(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨នេះ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានបើកកិច្ចប្រជុំពិនិត្យលើសេចក្តីព្រាងទម្រង់ ថវិការដ្ឋសភាសម្រាប់ប្រើប្រាស់ឆ្នាំ២០១៩។ លោក ឡេង ប៉េងឡុង អគ្គលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋសភា បានថ្លែងថា ថវិការដ្ឋសភា សម្រាប់ប្រើប្រាស់ក្នុងឆ្នាំ២០១៩នេះ កើនឡើង១.៦ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៨។
ថ្លែងប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ត្រូវបានបញ្ចប់ នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨, លោក ឡេង ប៉េងឡុង បានឲ្យដឹងថា មូលហេតុដែលថវិការដ្ឋសភា សម្រាប់ប្រើប្រាស់ឆ្នាំ២០១៩ មានការកើនឡើង ដោយសាររដ្ឋសភា ត្រូវធ្វើឲ្យមានសុក្រឹត្យភាពខាងថវិកាជាមួយព្រឹទ្ធសភា ពោលថវិកាសម្រាប់ប្រើប្រាស់ក្នុងរដ្ឋសភា និងព្រឹទ្ធសភា ត្រូវតែស្នើគ្នា។ លោកបន្តថា ហេតុផលម្យ៉ាងទៀតដែលធ្វើឲ្យថវិកាជាតិ ត្រូវចំណាយច្រើនជាងមុន ក៏ដោយសារប្រាក់ខែមន្ត្រីរាជការ ត្រូវបានដំឡើងផងដែរ។
អ្នកនាំពាក្យរដ្ឋសភា បានបញ្ជាក់យ៉ាងដូច្នេះថា «ចំណុចសំខាន់នៃថវិកាជាតិឆ្នាំនេះ ទីមួយមានការកើនឡើង១,៦ភាគរយ បើប្រៀបធៀបឆ្នាំចាស់ (២០១៨)។ ការកើននេះ ដោយសារថារដ្ឋសភា ធ្វើឲ្យមានសុក្រឹត្យភាព ជាមួយនឹងព្រឹទ្ធសភា។ ប្រាក់ពិធីបុណ្យផ្សេងៗ មិនដូចរដ្ឋសភាទេគេ (ព្រឹទ្ធសភា) ខ្ពស់ជាង អញ្ជឹងយើងត្រូវធ្វើឲ្យមានសុក្រឹត្យភាពជាមួយគ្នា»។
លោកបន្តថា «មួយទៀត ការកើនឡើងនេះ ដោយសារយើងអនុវត្តន៍ តាមគោលការណ៍ដែលរាជរដ្ឋាភិបាល បានដាក់ចេញមកហើយ គឺចំពោះមន្ត្រីរាជការស៉ីវិល ប្រាក់បំណាច់មុខងារមុខងារមន្ត្រីរាជការ ត្រូវបានឡើងដែរ១០ភាគរយ អញ្ចឹងយើងត្រូវបង្កើនប្រាក់មុខងារមន្ត្រីរាជការយើងឲ្យកើន១០ភាគរយ ដូចគោលការណ៍គណៈរដ្ឋមន្ត្រីដែរ។ ក្រៅពីនេះ ប្រាក់មន្ត្រីរាជការមានការកើនឡើង យើងសម្របសម្រួលក្របខណ្ឌ ដូចអស់លោកជ្រាបស្រាប់ហើយ ខាងរាជរដ្ឋាភិបាល បានធ្វើកំណែទម្រង់ ប្រព័ន្ធមុខងារសាធារណៈលុបក្របខណ្ឌ ឃ ចេញ ប៉ុន្តែ ត្រូវឡើងប្រាក់ខែ»។
សូមជម្រាបថា សេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩ និងសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧ នឹងត្រូវគណៈរដ្ឋមន្ត្រី ប្រជុំពិនិត្យ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ ។
សេចក្តីព្រាងច្បាប់ថវិកាជាតិ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៨ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានចំណាយ ២៣,៤២៨,២៩៨លានរៀល ដែលស្មើនឹងប្រមាណជិត៦ពាន់លានដុល្លារ ខណៈដែលមានគម្រោងប្រមូលចំណូលឲ្យបាន ២២,៤៣៧,១៣៨លានរៀល ដែលស្មើនឹងប្រមាណ៤.៤ពាន់លាន់ដុល្លារអាមេរិក។
យោងតាមច្បាប់ថវិកានេះ រដ្ឋសភាចំណាយ ១៨០,៨៨៧.៧លានរៀល ហើយព្រឹទ្ធសភាចំណាយ ៧៣,៦១៧លានរៀល៕