(ថៃ)៖ គេបានឃើញនូវការកើនឡើងយ៉ាងខ្លាំង នៃការវិនិយោគរបស់ចិន ក្នុងអំឡុងពេល៤ឆ្នាំកន្លងមកនេះ នៅទីក្រុងឈាងម៉ៃភាគខាងជើងនៃប្រទេសថៃ ដោយហេតុថា ទីក្រុងនេះបានក្លាយជាកន្លែងទេសចរដ៏គួរឱ្យទាក់ទាញ សម្រាប់ភ្ញៀវទេសចរចិន។
ទីក្រុងនេះបានក្លាយទៅជាទីក្រុង ដែលមានប្រជាប្រិយភាពខ្លាំង នៅលើវិស័យទេសចរណ៍ បន្ទាប់ពីបានបង្ហាញខ្លួន នៅក្នុងខ្សែរភាពយន្តបែបកំប្លែងរបស់ចិន ដ៏ល្បីល្បាញមួយ។
បច្ចុប្បន្នមួយភាគធំនៃអ្នក ដែលមកកំសាន្តក្រុងឈាងម៉ៃ បានសំរេចចិត្តថា នឹងមករស់នៅ និងវិនិយោគនៅទីក្រុងនេះតែម្ដង ស្របពេលដែលពួកគេអាចរស់នៅក្នុងស្ថានភាពជីវិតមួយ ដែលធូរស្រាល។
គេប៉ាន់ប្រមាណថា មានអ្នកទេសចរចិនរាប់លាននាក់ ដែលមកលេងប្រទេសថៃជារៀងរាល់ឆ្នាំ។ ហើយអ្នកទេសចរចិនជាច្រើននាក់ និយមមកកំសាន្តនៅឈាងម៉ៃ ជាជាងទៅលេងតំបន់ឆ្នេរសមុទ្រដែលមានមនុស្សកកកុញ។
កត្តានេះហើយដែលបានជំរុញឲ្យ លោក វ៉ាង ឡីហ្វឹង (Wang Leifeng) នាំយកគ្រួសារ និងប្រាក់សន្សំរបស់គាត់ មករស់នៅក្រុង ឈាងម៉ៃ កាលពី៣ឆ្នាំមុន ហើយក៏បើកអាជីវកម្មនៅទីនេះតែម្តង។
បច្ចុប្បន្ននេះ គាត់បើកកន្លែងស្នាក់នៅមួយសម្រាប់ភ្ញៀវទេសចរចិនវ័យចំណាស់ ដែលចង់ស្នាក់នៅឈាងម៉ៃ រយៈពេលយូរ។ ហើយក្រុមគ្រួសាររបស់វ៉ាង ក៏បានរកឃើញផ្ទះដ៏គួរឱ្យចង់រស់នៅមួយ នៅក្នុងទីក្រុងនេះ ដោយផ្ទះនោះ ស្ថិតនៅក្បែរសាលារៀនលំដាប់អន្ដរជាតិ និងព្រលានយន្តហោះទៀតផង។
លោក វ៉ាង ឡីហ្វឹង ម្ចាស់ក្រុមហ៊ុនផ្តល់សេវាស្នាក់នៅថៃចិន និយាយថា «ទាក់ទងនឹងវិស័យសេវាកម្ម ខ្ញុំគិតថា ក្រុងឈាងម៉ៃ គឺជាកន្លែងដែលសាកសមសម្រាប់ឱ្យយើងវិនិយោគ។ វាមានអាកាសធាតុល្អ មានបរិយាកាសសង្គមដ៏មានសុវត្ថិភាព ហើយទំនិញផ្សេងៗ ក៏ធូរថ្លៃដែរ»។
យោងតាមអាជ្ញាធរទេសចរណ៍ថៃបានឱ្យដឹងថា ចំនួនភ្ញៀវទេសចរមកពីប្រទេសចិន បានកើនឡើងជាង៦០ភាគរយ ក្រោយពីគេឃើញក្រុងឈៀងម៉ៃ នៅក្នុងខ្សែភាពយន្ត រឿង «Lost in Thailand»ក្នុងឆ្នាំ ២០១២។
ទីក្រុងនេះ បានរ៉ាប់រងបានយ៉ាងល្អ និងយ៉ាងឆាប់រហ័ស លើការផ្តល់កន្លែងស្នាក់នៅ សម្រាប់ភ្ញៀវទេសចរចិន ដែលមានចំនួនកាន់តែច្រើនឡើងៗ។ ប៉ុន្តែក៏មានភ្ញៀវទេសចរចិនជាច្រើននាក់ទៀតដែរ ដែលចង់ស្នាក់នៅទីនេះតែម្តង ដោយសារពួកគេយល់ថា ជីវិតរស់នៅ ក្នុងទីក្រុងឈៀងម៉ៃ មានលក្ខណៈធូរស្រាលជាង បើប្រៀបធៀបទៅនឹងជីវិតនៅប្រទេសចិន។
អ្នកជំនួញជនជាតិចិនឈ្មោះ ប៊ីល ឡូវ (Bill Lou) និងដៃគូជំនួញជនជាតិថៃរបស់គាត់គឺ លោក និវត្ត (Niwat) កំពុងស្វះស្វែងបណ្តាក់ទុន ទៅក្នុងវិស័យអចលនទ្រព្យនៅទីនេះ។ លោកទាំងពីរ មានជំនាញផ្សេងៗគ្នា ដែលអាចជួយយឹតយោងគ្នា ទៅវិញទៅមកបាន។
លោក ប៊ីល ឡូវ អ្នកជំនួញជនជាតិចិន និយាយថា «ខ្ញុំអាចធ្វើជាអ្នកសម្របសម្រួលសម្រាប់ភាគីចិន ពីព្រោះខ្ញុំដឹងពីទីផ្សារចិន។ ហើយជាការពិតណាស់ ដៃគូរបស់ខ្ញុំស្គាល់ទីផ្សារក្នុងស្រុក និងរដ្ឋាភិបាលថៃច្បាស់ជាងខ្ញុំ។ ពួកយើងម្នាក់ៗមានសម្ថភាពផ្សេងៗគ្នា ដូច្នេះយើងអាចសហការគ្នាបានយ៉ាងរីករាយ»។
ប៉ុន្តែដៃគូរបស់គាត់សម្លឹងឃើញអនុភាពមួយផ្សេងទៀត។ នៅពេលណាដែលពាណិជ្ជករចិន ត្រូវការធ្វើអ្វីមួយដោយប្រញាប់ អ្នកជំនួញថៃដែលដៃគូ ក៏ព្យាយាមថ្លឹងថ្លែងការងារនោះឱ្យមានតុល្យភាពវិញ។
លោក និវត្ត សិរសាន អ្នកជំនួញជនជាតិថៃ និយាយថា «នៅពេលដែលអ្នកជំនួញចិនត្រូវការប្រញាប់ ពួកយើងព្យាយាមសម្រួលអារម្មណ៍របស់ពួកគេសិន ដើម្បីកុំឱ្យមានបញ្ហាលើការងាររកស៊ី។ មានរឿងខ្លះដែលយើងអាចធ្វើបានលឿន ហើយមានរឿងខ្លះដែលតម្រូវឱ្យយើងធ្វើវាសន្សឹមៗ»។
ប្រជាជនខ្លះនៅឈាងម៉ៃ បារម្ភថាអ្នកជំនួញចិន កំពុងធ្វើឱ្យអ្នកជំនួញក្នុងស្រុក ពិបាករកស៊ី។ ប៉ុន្តែសាស្ត្រាចារ្យម្នាក់ និយាយថា ការពិតទៅ រលកនៃការវិនិយោគនេះ បានជួយលើកស្ទួយដល់លំហូរសេដ្ឋកិច្ចរបស់ឈាងម៉ៃទៅវិញទេ។
លោក នុតថាខន វិធីថានុន សាស្ត្រាចារ្យច្បាប់ នៅសាកលវិទ្យាល័យ មេហ្វ៉ាលួង និយាយថា «ទីផ្សារអចលនទ្រព្យនៅឈាងម៉ៃ បានស្ថិតក្នុងស្ថានភាពដ៏គ្រោះថ្នាក់មួយ ដែលស្ទើរតែដួលទៅហើយ កាលពីមុន។ ប៉ុន្តែនៅពេលដែលឈៀងម៉ៃ ក្លាយជាកន្លែងទេសចរ ដ៏ពេញនិយមសម្រាប់ប្រជាជនចិន ទីផ្សារនេះក៏ត្រលប់មកមានលំនឹងឡើងវិញ និងបានរីកចម្រើន ជាងអ្វីដែលយើងរំពឹងទុកទៅទៀត»៕ (សារព័ត៌មាន CCTV របស់ចិន)