងដែរ៕