(ត្បូងឃ្មុំ)៖ រដ្ឋបាលខេត្តត្បូងឃ្មុំ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨នេះ បានចុះចែកជូនស្រូវ គម្រោងស្បៀងបម្រុងកម្ពុជារបស់រាជរដ្ឋាភិបាល ចំនួន៦៥,១៥០គីឡូក្រាម ជូនប្រជាពលរដ្ឋនៅឃុំទាំង៤ របស់ស្រុកក្រូចឆ្មារ។
ការចុះចែកនេះដឹកនាំដោយ លោក ហាក់ សុខមករា អភិបាលរងខេត្តត្បូងឃ្មុំ អមដំណើរដោយលោកអនុប្រធាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត, មន្ត្រីកសិកម្មស្រុក និងលោកអភិបាលរងស្រុក លោកមេឃុំ ជូនដល់ប្រជាពលរដ្ឋនៅឃុំទាំង៤ ក្នុងស្រុកក្រូចឆ្មារ រួមមាន ឃុំប៉ើស១ ឃុំស្វាយឃ្លាំង ឃុំឈូក និងឃុំទួលស្នួល សរុបចំនួន៧១១គ្រួសារ។
ក្នុងឱកាសនោះ លោក ហាក់ សុខមករា បានឲ្យដឹងថា ពូជស្រូវទាំងអស់នេះ ដែលជាអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ជាមួយគ្នានេះ លោក ហាក់ សុខមករា ក៏បានដឹកនាំក្រុមការងារ បន្តចុះពិនិត្យថ្នាលបណ្តុះកូនថ្នាំជក់របស់ប្រជាកសិករ ក្នុងឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ដែលកន្លងមកដែលបានឧបត្ថមពូជថ្នាំជក់ដោយ ឧបនាយរដ្ឋមន្រី ជា សុផារ៉ា រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង។
ជាលទ្ធផល ពិនិត្យឃើញជាគ្រប់ថ្នាលបណ្តុះថ្នាំជក់ មានការលូតលាស់ល្អ តាមតម្រូវការប្រជាកសិករមានការសប្បាយរីករាយ និងថ្លែងអំណគុណ ចំពោះឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា យ៉ាងក្រៃលែងដែលបានឧបត្ថម្ភដល់ពួកគាត់៕