(ស្វាយរៀង)៖ លោក ឆាន់ សាផាន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថា លំនៅឋានជាទ្រព្យសម្បត្តិ ដ៏មានតម្លៃសម្រាប់សេដ្ឋកិច្ច និងសង្គមដ៏សំខាន់សម្រាប់ គ្រួសារនីមួយៗ ដែលក្រោយការដួលរលំនៃរបបខ្មែរក្រហមនៅខែមករា ឆ្នាំ១៩៧៩ លំនៅឋាន និងស្បៀងអាហារ គឺជាកត្តាចាំបាច់ដែលរាជរដ្ឋាភិបាលត្រូវគិតគូរដោះស្រាយ។
ការលើកឡើងបែបនេះរបស់លោក ឆាន់ សាផាន បានធ្វើឡើងនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨នេះ នៅក្នុងឱកាសដែលលោកបានអញ្ជើញ ចូលរួមក្នុងកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយស្តីពី «គោលនយោបាយលើកទឹកចិត្ត និងឯកសារបច្ចេកទេសដែលគាំទ្រការងារ គ្រប់គ្រងលំនៅឋានដែលមានតំលៃសមរម្យ» ដោយមានការចូលរួមពីសំណាក់លោក រស់ ផារិទ្ធ អភិបាលរងខេត្តស្វាយរៀង, លោក គឹម ពិសិដ្ឋ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបផងដែរ។
លោក ឆាន់ សាផាន បានបន្តថា កំណើនតម្រូវការលំនៅឋាន និងការតាំងទីលំនៅថ្មី មានការកើនឡើងយ៉ាងឆាប់រហ័ស ដែលបានជះឥទ្ធិពលដល់សណ្តាប់ធ្នាប់របៀបរៀបរយ សន្តិសុខ សុវត្ថិភាព និងសោភ័ណ្ឌភាពទីក្រុង។ ក្នុងនោះតាមរយៈការវិភាគលើទីផ្សារលំនៅដ្ឋានបច្ចុប្បន្ន បង្ហាញថាទីផ្សារនេះផ្តោតការយកចិត្តទុកដាក់ តែទៅលើការផ្គត់ផ្គង់លំនៅឋានមានតំលៃខ្ពស់ ជាមួយនិន្នាការថ្លៃកើនឡើងកាន់តែខ្ពស់ឡើងៗ នៅតាមទីក្រុង និងទីប្រជុំជនសំខាន់ៗ ហើយប្រជាជននៅទីក្រុងភ្នំពេញ មានប្រមាណ១០ភាគរយប៉ុណ្ណោះ ដែលមានលទ្ធភាពទិញលំនៅឋាន បានធៀបនឹងចំណូលរបស់ខ្លួនដែលអាចរកបាន។
លោកបានបញ្ជាក់ថា «ប្រការនេះអាចពន្យល់បានថា លទ្ធភាពទទួលបានលំនៅឋានសមរម្យ និងមានសភាពកាន់តែទាបទៅៗ នាពេលអនាគត ដែលជាបញ្ហាប្រឈមចម្បង ទាំងសម្រាប់ការធានារសិទ្ធទទួលបានលំនៅឋានសមរម្យ ជូនប្រជាជន និងសម្រាប់ការរៀបចំ អភិវឌ្ឍនគរូបនីយកម្មមួយក្រកបដោយប្រសិទ្ធភាព ដើម្បីទ្រទ្រង់សុខមាលភាព និងវិបុលភាព សេដ្ឋកិច្ចនិងសង្គម»។
លោកបានបន្ថែមទៀតថា ដើម្បីអនុវត្តគោលនយោបាយជាតិស្តី ពីលំនៅឋានឲ្យមានប្រសិទ្ធភាព និងមាននិរន្តរភាពរាជរដ្ឋាភិបាល បានបង្កើតអគ្គនាយកដ្ឋានលំនៅឋាន ជាសេនាធិការឲ្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងការសិក្សាអំពីស្ថានភាព ការប្រមូលទិន្នន័យអំពីតម្រូវការនិងការផ្គត់ផ្គង់លំនៅឋាន ការរៀបចំយុទ្ធសាស្ត្រគោល នយោបាយ និងបទដ្ឋានគតិយុត្ត សហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ អង្គការជាតិ-អន្តរជាតិ ដៃគូរអភិវឌ្ឍន៍ សង្គមស៊ីវិល វិស័យឯកជន សប្បុរសជន និងគៀរគរហិរញ្ញប្បទាន សម្រាប់ការងារលំនៅដ្ឋាន និងរៀបចំមូលនិធិ និងឥណទានលំនៅឋាន។
សិក្ខាសាលា ថ្ងៃនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយអំពីឯកសារគតិយុត្តិមួយចំនួន ដែលនាយកដ្ឋានមូនិធិ និងឥណទានលំនៅឋាន នៃអគ្គនាយដ្ឋានលំនៅឋានបានរៀបចំឡើងដែលមានលក្ខណៈសម្បត្តិអតិថិជនគោលដៅដែលអាចទទួលបានសិទ្ធិ ក្នុងការទិញលំនៅឋានតម្លៃសមរម្យ លក្ខខណ្ឌកំណត់ក្រោយការទិញលំនៅឋានតម្លៃសមរម្យ និងនិតិវិធី នៃការដាក់ពាក្យស្នើសុំទិញ ឬជួលលំនៅឋានតម្លៃសមរម្យ។
ជាពិសេស ការផ្សព្វផ្សាយអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលស្តីពី «ការលើកទឹកចិត្ត និងការបង្កើតកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍ លំនៅឋានតម្លៃសមរម្យ» ជូនដល់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ឬវិស័យឯកជនដែលមានបំណងសហការណ៍ជាមួយរដ្ឋ ក្នុងការសាងសង់លំនៅឋាន តម្លៃសមរម្យ៕