(ភ្នំពេញ)៖ លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស ដែលកំពុងតែសិក្សានៅសាលារៀនជំនាន់ថ្មី (NGS) ក្នុងវិទ្យាល័យព្រះស៊ីសុវត្ថិ បង្ហាញនូវការសប្បាយរីករាយយ៉ាងខ្លាំង បន្ទាប់ពីសាលា បានរៀបចំដាក់ឱ្យដំណើរការនូវប្រព័ន្ធ System ប្រភេទថ្មី ដែលជាបច្ចេកវិទ្យាផលិត ឡើងដោយកូនខ្មែរ ដើម្បីតាមដានការសិក្សារបស់សិស្ស និងបុគ្គលិកដែលប្រើការនៅក្នុងសាលា។

លោក សម្យ កំសាន្ត នាយករងវិទ្យាល័យព្រះស៊ីសុវត្ថិ ទទួលបន្ទុកសាលារៀនជំនាន់ថ្មី បានលើកឡើងថា នេះជាអ្វីដែលយើងសង្ឃឹមនោះ វិទ្យាល័យព្រះស៊ីសុវត្ថិ មិនត្រឹមតែសាលាជំនាន់ថ្មី នោះទេសម្រាប់២០១៨នេះ គណៈគ្រប់គ្រងសាលាត្រូវតែដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធ System ឆ្លាតវៃមួយនេះ ដើម្បីតាមដានរាល់សកម្មភាព ការសិក្សារបស់សិស្ស ដែលអាចធ្វើឱ្យលោកគ្រូ-អ្នកគ្រូ អាព្យាបាល និងឪពុកម្តាយអាចក្តាប់បាននូវសកម្មភាពកូនលើការសិក្សា និងសកម្មភាពបង្រៀនរបស់លោកគ្រូ-អ្នកគ្រូ បុគ្គលិកសិក្សាបានយ៉ាងស្រួលផងដែរ។

លោក សម្យ កំសាន្ត បានបន្តថា ប្រព័ន្ធ System ឆ្លាតវៃមួយនេះមានកាតពីរពណ៌សម្រាប់សម្គាល់គឺទី១៖ ពណ៌ក្រហមសម្រាប់លោកគ្រូ-អ្នកគ្រូ បុគ្គលិកសាលា និងទី២៖ ពណ៌ខៀវសម្រាប់សម្គាល់សិស្សានុសិស្ស ដែលកំពុងសិក្សានៅក្នុងសាលារៀនជំនាន់ថ្មី។ អ្វីដែលពិសេសជាងនេះទៅទៀត កាតនេះមាន QR Code និងឈីបសម្រាប់ប្រើជាមួយឧបករណ៍វត្តមានឆ្លាតវៃ​ ដើម្បីជួយសម្រួលរាល់ការលំបាករបស់ថ្នាក់ដឹកនាំសាលា រួមទាំងបុគ្គលិកលើការងាររដ្ឋបាលផងដែរ ហើយបច្ចេកវិទ្យានេះ ត្រូវបានសាលារៀនជាច្រើនបានយកមកប្រើប្រាស់ ដើម្បីស្របតាមការរីកចម្រើន នូវវិស័យតិចណូឡូជី នាសទវត្សរ៍ទី២១នេះ។ កម្មវិធីសិក្សាសាលារៀនជំនាន់ថ្មី ត្រូវបានយកចិត្តទុកដាក់ខ្ពស់លើការបញ្ចូលប្រព័ន្ធបច្ចេកវិទ្យា ទៅក្នុងការអប់រំទាំងអ្នករៀន និងអ្នកបង្រៀន ព្រមទាំងបំពាក់ឧបករណ៍សិក្សាសម្បូរបែបផងដែរ។ ជាពិសេសម៉ោងសិក្សាមានច្រើនជាងកម្មវិធីសិក្សាចាស់។

ជាមួយគ្នានេះដែរ លោកគ្រូ កំសាន្ត បានបន្ថែមទៀតថា សម្រាប់ការប្រើប្រាស់នូវប្រព័ន្ធបច្ចេកវិទ្យានេះ មិនមែនតែសម្រួលដល់ការលំបាក របស់លោកគ្រូអ្នកគ្រូនោះទេ គឺអាណាព្យាបាលឪពុក-ម្តាយ អាចតាមដានរាល់ការសិក្សារបស់កូន និងតាមដានរាល់ការចំណាយផ្សេងៗ របស់កូនពួកគាត់បានយ៉ាងងាយស្រួលផងដែរ។ ជាពិសេសតាមរយៈប្រព័ន្ធ System ឆ្លាតវៃមួយនេះក្រសួងអប់រំ អាចគ្រប់គ្រង និងទាញយករបាយការណ៍ព័ត៌មាននានាពីសាលារៀនបានយ៉ាងងាយស្រួល។

ទន្ទឹមនឹងនេះដែរ សិស្សានុសិស្សដែលកំពុងសិក្សានៅសាលារៀនជំនាន់ថ្មី បានបង្ហាញនូវការសប្បាយរីករាយលើការដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធ System ឆ្លាតវៃនេះ គឺដើម្បីផ្តល់ភាពងាយស្រួល ក្នុងការទទួលបានព័ត៌មានពីសាលា និងទទួលបានូវភាពអសកម្មរបស់ខ្លួនក្នុងការសិក្សា គឺគ្រាន់យកកាតនេះទៅស្គេន នឹងទទួលបាននូវព័ត៌មានបានយ៉ាងងាយស្រួងផងដែរ។

ក្រុមសិក្សានុសិស្សដដែរ បានបន្ថែមទៀតថា អ្វីកាន់តែពិសេសជាងនេះទៅទៀត គឺប្រព័ន្ធ System នេះ អាចប្រាប់ពួកគេឱ្យបានដឹងពីលទ្ធផល នៃការសិក្សារបស់ខ្លួនបានយ៉ាងងាយស្រួល ឆាប់រហ័ស និងមានទំនុកចិត្ត ជាពិសេសផ្តល់ភាពងាយស្រួលដល់ឪពុក-ម្តាយ ក្នុងការតាមដានការសិក្សារបស់កូន និងសកម្មភាពនានាផងដែរ។

សូមជម្រាថា សាលារៀនជំនាន់ថ្មី គឺជាកម្មវិធីសិក្សាថ្មីមួយដែលក្រសួងអប់រំបានដាក់ឱ្យអនុវត្តន៍ក្នុងដំណាក់កាលសាកល្បងនៅឆ្នាំ២០១៥។ ការអនុវត្តន៍នេះ គឺធ្វើទាំងថ្នាក់បឋម និងថ្នាក់មធ្យមសិក្សាផងដែរ ក្នុងបំណងធ្វើឱ្យការអប់រំនៅកម្ពុជាកាន់តែល្អប្រសើរដូចទៅនឹងប្រទេសមួយចំនួន នៅក្នុងតំបន់ និងលើពិភពលោក។ បច្ចុប្បន្នមានសាលាចំនួន១០ហើយ កំពុងដាក់ឱ្យអនុវត្តកម្មវិធីសិក្សា សាលារៀនជំនាន់ថ្មីនេះ។ ក្នុងនោះសាលាបឋមសិក្សាមានចំនួន៤ និងសាលាមធ្យមសិក្សាមានចំនួន៦។ សាលាទាំងនោះរួមមាន៖ វិទ្យាល័យព្រះស៊ីសុវត្ថិ, វិទ្យាល័យ ហ៊ុន សែន កំពង់ចាម, វិទ្យាល័យព្រែកលៀប, វិទ្យាល័យសម្តេច ជា ស៊ីម ព្រែកអញ្ចាញ, វិទ្យាល័យ ហ៊ុន សែន ពាមជីកង, អនុវិទ្យាល័យគោកព្រីង សាលាបឋមសិក្សា ហ៊ុន សែន កំពង់ចាម, សាលាបឋមសិក្សាព្រះរាជអគ្គមហេសី, សាលាបឋមសិក្សាអង្គរបាន និងសាលាបឋមសិក្សាព្រហូត៕