(កែប)៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា បេឡាជាតិសន្ដិសុខសង្គម សម្រាប់មន្ដ្រីរាជការស៊ីវិល គឺជាគ្រឹះស្ថានសាធារណៈរដ្ឋបាល ដែលមានកាតព្វកិច្ចគ្រប់គ្រង និងធានាការបើកផ្ដល់ របបសន្ដិសុខសង្គម ដែលមានតាវកាលិកចំនួន០៦ គឺ ៖ ការចូលនិវត្ដន៍ ការបាត់បង់សម្បទាវិជ្ជាជីវៈ មាតុភាព គ្រោះថ្នាក់ការងារ មរណភាព និងអ្នកនៅក្នុងបន្ទុក ស្របតាមគោលការណ៍អភិបាលកិច្ចល្អ មានតម្លាភាព ប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។
លោក វង សូត បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង អស់ពីកំលាំងកាយចិត្តរបស់អស់លោកសមាជិក ក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ និងបុគ្គលិក ប.ជ.ស. ទាំងអស់ ដែលបានបំពេញភារកិច្ចទទួលបាន លទ្ធផលល្អប្រសើរតាមតួនាទី និងមុខងារក្នុងការបម្រើសេវារបបសន្តិសុខសង្គមជូនសិទ្ធិវន្តរបស់ ប.ជ.ស. និងមានការចូលរួមសហការគាំទ្រពីក្រសួង ស្ថាប័ន ធនាគារ និងដៃគូអភិវឌ្ឍន៍នានាផងដែរ។
រដ្ឋមន្រ្តី វង សូត បានថ្លែងយ៉ាងដូច្នេះថា «ក្នុងរយៈពេលកន្លងមក ខ្ញុំបានពិនិត្យឃើញថា ប.ជ.ស. បានយកចិត្តទុកដាក់ក្នុងការបម្រើសេវា របបសន្តិសុខសង្គមជូនសិទ្ធិវន្តយ៉ាងល្អប្រសើរគួរជាទីមោទនៈ ជាពិសេស ប.ជ.ស. បានពង្រឹង និងអភិវឌ្ឍ ការបម្រើសេវារបបសន្តិសុខសង្គម សម្រាប់មន្រ្តីរាជការស៊ីវិលទទួលបាន លទ្ធផលប្រកបដោយប្រសិទ្ធភាព ស្របតាមផែនការកំណត់។ សម្រាប់អាណត្តិទី៥ កន្លងទៅ ប.ជ.ស. បានសម្រេចតាមផែនការក្នុងការដំឡើងប្រាក់សោធនអប្បរមាពី ២០ម៉ឺនរៀលក្នុងឆ្នាំ២០១៤ ឱ្យឡើងដល់ ៤៨ម៉ឺនរៀលក្នុងឆ្នាំ២០១៨»។
ការថ្លែងរបស់លោក វង សូត បានធ្វើឡើងនៅក្នុងពិធីបើកកិច្ចប្រជុំបូកសរុប លទ្ធផលការងាររយៈពេល ៩ខែឆ្នាំ២០១៨ និងរបាយការណ៍៥ឆ្នាំ របស់បេឡាជាតិសន្តិសុខសង្គម សម្រាប់មន្រ្តីរាជការស៊ីវិល ក្នុងនាមក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលជាអាណាព្យាបាលបច្ចេកទេស ដែលរៀបចំធ្វើនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨។
រដ្ឋមន្រ្តី វង សូត បានបន្ថែមថា នៅដើមឆ្នាំ ២០១៨ រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យនិវត្តជន និងជនបាត់បង់សម្បទាវិជ្ជាជីវៈ ទទួលសេវាថែទាំ សុខភាពដោយឥតបង់ថ្លៃ ដែលរាល់ថ្លៃសេវាសុខភាពទាំងអស់រាជរដ្ឋាភិបាលចេញជំនួស។ ចំពោះការងារ នេះ ខ្ញុំសង្កេតឃើញថា ប.ជ.ស. បានសហការយ៉ាងសកម្មជាមួយ ប.ស.ស. ដើម្បីរៀបចំឱ្យការទទួល សេវាថែទាំសុខភាពកាន់តែមានភាពងាយស្រួល និងទទួលបានការពេញចិត្តពីនិវត្តជន និងជនបាត់បង់ សម្បទាវិជ្ជាជីវៈ។ ទោះបីជាពេលនេះ ការផ្តល់សេវាថែទាំសុខភាពមិនទាន់បានគ្របដណ្តប់ទៅដល់អ្នកនៅក្នុងបន្ទុកក៏ដោយ ក្នុងនាមជាអាណាព្យាបាលបច្ចេកទេស ខ្ញុំបានឱ្យ ប.ជ.ស. សិក្សាលើលទ្ធភាពនៃការផ្តល់សេវាថែទាំសុខភាពដល់អ្នកនៅក្នុងបន្ទុក និងព្យាយាមធ្វើយ៉ាងណាឱ្យពួកគាត់ទទួលបានការថែទាំ សុខភាពផងដែរ។
រដ្ឋមន្រ្តី វង សូត បានណែនាំដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងបុគ្គលិក ប.ជ.ស. ទាំងអស់ លើអនុវត្តការងារដោយ ផ្ដោតលើចំណុចសំខាន់ៗមួយចំនួនដូចតទៅ ៖
១៖ ពង្រឹងការអនុវត្តនីតិវិធីនៃការដាក់មន្រ្តីរាជការស៊ីវិលឱ្យចូលនិវត្តន៍ ឬបាត់បង់សម្បទាវិជ្ជាជីវៈ និងការបើកផ្ដល់ប្រាក់របបសន្តិសុខសង្គមជូនសិទ្ធិវន្ត ឱ្យបានទាន់ពេលវេលា ដោយការទទួលខុសត្រូវ។
២៖ ពង្រឹងយន្តការនៃការផ្ទេរសិទ្ធិជូននិវត្តជន និងជនបាត់បង់សម្បទាវិជ្ជាជីវៈ ដែលមានជំងឺ និង ចាស់ជរា ដែលមិនអាចទៅបើកប្រាក់សោធនប្រចាំខែតាមធនាគារនៅរាជធានី ខេត្ត ឱ្យមានប្រសិទ្ធភាព និង ភាពទទួលខុសត្រូវខ្ពស់ ។
៣៖ ពន្លឿននីតិវិធី នៃរៀបចំប្រាក់របបសន្តិសុខសង្គមសម្រាប់និវត្តជន និងជនបាត់សម្បទាវិជ្ជាជីវៈ ដែលទទួលមរណភាព និងត្រួតពិនិត្យលើការបើកប្រាក់សោធនប្រចាំខែ ដែលនៅសល់ក្នុងគណនីរបស់សព និវត្តជន និងសពជនបាត់បង់សម្បទាវិជ្ជាជីវៈ ជូនគ្រួសារសពឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព ។
៤៖ ពង្រឹងការគ្រប់គ្រងទិន្នន័យនិវត្តជន និងជនបាត់បង់សម្បទាវិជ្ជាជីវៈ និងអ្នកនៅក្នុងបន្ទុក នៅ តាមរាជធានី ខេត្ត ឱ្យបានច្បាស់លាស់ ដោយសហការជាមួយមន្ទីរ ស.អ.យ. ។
៥៖ ត្រូវពិនិត្យឡើងវិញលើតាវកាលិកគ្រោះថ្នាក់ការងារ តាវកាលិកមាតុភាព និងតាវកាលិកមរណភាពសម្រាប់មន្ត្រីរាជការស៊ីវិល ដែលមិនអាចអនុវត្តបាន។
យ៉ាងណាក៏ដោយ រដ្ឋមន្ត្រី វង សូត ក៏បានជំរុញ និងលើកទឹកចិត្តឲ្យក្រុមការងារ ប.ជ.ស. បន្ត កិច្ចខិតខំប្រឹងប្រែងប្រកបដោយផ្លែផ្ការបស់ ប.ជ.ស. និងការចូលរួមចំណែកលើកកម្ពស់ វិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឱ្យកាន់តែប្រសើរឡើង ស្របតាមយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី២ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល។
រដ្ឋមន្ត្រី វង សូត បានស្នើសបន្ថែមឲ្យ សមាជិកក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ និងបុគ្គលិក ប.ជ.ស. ទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នងការបម្រើ សេវាឱ្យកាន់តែប្រសើរឡើងថែមទៀត ដើម្បីតបស្នងនូវគុណូបក្ការបម្រើជាតិ មាតុភូមិរបស់ពួកគាត់។ ទន្ទឹមនេះ សម្រាប់អាណត្តិថ្មីនៃរាជរដ្ឋាភិបាល ប.ជ.ស.ក៏នៅតែបន្តសិក្សាលទ្ធភាពដំឡើងប្រាក់សោធនប្រចាំខែជូនសិទ្ធិវន្ត និងដោះស្រាយនូវបញ្ហានានាដែលពាក់ព័ន្ធប្រាក់សោធន៍៕