(ព្រៃវែង)៖ ការិយាលយ័ស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៦ ដឹកនាំដោយលោក ព្រាប គារ៉ាត ប្រធានការិយាល័យ នៃនាយកដ្ឋានបង្ការ និងបង្រ្កាបបទល្មើស នៃអគ្គនាយកដ្ឋានគយ សហការជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបង្រ្កាបរថយន្តវៀតណាមមួយគ្រឿង ពាក់ស្លាកលេខ 63C-064.83 មានផ្ទុកទំនិញហាមឃាតនាំចូល មានសំបកកំប៉ុងអេតចាយវៀតណាម ទម្ងន់ប្រហែល២១តោន។
ប្រតិបត្តិការនេះត្រូវបានធ្វើឡើងនៅវេលាម៉ោង១០៖២០នាទីយប់ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវកៅស៊ូ ចំងាយប្រហែល២គីឡូម៉ែត្រ ពីច្រកព្រំដែនម៉ឺនជ័យ ស្ថិតនៅក្នុងភូមិសាស្រ្ត ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង ដោយរថយន្តល្មើសច្បាប់នេះ មកមិនទាន់ដល់បណ្តោយផ្លូវជាតិលេខ៨ផង ត្រូវបានគយចល័តប្រចាំតំបន់៦ ដឹកនាំដោយលោក ព្រាប គារ៉ាត ចាប់ឃាត់ទប់ស្កាត់បានទាន់ពេល។
បើតាមលោក ព្រាប គារ៉ាត បង្រ្កាបនេះធ្វើឡើងដោយមានការឯកភាពពី លោក កើត សុទ្ធារ៉ា ប្រធាននាយកដ្ឋានបង្ការ និងបង្រ្កាបបទល្មើស។
បច្ចុប្បន្នរថយន្ត និងទំនិញល្មើសខាងលើ ត្រូវបានរក្សាទុកជាបណ្តោះអាសន្ននៅទីតាំងគយចល័តខាងលើ ដើម្បីធ្វើកំណត់ហេតុល្មើសច្បាប់គយ ទៅតាមនីតិវិធីច្បាប់៕