(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទៅដល់ក្រុងហ្សឺណែវ ប្រទេសស្វីស នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨នេះ ​ដើម្បីចូលរួម​ «សន្និសីទអង្គការសហប្រជាជាតិ ស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ នៃវេទិកាវិនិយោគពិភពលោក ឆ្នាំ២០១៨» រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី​២២ ដល់ទី២៤ ខែតុលា ឆ្នាំ​២០១៨ ក្រោមមូលបទរួម «ការវិនិយោគលើការអភិវឌ្ឍប្រកបដោយចីរភាព»

នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូកម្ពុជា បានអញ្ជើញស្នាក់នៅ សណ្ឋាគារ ហ្គ្រេនខេមភិនស្គី។

 

ខណៈមានវត្តមាននៅប្រទេសអឺរ៉ុបមួយនេះ សម្តេចតេជោ ហ៊ុន សែន បានជួបពិភាក្សាទ្វេភាគីជាមួយ លោក ហ្រ្វានស៊ីស ហ្គារី (Francis Gurry) អគ្គនាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក។ នៅក្នុងជំនួបនោះ សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ជួយកម្ពុជាក្នុងការកសាងម៉ាកយីហោរ ដើម្បីឲ្យផលិតផលរបស់កម្ពុជា មានការទទួលស្គាល់ជាអន្តរជាតិ។ សម្តេចបន្តថា កម្ពុជា គឺជាប្រទេសទី១ ដែលគោរពនូវអ្វីដែលជារបបនៃកម្មសិទ្ធបញ្ញា។ សម្តេចតេជោបន្តថា អង្គការកម្មសិទ្ធិបញ្ញាអន្តរជាតិ អាចជួយដល់ប្រទេសកម្ពុជា ដើម្បីឲ្យកម្ពុជាបំពេញ នូវកាតព្វកិច្ចរបស់ខ្លួនតាមឆន្ទៈដែលខ្លួនមាន។

 

 

បន្ទាប់ពីនេះ នៅព្រឹកថ្ងៃទី២២ ខែតុលា ដដែលនោះ សម្តេចតេជោ ហ៊ុន សែន បានបន្តជួបពិភាក្សាទ្វេភាគីជាមួយនាយកប្រតិបត្តិមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ គឺលោកស្រី អារ៉ាន់ឆា ហ្គ្យុងហ្សាឡែស។ សម្តេចមានប្រសាសន៍ថា សម្តេចពិតជាមានការសប្បាយរីករាយ ដោយបានជួបពិភាក្សាការងារជាថ្មីម្តងទៀត ជាមួយលោកស្រី បន្ទាប់បីជំនួបលើកទី១ ក្នុងប្រទេសកម្ពុជា។ ឆ្លើយតបទៅនឹងប្រសាសន៍លើកឡើងរបស់សម្តេចតេជោ លោកស្រី អារ៉ាឆា មានថ្លែងថា កន្លងមកលោកស្រីធ្លាប់បានធ្វើ នូវកិច្ចការជាច្រើនជាមួយនឹងប្រទេសកម្ពុជា ពិសេសជាមួយនឹងក្រសួងពាណិជ្ជកម្ម។លោកស្រីបន្តថា កម្ពុជាពិតជាមានសមត្ថភាពជាច្រើន ក្នុងការកសាង និងពង្រីកនូវសក្តានុពលរបស់កម្ពុជា ដើម្បីធ្វើឲ្យកម្ពុជាកាន់តែមានការប្រកួតប្រជែង ប្រកបដោយភាពរឹងមាំ ពិសេសការជួយដល់សហគ្រាសធុនតូច និងមធ្យម ដែលធ្វើឲ្យពាណិជ្ជកម្មកាន់តែមានភាពរឹងមាំ។

 

 

រហូតដល់រសៀល ថ្ងៃដដែលនេះ សម្តេចតេជោ ហ៊ុន សែន បានបន្តជួបជាមួយ លោក រ៉ូបេតូ កាវ៉ាហូ អាសេវ៉េដូ (Robeto Cavatho Azevedo) អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក (WTO)។ នៅក្នុងជំនួបនោះ អគ្គនាយកអង្គការ WTO បានសរសើរភាពឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន ដែលចេះចាប់យក WTO ហើយទទួលបានជំនួយបច្ចេកទេសជិត៨លានដុល្លារ និងសន្យាផ្តល់ជំនួយថែមទៀត។ សម្តេចតេជោបន្តថា កម្ពុជាបានចូលជាសមាជិករបស់ WTO រយៈពេល១៤ឆ្នាំរួចមកហើយ ក្នុងរយៈពេលនេះ សម្តេចសូមអរគុណចំពោះ WTO សម្រាប់កិច្ចសហប្រតិបត្តិការទាំងអស់ ដែលបានផ្តល់ជូនដល់ប្រទេសកម្ពុជា។ កន្លងមកកម្ពុជាបានដើរតួនាទីជាប្រទេសសម្របសម្រួលកាលពីឆ្នាំ២០១៧ ហើយនៅឆ្នាំ២០១៨ ដល់ឆ្នាំ២០២០ កម្ពុជាស្ថិតនៅក្នុងយន្តការត្រីភាគី នៃក្របខណ្ឌនៃ WTO ដោយសង្ឃឹមថា កម្ពុជានឹងបន្តទទួលបាននូវជំនួយពី WTO។

 

 

បន្តមកទៀត សម្តេចតេជោ ហ៊ុន សែន បានជួបពិភាក្សាទ្វេភាគី​ជាមួយ ឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស។ នៅក្នុងជំនួបនោះ សម្តេចតេជោ ហ៊ុន សែន បានស្នើដល់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ឲ្យមានកិច្ចសហការលើបញ្ហាសិទ្ធិមនុស្សរវាង UN និងកម្ពុជា មុននឹងវាយតម្លៃពីសិទ្ធិមនុស្សកម្ពុជា ទាំងមិនបានសហការជាមួយគ្នា និងមិនបាននិយាយជាមួយគ្នាជាមុន។ លោកស្រី មីសែល បាសែឡែត ឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធមនុស្ស បានលើកឡើងថា ការិយាល័យរបស់ឧត្តមស្នងការសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា គឺជាការិយាល័យដែលមានវ័យចំណាស់ជាងគេ។ តាមរយៈលោកស្រី សូមអរគុណជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ពិសេសសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានបន្តអាណត្តិការិយាល័យរបស់ខ្លួន រយៈពេល២ឆ្នាំ ក្នុងប្រទេសកម្ពុជា។ ក្រោយជំនួបនោះ ក៏មានពិធីចុះហត្ថលេខា លើអនុស្សារណៈយោគយល់គ្នា ដោយឧបនាយករដ្ឋមន្ត្រី ប្រាក់​ សុខុន និងលោកស្រី មីសែល បាសែឡែតផងដែរ។

 

រហូតដល់ព្រឹក ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញចេញដំណើរពីសណ្ឋាគារ គ្រេនខេមភិនស្គី ឆ្ពោះទៅកាន់វិមាន ប៉ាលេ ដេណាស្យុង។ សម្តេចតេជោ ហ៊ុន សែន ក៏បានជួបពិភាក្សាទ្វេភាគីជាមួយ លោកបណ្ឌិត ម៉ុឃីសា គីទុយី (Mukhisa Kituyi) អគ្គលេខាធិការ នៃសន្និសីទអង្គការសហប្រជាជាតិ (UN) ស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ។ ក្នុងជំនួបនោះ លោកអគ្គលេខាធិការ បានសន្យានៅចំពោះមុខសម្តេចតេជោ ហ៊ុន សែន នឹងជួយដល់កម្ពុជា ដើម្បីឲ្យទទួលបាននូវការប្រកួតប្រជែងខ្ពស់ថែមទៀត លើឆាកអន្តរជាតិ ពិសេសទៅលើការនាំចេញកង់ និងផលិតផលផ្សេងៗទៀត។ ជាការឆ្លើយ សម្តេចតេជោនាយករដ្ឋមន្រ្តី មានប្រសាសន៍ស្វាគមន៍ចំពោះ លោកអគ្គលេខាធិការនៃសន្និសីទអង្គការសហប្រជាជាតិ ដែលបានសន្យាបន្តគាំទ្រដល់ប្រទេសកម្ពុជា ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។

 

 

បន្ទាប់ពីនេះ សម្ដេចតេជោ ហ៊ុន សែន បានចូលរួមក្នុងកិច្ចប្រជុំកំពូលអ្នកដឹកនាំសាកលលើកទី១ ក្រោមប្រធានបទ «កិច្ចវិនិយោគនៅក្នុងយុគសម័យថ្មី នៃសាកលភាវូបនីយកម្ម នាទីក្រុងហ្សឺណែវ ប្រទេសស្វីស បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូល អ្នកដឹកនាំវិនិយោគសាកល នៃវេទិកាវិនិយោគពិភពលោក ឆ្នាំ២០១៨ ក្រោមប្រធានបទ៖ «ទស្សនវិស័យវិនិយោគរបស់កម្ពុជា ក្នុងយុគសម័យសាកលភាវូបនីយកម្ម»។ ក្នុងវេទិកានោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងបង្ហាញពីសក្តានុពល នៃការវិនិយោគរបស់ ជូនដល់បណ្តាមេដឹកនាំ និងអ្នកវិនិយោគមកពីប្រទេសនានាជុំវិញពិភពលោក។

 

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើឲ្យប្រមុខដឹកនាំទាំងអស់សំដែងសុឆន្ទៈ និងការទទួលខុសត្រូវខ្ពស់ ដើម្បីឆ្លើយតបចំពោះបញ្ហាប្រឈមសកល ដែលកំពុងកើតមានឡើងនៅពេលបច្ចុប្បន្ននេះ ដើម្បីរក្សាបាននូវបរិយាកាសវិនិយោគ និងស្ថិរភាពភូមិសាស្ត្រនយោបាយ ក៏ដូចជា បង្កើនការទុកចិត្ត ក្នុងវិស័យហិរញ្ញវត្ថុ និងវិស័យឧស្សាហកម្ម។

នៅក្រោយបញ្ចប់កិច្ចប្រជុំកំពូលអ្នកដឹកនាំសាកលលើកទី១នេះ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមអាហារថ្ងៃត្រង់ សម្រាប់ថ្នាក់ដឹកនាំ ជាមួយក្រុមប្រឹក្សាផ្ដល់យោបល់លើការវិនិយោគ។

លុះដល់ល្ងាច ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ សម្តេចតេជោ បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែររស់នៅទ្វីបអឺរ៉ុប ប្រមាណជាង៩០០នាក់ នៅប្រទេសស្វីស នាព្រលប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨នេះ។ នៅក្នុងជំនួបសំណេះសំណាលនោះ សម្តេចតជោ ហ៊ុន សែ៊ន បានលើកឡើងនូវចំណុចសំខាន់ៗមួយចំនួន។

 

ថ្លែងចេញពីទីក្រុងហ្សឺណែវ ប្រទេសស្វីស នៅចំពោះមុខប្រជាពលរដ្ឋខ្មែរជិត១ពាន់នាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រាប់ជាថ្មីម្តងទៀតដល់សហគមន៍អឺរ៉ុប សូមកុំប្រព្រឹត្តកំហុងលើកទី៣ មកលើប្រទេសកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ប្រាប់ប្រជាពលរដ្ឋខ្មែរ កុំឲ្យបារម្ភពីកំណើននៃជនជាតិចិននៅកម្ពុជា ពិសេសនៅខេត្តព្រះសីហនុ ព្រោះថា ពួកគេមកច្រើនដោយសារកម្ពុជាខ្វះកម្មករជំនាញ ដែលកម្មកររបស់កម្ពុជា មិនទាន់អាចឆ្លើយតបនឹងតម្រូវការ វិស័យសំណង់ដ៏សន្ធឹកសន្ធប់របស់វិនិយោគិនចិន។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបាននាំមកនូវសន្តិភាពជូនជាតិមាតុភូមិដល់សព្វថ្ងៃបានប្រកាសថែរក្សាការពាររបបរាជានិយមមិនឱ្យបាត់បង់។ សម្តេចតេជោ បានថែមទាំងបានប្រើនូវពាក្យធ្ងន់ៗថា បើសិនជានរណាម្នាក់ចង់បំផ្លាញរាជានិយមនៅក្នុងប្រទេសកម្ពុជានោះ ត្រូវតែរំលងសពសម្តេចជាមុនសិន។

សម្តេចតេជោ ហ៊ុន សែន បានឆ្លើយតបចំពោះការការវាយប្រហារថា សម្តេចរុញកូនប្រុស គឺ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ឱ្យបន្តធ្វើជានាយករដ្ឋមន្រ្តី។ សម្តេចបានលើកឡើងថា «បើកូនប្រុសខ្ញុំមានសមត្ថភាពជាប់ឆ្នោតធ្វើជានាយករដ្ឋមន្រ្តី គួរឱ្យគេធ្វើទៅ»។ ប៉ុន្តែសម្តេចបានចោទសួរទៅវិញថា «បើសម្តេចធ្វើនាយករដ្ឋមន្រ្តីហើយ តើកូនមកដណ្តើមតំណែងនេះធ្វើអ្វី?»

សម្តេចតេជោ ហ៊ុន សែន នឹងគណៈប្រតិភូ បានចាកចេញដំណើរពីទីក្រុងហ្សឺណែវ នៅម៉ោងជាង២រសៀលម៉ោងនៅប្រទសស្វីស ត្រូវនឹងម៉ោងជាង៧យប់នៅកម្ពុជា ហើយបានមកដល់ប្រទេសកម្ពុជាវិញ នៅម៉ោងប្រមាណជាង៦៖១៥នាទីព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ បន្ទាប់ពីបំពេញបេសកកម្មទទួលបានជោគជ័យយ៉ាងធំធេងលើឆាកអន្តរជាតិ អស់រយៈពេល៩ថ្ងៃ ចាប់ពីថ្ងៃទី១៧ រហូតដល់ ថ្ងៃទី២៥ ខែតុលានេះ៕