(ព្រះសីហនុ)៖ កម្លាំងនគរបាលខេត្តព្រះសីហនុ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានបើកប្រតិបត្តិការបំបែកសំណុំរឿងឃាតកម្ម សម្លាប់មេកាសំណង់ នៅក្រុមទី៣២ សង្កាត់លេខ៤ ក្រុងព្រះសីហនុ រហូតតាមចាប់បានក្រុមជនដៃដល់៣នាក់ នៅខេត្តសៀមរាប ដោយមានកិច្ចសហប្រតិបត្តិការ ជាមួយកម្លាំងនគរបាលខេត្តសៀមរាប ក្រោមការសម្រប សម្រួលពីព្រះរាជអាជ្ញាផងដែរ។
លោកឧត្តមសេនីយ៍ត្រី កុល ផាលី ស្នងការរងទទួលផែនព្រហ្មទណ្ឌ បានប្រាប់អង្គភាព Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨នេះថា ករណីឃាតកម្មសម្លាប់មេការសំណង់នេះ បានកើតឡើងនៅយប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ នៅក្រុមទី៣២ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ បណ្តាលឲ្យជនរងគ្រោះជាមេការសំណង់ម្នាក់ស្លាប់ ក្រោយពីបានបញ្ជូនមកដល់មន្ទីរពេទ្យបង្អែកខេត្ត។
លោកស្នងការរងបញ្ជាក់ថា ជនរងគ្រោះឈ្មោះ តាំង បូរ៉ា អាយុ៣៦ឆ្នាំ បច្ចុប្បន្នស្នាក់នៅការដ្ឋានសំណង់ ក្រោយសាលាវិទ្យាល័យហ៊ុនសែន មិត្តភាព ក្រុងព្រះសីហនុ មានស្រុកកំណើតនៅភូមិគ ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប។
ក្រោយពេលទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាឲ្យកម្លាំងនគរបាលជំនាញបើកការស៊ើបអង្កេតរុករកមុខសញ្ញាជាបន្ទាន់។ រហូតកម្លាំងសមត្ថកិច្ចកំណត់មុខសញ្ញាសង្ស័យបានចំនួន៣នាក់ តែជនសង្ស័យក្រោយពេលកើតហេតុ បានជួលរថយន្តតាក់ស៊ី ជិះគេចខ្លួនទៅកាន់ខេត្តសៀមរាប និងមានបំណងឆ្លងដែនទៅកាន់ប្រទេសថៃទៀតផង។
ដោយមានកិច្ចសហប្រតិបត្តិការល្អរវាងស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ នគរបាលខេត្តសៀមរាប បានចាប់ខ្លួនជនសង្ស័យទាំង០៣នាក់បានរួចហើយ នគរបាលខេត្តព្រះសីហនុ បានទៅទទួលយកមុខសញ្ញានៅខេត្តសៀមរាប ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់។
លោកឧត្តមសេនីយ៍ស្នងការរង ឲ្យដឹងថា ជនសង្ស័យទី១៖ឈ្មោះ ភោគ សុផាត អាយុ៣០ឆ្នាំ មានស្រុកកំណើតនៅភូមិស្រិញ ឃុំជីក្រែ ស្រុកជីក្រែង, ទី២៖ឈ្មោះ អុយ អឿន អាយុ២៧ឆ្នាំ មានស្រុកកំណើតខេត្តបាត់ដំបង និងទី៣៖ឈ្មោះ ឈយ ឃ្មុំ អាយុប្រហែល៣០ឆ្នាំ មានស្រុកំណើត នៅភូមិស្តៅ ឃុំអន្លុងសំណរ ស្រុកជីក្រែង។
អំពើមនុស្សឃាតនេះ ផ្តើមចេញពីទំនាស់រឿងលុយកាក់ ដែលមេការសំណង់ជាជនរងគ្រោះ បើកប្រាក់ឲ្យកម្មករមិនបានគ្រប់គ្នានៅខ្វះ២នាក់៕