(ភ្នំពេញ)៖ គណៈអភិបាលខណ្ឌពោធិ៍សែនជ័យ ព្រមទាំងមន្រ្តីរាជការជុំវិញសាលាខណ្ឌ សង្កាត់ទាំង១៣ និងសប្បុរសជនក្នុងមូលដ្ឋានជាច្រើនទៀត បានមូលមតិគ្នា ប្រារព្ធពិធីបុណ្យកឋិនទានរស្មីមហាសាមគ្គី នៅបរិវេណសាលាខណ្ឌពោធិ៍សែនជ័យ ប្រមូលបច្ច័យវេប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា អស់កាលត្រីមាស វត្តចំនួន២៨ទូទាំងខណ្ឌពោធិ៍សែនជ័យ ដើម្បីរួមចំណែកកសាងសមិទ្ធផលនានា ក្នុងទីអារាមទាំងអស់ឲ្យមានភាពរីកចម្រើន។
សម្រាប់ថ្ងៃដំបូង នៃកម្មវិធីបុណ្យកឋិនទានរស្មីមហាសាមគ្គីនេះ បានដង្ហែរទៅប្រគេនព្រះសង្ឃ ចំនួន៦វត្ត ក្នុងនោះមាន៖ វត្តត្រពាំឈូក សង្កាត់សំរោងក្រោម, វត្តពោធិវ័ន សង្កាត់ស្នោរ, វត្តទួលសុភាឃួន សង្កាត់ចោមចៅទី៣, វត្តព្រៃស្ពឺ សង្កាត់ចោមចៅទី២, វត្តកំបូល និងវត្តអង្គបឹងចក សង្កាត់កំបូល ដែលវត្តនីមួយៗ ក្រៅពីត្រៃយ៍ចីវរ សំពត់សាដក់ និងគ្រឿងបរិក្ខាផ្សេងៗ ក៏មានបច្ច័យសម្រាប់សង្កត់ត្រៃយ៍ ចំនួន៩លានរៀលផងដែរ។ ដោយឡែក វត្តដទៃទៀត ដែលកាលបរិច្ឆេទបុណ្យ មិនចំថ្ងៃវេនទី១ នេះបានវេប្រគេនព្រះសង្ឃតាមពុទ្ធានុញ្ញាតិ ដើម្បីចាត់ចែងក្រាលគ្រងតាមកម្មវិធីបុណ្យរៀងៗខ្លួន តាមទំនៀមទម្លាប់ព្រះពុទ្ធសាសនា។
សូមជម្រាបថា អង្គកឋិនទានជាទានមួយដែលមានកាលកំណត់ច្បាស់លាស់ ក្នុងចន្លោះ២៩ថ្ងៃ គិតចាប់ពីថ្ងៃ១រោច ខែអស្សុជ ដល់ថ្ងៃ១៥កើត ខែកត្តិក ដែលក្នុង១ឆ្នាំ វត្ត១ធ្វើបានតែម្តងគត់ តែមិនកំណត់ថាមួយ ឬពីរកឋិននោះឡើយ ទោះប៉ុន្មានក៏អាចទទួលបានដែរឲ្យតែចូលក្នុងថ្ងៃតែមួយ។
ហេតុដែលនាំឲ្យប្រជាពុទ្ធបរិស័ទសម្រេចបរិច្ចាគទ្រព្យធន ធ្វើបុណ្យកឋិន ដោយសារយល់ច្បាស់ពីហេតុផលចំនួន៤ ទី១៖បុណ្យកឋិនទាន ជាទានដែលមានផល្លានិសង្ឃខ្ពស់ ទទួលបានទាំងអ្នកធ្វើ និងភិក្ខុសង្ឃដែលជាអ្នកក្រាលគ្រង, ទី២៖ជាការលើកទឹកចិត្តចំពោះព្រះសង្ឃ ដែលបានចំណាយពេល៣ខែ ក្នុងការសិក្សារៀនសូត្រ ក្បួនច្បាប់ ធម៌ វិន័យ និងប្រតិបត្តិបានត្រឹមត្រូវតាមគន្លងពុទ្ធបញ្ញត្តិ, ទី៣៖ដោយហេតុ មានការជឿជាក់ លើការកសាងសមិទ្ធផលនានាក្នុងទីអារាម មានការីកចម្រើនជាបន្តបន្ទាប់ និងទី៤៖ដោយហេតុថា អាយុសង្ខាមិនទៀង មានតែការសន្សំបុណ្យកុសល ទុកពីជាតិនេះទេ ដែលអាចជួយរំដោះទុក្ខទោសចម្លងទៅជាតិក្រោយបាន៕