(ភ្នំពេញ)៖ កម្មវិធីប្រណាំងកង់ភ្នំកម្ពុជា ឆ្នាំ២០១៨ ជុំទី៤ ដែលនឹងកើតឡើងនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅភ្នំប្រសិទ្ធ ខេត្តកណ្តាលខាងមុខនេះ ដែលនាំមកជូនដោយភេសជ្ជៈប៉ូវកម្លាំង វើក (Wurkz) និងទឹកបរិសុទ្ធកម្ពុជា (Cambodia Water) មានការរៀបចំ និង គាំទ្រផ្នែកបច្ចេកទេស ដោយសហព័ន្ធទោចក្រយាន្តកម្ពុជា នឹងបិទការចុះឈ្មោះនៅត្រឹមថ្ងៃទី២ ខែវិច្ឆកា ខាងមុខនេះហើយ។
ទីតាំងចុះឈ្មោះ នៅហាងកង់ Flying Bike 2 អាស័យដ្ឋានលើដងវិថី ប៉ាស្ទ័រ ម្តុំក្រោយវិទ្យាល័យស៊ីសុវត្ថិ។ ដូច្នេះនេះជាព័ត៌មាន សម្រាប់អ្នកស្នេហាវិស័យប្រណាំងកង់ រួសរាន់ចុះឈ្មោះចូលរួមការប្រកួតនេះ ហើយសម្រាប់ព័ត៌មានបន្ថែម និងការចុះឈ្មោះសូមទំនាក់ទំនង ០១៦ ៩៩៩ ១៦១។
កម្មវីធីប្រណាំងកង់ភ្នំកម្ពុជា ជារៀងរាល់ឆ្នាំគឺមាន៥លើក នៅទីតាំងខុសៗគ្នា ដោយលើកទី១ កើតឡើងនៅព្រែកលាប, លើកទី២ នៅខេត្តកែប, លើកទី៣ នៅខេត្តកំពង់ស្ពឺ ហើយលើកទី៤នេះ គឺភ្នំប្រសិទ្ធិ និង លើកចុងក្រោយនៅរម្មណីយដ្ឋានគិរីរម្យ ខេត្តកំពង់ស្ពឺ។ ដោយឡែកប្រភេទចម្ងាយ សម្រាប់ការប្រណាំងនេះ គឺរួមមាន៖ A1: 5 ជុំ (17.5km), A2: 4ជុំ (14Km), B1: 4ជុំ(14km), B2: 3ជុំ (10.5km), C1: 3 ជុំ (12km), C2: 3ជុំ(12km), C3: 2 ជុំ(8km), Master: 2 ជុំ (8km), ស្រ្តី 2 ជុំ (8km), Kids: 4 ជុំ (2km)។
លោក វង្ស ខាន់ពៅ អគ្គលេខាធិការសហព័ន្ធទោចក្រយាន្តកម្ពុជា បានថ្លែងថា «កម្មវិធីប្រណាំងកង់ភ្នំកម្ពុជានេះ គឺរៀបចំឡើងដើម្បីពង្រឹងសមត្ថភាពកីឡាករជម្រើសជាតិទោចក្រយាន្តកម្ពុជា ក៏ដូចជាអ្នកស្នេហាវិស័យ ជិះកង់ឲ្យកាន់តែខ្លាំងឡើងបន្ថែមទៀត សម្រាប់ការប្រកួតអន្តរជាតិ នៅតាមបណ្តាលប្រទេសជិតខាង និង នៅលើឆាកអន្តរជាតិ ក្នុងគោលបំណងលើកមុខមាត់វិស័យកីឡារបស់កម្ពុជា ឲ្យគេស្គាល់កាន់តែច្រើនឡើង»។
លោក លាង ពៅ (ភីធើរ) អគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែរវើរីជីស ហើយក៏ជាអ្នកស្រឡាញ់វិស័យជិះកង់ដ៏ខ្លាំងម្នាក់ បានថ្លែងផងដែរថា «ក្រៅពីគោលបំណងស្រប ជាមួយសហព័ន្ធទោចក្រយាន្តខាងលើ កម្មវីធីនេះ យើងនាំមក ជូនក្នុងគោលបំណងបន្ថែម គឺសម្រាប់ជំរុញឲ្យយុវជន និង យុវនារីកម្ពុជាចូលរួមរីករាយ ជាមួយសកម្មភាពកីឡា ដើម្បីសុខភាពរឹងមាំ នៅឆ្ងាយពីគ្រឿងញៀន ហើយស្វែងយល់អំពី សក្តានុពលនៃកម្លាំងកាយរបស់ពួកគេ ហើយវាក៏ជាកម្មវិធីមួយ ដែលនាំមកនូវភាពសប្បាយផ្ទាល់ខ្លួន ក៏ដូចជា ជាមួយមិត្តភក្តិ និង ក្រុមគ្រួសារផងដែរ ព្រោះកម្មវិធីនេះ ក៏មានប្រភេទចម្ងាយសម្រាប់កុមារដែរ»។
លោកបានបន្ថែមទៀតថា «ខ្ញុំសូមលើកទឹកចិត្ត ឲ្យសាធារណៈជនចូលរួមកម្មវីធីប្រណាំងកង់នេះទាំងអស់គ្នា ហើយសង្ឃឹមថា អ្នកចូលរួមទាំងអស់គ្នា នឹងទទួលបាននូវភាពរីករាយពីកម្មវិធីនេះ»។
សូមជម្រាបថា ខ្មែរ ប៊ែវើរីជីស (Khmer Beverages) ជាក្រុមហ៊ុនវិនិយោគដោយកូនខ្មែរ ១០០% ហើយក៏ជាក្រុមហ៊ុនបុត្រសម្ព័ន្ធក្រុមហ៊ុន ជីប ម៉ុង ដោយផលិតស្រាបៀរកម្ពុជា ស្រាបៀរស្តោត (Barrley Black) ស្រាបៀរគូដូ (Kudo) ទឹកក្រូច អាយស៍ (IZE) ទឹកផ្លែឈើជូប (Joop) ភេសជ្ជៈប៉ូវកម្លាំងវើក (Wurkz) និងទឹកសុទ្ធកម្ពុជា (Cambodia Water)៕