(ភ្នំពេញ)៖ ក្រុមហ៊ុន Epson នាល្ងាចថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ បានចេញលក់ជាផ្លូវការ នូវម៉ាស៊ីនព្រីន EcoTank ប្រភេទថ្មី និងទំនើបបំផុតរបស់ខ្លួន ដើម្បីបង្ហាញពីគោលជំហរ ក្នុងនាមជាម៉ាកយីហោដ៏ល្បីលេខ១ នៅលើទីផ្សារ ខាងផលិតផលម៉ាស៊ីនព្រីន ដែលផ្តល់នូវការចំណាយប្រកបដោយប្រសិទ្ធភាព ការប្រើប្រាស់បានយូរអង្វែង សន្សំសំចៃខ្ពស់ និងមានតម្លៃសមរម្យ។

ក្រុមហ៊ុន Epson ក៏បានបញ្ចេញលក់ម៉ាស៊ីនព្រីន ម៉ូឌែល L និង M ស៊េរី ក៏ដូចជាម៉ាស៊ីន Projector ខា្នតមធ្យម ប្រភេទឡាស៊ែរផងដែរ ដើម្បីឆ្លើយតបទៅនឹងតម្រូវការ ដ៏ចាំបាច់របស់ស្ថាប័ន និងសហគ្រាសទាំងអស់ នៅក្នុងប្រទេសកម្ពុជា។

លោក Yunyong Muneemongkoltorn នាយកផ្នែកលក់ និងទីផ្សាររបស់ក្រុមហ៊ុន Epson ប្រចាំប្រទេសថៃ បានថ្លែងថា «ក្រុមហ៊ុន Epson គឺជាក្រុមហ៊ុនដែលមានរោងចក្រផលិតម៉ាស៊ីនព្រីនដំបូងគេ ដែលបានដាក់បង្ហាញម៉ាស៊ីនព្រីន ប្រភេទ Genuine Ink Tank ដំបូងគេបង្អស់ នៅលើទីផ្សារតាំងពីឆ្នាំ២០១០មកម្ល៉េះ»

លោកថា​ ចាប់តាំងពីពេលនោះមក ម៉ាស៊ីនព្រីនស៊េរី L និងស៊េរី M ទទួលបាននូវការគាំទ្រកាន់តែខ្លាំងឡើងៗ ពីសំណាក់អតិថិជនទាំងអស់ ដោយសារតែភាពធន់ និងការដំណើរការបានយ៉ាងល្អ របស់ម៉ាស៊ីនព្រីនប្រភេទនេះ រួមជាមួយនឹងការខិតខំអភិវឌ្ឍបច្ចេកទេស របស់យើងជាបន្តបន្ទាប់ ដើម្បីបំពេញនូវតម្រូវការរបស់អតិថិជនគ្រប់ទិសទី។

នាយកផ្នែកលក់ និងទីផ្សាររបស់ក្រុមហ៊ុន Epson ប្រចាំប្រទេសថៃ បានបន្ថែមថា ជាលទ្ធផល ក្រុមហ៊ុន Epson បានក្លាយទៅជាក្រុមហ៊ុនផលិតម៉ាស៊ីនព្រីន ប្រភេទ Ink Tank ជាប់ចំណាត់ថ្នាក់លេខ១ នៅលើពិភពលោក។ ជាមួយនឹងចំណែកទីផ្សារដ៏ធំបំផុត ក្រុមហ៊ុន Epson បានលក់ម៉ាស៊ីនព្រីន Ink Tank អស់ជាង ៣០ លានគ្រឿង រួចទៅហើយ នៅក្នុងបណ្តាប្រទេសចំនួន១៥០ប្រទេស នៅទូទាំងពិភពលោក។

លោកបានបញ្ជាក់ថា ចំណែកឯនៅក្នុងប្រទេសកម្ពុជាវិញ ក្រុមហ៊ុន Epson បានដាក់លក់ម៉ាស៊ីនព្រីនយ៉ាងច្រើនប្រភេទ ដែលមានរហូតដល់ទៅ១៩ប្រភេទឯណោះ។ ក្នុងចំណោមម៉ូឌែលទាំងអស់នោះ មាន១៥ម៉ូឌែល ជាស៊េរី L និង៤ម៉ូឌែលផ្សេងទៀត ជាប្រភេទស៊េរី M៕