(សៀមរាប)៖ នាយឧត្តមសេនីយ៍​ មាស​ សុភា​ ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការមីន​ គ្រាប់មិនទាន់ផ្ទុះ​ និងការងារវិស្វកម្ម​កងយោធពលខេមរភូមិន្ទ​ បានអះអាងថា អង្គភាពស៊ីម៉ាក់ នៅពេលខាងមុខនឹងរៀបចំវិទ្យាស្ថានដោះមីនកម្រិតជាតិមួយ ដើម្បីផ្ទេរចំណេះដឹងទាំងអស់ដែលធ្លាប់មានពីមុនមក ទៅអ្នកជំនាន់ក្រោយ។

ការថ្លែងបែបនេះរបស់ទេសរដ្ឋមន្ដ្រី មាស សុភា ធ្វើឡើងនៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨នេះ ខណៈដែលលោក អមដំណើរដោយ​លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ ​និងមន្ត្រីជាច្រើនរូបទៀត ចុះជួបសំណេះសំណាលសួរសុខទុក្ខ ជាមួយមន្ត្រី បុគ្គលិករបស់កងឯកភាពកំចាត់មីនទី៤ ដែលកំពុងធ្វើសកម្មភាពរុករកមីននៅខេត្តសៀមរាប។

លោកទេសរដ្ឋមន្ត្រី មាស សុភា ក៏បាន​ថ្លែងនូវការកោតសរសើរដល់បុគ្គលិក និងមន្ត្រីទាំងអស់ នៃកងកម្លាំងស៊ីម៉ាក់ ក្នុងកងឯកភាពកំចាត់មីនទី៤ទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចបានយ៉ាងល្អប្រសើរដោយបានឆ្លងកាត់ឧបសគ្គជាច្រើន​ ដោយពុំខ្លាចនឿយហត់។​​

បើតាមការឲ្យដឹងពី លោកប្រធានកងឯកភាពកំចាត់មីនទី៤ ខេត្តសៀមរាប បានបញ្ជាក់ថា កងឯកភាពកំចាត់មីនទី៤​ កំពុងគ្រប់គ្រងសត្វកណ្តុរហិតមីន ចំនួន២២ក្បាល ដែលកំពុងប្រតិបត្តិការរុករកគ្រាប់មីននៅក្នុងតំបន់គ្រប់គ្រង និងក៏មានប្រើម៉ាស៊ីនរុករកទំនើបរបស់ប្រទេសជប៉ុនផងដែរ។

លោកបន្តថា នៅក្នុងខែវិច្ឆិកា ឬខែធ្នូឆ្នាំ២០១៨ខាងមុខនេះ កងភាពនឹងពង្រាយសត្វកណ្តុរហិតរុករកគ្រាប់មីននេះ ទៅកាន់ខេត្តព្រះវិហារ ដើម្បីជាជំនួយដល់កងកម្លាំងស៊ីម៉ាក់នៅខេត្តនោះ ក្នុងការធ្វើសកម្មាពបោសសំអាតគ្រាប់មីន ដែលកប់នៅក្នុងដីជាបន្តទៀត៕​