(ពោធិ៍សាត់)៖​ ប្រជាពលរដ្ឋចំនួន៥នាក់ ​ដែលរស់នៅឃុំស្សា ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ​នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨នេះ បានស្ម័គ្រចិត្តយកម៉ូតូចំនួន៥គ្រឿង ជូនសមត្ថកិច្ចនគរបាល រក្សាទុកបណ្តោះអាសន្ន ​ដើម្បីស្រាវជ្រាវចាប់មុខសញ្ញា ដោយម៉ូតូទាំងនោះ ពួកគាត់បានទិញពីអ្នកលក់ម្នាក់ឈ្មោះ​ គឹម សុខណេង ​អាយុ៣២ឆ្នាំ រស់នៅភួមិបឹងចក ឃុំស្សា ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ដោយគ្មានលិខិតលក់ទិញ​ និងគ្មានកាតគ្រី​ ហើយពួកគាត់ប្រើប្រាស់ម៉ូតូទាំងនោះមួយរយៈកន្លងមកហើយ។

ថ្មីៗនេះសមត្ថកិច្ចបានធ្វើការស្រាវជ្រាវរកម៉ូតូប្រជាពលរដ្ឋ ដែលក្រុមចោរបានលួចកន្លងមក និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នមុននឹងទិញម៉ូតូត្រូវពិនិត្យមើលលិខិតស្នាម និងឯកសារសំគាល់ឱ្យបានត្រឹមត្រូវច្បាស់លាស់ចៀសវាង ការទិញចំម៉ូតូចោរដែលលួចពីប្រជាពលរដ្ឋតាមតំបន់ ​និងតាមខេត្តនានានោះ។

លោកវរសេនីយ៍ឯក ​ម៉ូ លីដា ​ស្នងការរងទទូលបន្ទុកការងារព្រហ្មទណ្ឌ​ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់​ បានឱ្យដឹងថា​ ម៉ូតូទាំង៥គ្រឿង ដែលបងប្អូនប្រជាពលរដ្ឋ បានយកមកប្រគល់ជូនសមត្ថកិច្ចនោះ ​មានស្លាកលេខ ​និងម៉ាកដូចខាងក្រោម៖

ទី១៖ ម៉ូតូម៉ាកគុបចង្កៀងជ្រុង​ពាក់ស្លាកលេខ​កំពង់ចាម 1A-0591, ទី២៖ ម៉ូតូម៉ាកសង់ C125​ ស៊េរី២០១៦, ខ្មៅពាក់ស្លាកលេខកំពង់ឆ្នាំង​1B-4577, ទី៣៖ ម៉ូតូម៉ាកសង់ C125​ ស៊េរី២០១៣​ ពាក់ស្លាកលេខភ្នំពេញ​1FL-6441, ទី៤៖ ម៉ូតូម៉ាកសង់ C125​ ស៊េរី២០១៥​ ពាក់ស្លាកលេខភ្នំពេញ 1AA-4465 និងទី៥៖ ម៉ូតូម៉ាកសង់ C125​ ស៊េរី២០១៣​ ពាក់ស្លាក លេខកណ្តាល​1T-7105។

លោកស្នងការរងបានឱ្យដឹងថា បន្ទាប់ពីបងប្អួនបានយកម៉ូតូមកប្រគល់ជូនសមត្ថកិច្ចរក្សាទុកបណ្តោះអាសន្ននោះ ពួកគាត់បានដាក់ពាក្យបណ្តឹងឈ្មោះ គឹម សុខណេង ទាមទារលុយទិញម៉ូតូវិញ រីឯឈ្មោះ គឹម សុខណេង បានរត់គេចខ្លួនបាត់ករណីនេះ កំពុងបន្តការស្រាវជ្រាវ។

ជាមួយគ្នានេះដែរ សមត្ថកិច្ចក៏បានអំពាវនាវដល់បងប្អួនប្រជាពលរដ្ឋ ដែលបានបាត់ម៉ូតូកន្លងមកហើយដែលមានម៉ាក និងស្លាកលេខសំគាល់ ដូចខាងលើនេះ សូមមកទំទាក់ទំនង​នៅស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដោយមានលិខិតសំគាល់ម៉ូតូ ត្រឹមត្រូវភ្ជាប់មកជាមួយផងដែរ៕