(ភ្នំពេញ)៖ ពិតជារឿងដ៏គួរឲ្យសរសើរ និងលើកទឹកចិត្តដល់ផលិតករ និងម្ចាស់ផលិតកម្មនានា ខណៈដែលពេលនេះ មានម្ចាស់ផលិតកម្មថ្មីសន្លាងមួយទៀតហើយ ឈ្មោះថាផលិតកម្ម «ឯកភ្នំ» បានបញ្ចាក់អះអាងយ៉ាងម៉ឺងម៉ាត់ថា ពេលដែលភាពយន្តរបស់ខ្លួន ដាក់បញ្ចាំងនៅលើទីផ្សារហើយនោះ ទោះបីជាត្រូវខាត ឬចំណេញក៏ដោយ ក៏ត្រូវតែប្រឈមមុខទទួលយកគ្រប់ពេល ព្រោះតែខ្លួនចង់ចូលរួមលើកស្ទួយវិស័យភាពយន្តខ្មែរ និងចង់ប្រឡូកចូលក្នុងវិស័យនេះ ឲ្យបានស៊ីជម្រៅ។
ការថ្លែងបែបនេះ របស់ម្ចាស់ផលិតកម្មខាងលើ ត្រូវបានធ្វើឡើងក្នុងពិធីបើកសម្ពោធរឿង «កូនអើយម្ដាយខ្មោច» នាល្ងាចថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨នេះ នៅផ្សារទំនើបអេអន២ ខណ្ឌសែនសុខ ដោយមានវត្តមានអ្នកសិល្បៈ តួសម្ដែង ផលិតករ និងទស្សនិកជន យ៉ាងច្រើនកុះករ។
លោក ហេង តុលា ម្ចាស់ផលិតកម្ម «ឯកភ្នំ» ដែលជាអ្នកបោះទុនផលិតរឿង «កូនអើយម្ដាយខ្មោច» បានថ្លែងប្រាប់ឲ្យដឹងថា នេះជាលើកទី១ហើយ ដែលលោកចំណាយលុយ ច្រើនគួរសមផលិតរឿង ដោយសារតែលោកចង់ចូលប្រឡូក នៅក្នុងវិស័យភាពយន្ត។ ភាពយន្តមួយនេះ លោកចំណាយដើមទុនអស់ច្រើនគួរសម តែលោកមិនចង់បង្ហាញតួលេខនោះទេ ដោយសារតែលោកសម្រេចចិត្តថា គឺទោះជាខាត ឬចំណេញ ក៏ពេញចិត្តទទួលយកដែរ។
ជាការពិតក្នុងការដាក់បញ្ចាំងទទួលភ្ញៀវ ឲ្យទស្សនាក្នុងពិធីបើកសម្ពោធ ភាពយន្តរឿង «កូនអើយម្ដាយខ្មោច» គឺបានទទួលការកោតសរសើរខ្លាំង ទាំងប្លង់ ទាំងសំឡេង ជាពិសេសគឺសាច់រឿងតែម្ដង ដោយសារតែអ្នកនិពន្ធមិនត្រឹមតែច្នៃរឿងនិទានខ្មែរ ដែលធ្លាប់អានក្នុងសៀវភៅ មកធ្វើជាដំណើររឿងប៉ុណ្ណោះទេ តែក៏បានរំលេចខ្លឹមសារអប់រំ ដោយពាក្យកាព្យមួយចំនួន និងបង្កើតនូវរសជាតិគួរឲ្យទាក់ទាញ ក្នុងរឿងទាំងមូល។ ភាពយន្តនេះត្រូវបានរំពឹងថា នឹងមានអ្នកគាំទ្រខ្លាំង ជាពិសេសសម្រាប់អ្នកត្រូវការភាពយន្តមួយ ដែលមានគុណភាព ហើយមានគំនិតចង់លើកស្ទួយវិស័យភាពយន្តខ្មែរ។
ដោយឡែក កញ្ញា គង់ ស្រីពៅ ហៅ កញ្ញា រ៉ូស្សា ជាតួឯកស្រី បានថ្លែងបញ្ជាក់ថា នាងសប្បាយចិត្តយ៉ាងខ្លាំងដែលលើកទី១ ក្រោយប្រឡងជាប់ក្នុងកម្មវិធី Cambodia Super Model កាលពីឆ្នាំ២០១៦ ហើយមិនធ្លាប់ទទួលបានឱកាស សម្ដែងរឿងទាល់តែសោះ។ ស្រាប់ផលិតរឿង «កូនអើយម្ដាយខ្មោច» ឲ្យនាងសម្ដែងតួឯក។ នាងមានឈុតពិបាកច្រើន ក្នុងរឿងទាំងមូល ជាពិសេសឈុតកម្សត់ ឈុតត្រូវគេរំលោភ និងឈុតត្រូវសម្ដែងជាមួយក្របី ដែលនាងខ្លាចមិនហ៊ានក្បែរតែម្ដង។ នាងរំពឹងថា ភាពយន្តនេះនឹងទទួលជោគជ័យ ខណៈដែលថ្ងៃទី២៥ តុលា ដែលជាថ្ងៃលក់សំបុត្រគ្រប់រោង មានការកក់សំបុត្រច្រើនគួរសម បើយោងតាមអ្វីដែលនាងបានដឹង។
សម្រាប់អ្នកទស្សនាដោយផ្ទាល់ ក្នុងរោងជាច្រើនបានលាន់មាត់ថា ភាពយន្តរឿង «កូនអើយម្ដាយខ្មោច» មានរសជាតិថ្មី និងទាក់ភ្នែកច្រើនជាងចំណុចឆ្គាំឆ្គង បើទោះជាភាពយន្តមួយនេះ ត្រូវវគេកត់សម្គាល់ថា បានសម្ដែងដោយតារាថ្មីៗ ច្រើនជាងតារាដែលមានកេរ្តិ៍ឈ្មោះបោះសំឡេង។ ភាពយន្តមួយនេះសំដៅ ពីសង្គមខ្មែរមួយក្នុងអំឡុងឆ្នាំ១៩៨០ ដោយស្វាមីត្រូវស្លាប់ ក្នុងពេលដែលចេញប្រយុទ្ធជាមួយក្រុមចោរ ដែលមកអុកឡុកភូមិស្រុក ហើយភរិយាត្រូវតស៊ូចិញ្ចឹមកូនស្រីតែម្នាក់ឯង ប៉ុន្តែជាអកុសលភរិយា ដែលស្រីស្អាតប្រចាំភូមិ ក៏ត្រូវសេដ្ឋីចិត្តពាលប្រើល្បិចចាប់រំលោភ ហើយត្រូវស្លាប់ក្នុងពេលតតាំងគ្នា៕