(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅវេលាម៉ោង០៩៖៤២នាទីព្រឹក ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី៥ (GS5-F3) នៅខណ្ឌសែនសុខ, ខណ្ឌព្រែកព្នៅ និងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយសារមានរថយន្តបាញ់បេតុងរបស់ក្រុមហ៊ុន SCG លើកដងប៉ះខ្សែភ្លើង។
ទីតាំងទាំង៣ខណ្ឌនេះ រួមមាន៖ ភូមិវិមានទ្រង់ ភូមិព្រៃមូល និងភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ, ភូមិស្រែជំរៅ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ, ភូមិវាល សង្កាត់ស្នោរ, ផ្លូវទំនប់កប់ស្រូវ សង្កាត់ត្រពាំងក្រសាំង និងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
អគ្គិសនីកម្ពុជា បានបញ្ជាក់ថា ក្រុមការងារបច្ចេកទេស បានធ្វើការភ្ជាប់ចរន្តអគ្គិសនីជូនអតិថិជន ឲ្យមានចរន្តប្រើប្រាស់ឡើងវិញហើយ នៅវេលាម៉ោង១១៖០១នាទីព្រឹកនេះ។
ជាមួយគ្នានោះ អគ្គិសនីកម្ពុជា សូមអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលបំពេញការងារនៅជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួល ក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ៕