(រតនគិរី)៖ លោក ជា ពេជ្រ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តរតនគិរី បានដឹកនាំកម្លាំងសមត្ថកិច្ចរួមមាន៖ ខណ្ឌរដ្ឋបាលព្រៃឈើ, កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងកម្លាំងកងរាជអាវុធហត្ថខេត្ត ចុះបង្ក្រាប និងរឹបអូសឈើសុក្រំ និងឈើកកោះជាច្រើនម៉ែត្រគូប ដែលឈ្មួញគរលាក់ទុកក្បែក្រុមហ៊ុន SK នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិអូរសាប ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី។

លោក ជា កុណារ៉ា នាយផ្នែករដ្ឋបាលព្រៃឈើលំផាត់ បានថ្លែងប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តរតនគិរី ឱ្យដឹងនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨នេះ ថា ប្រតិបត្តិការខាងលើនេះ មិនទាន់បញ្ចប់នៅឡើយទេពោល គឺនៅតែបន្តទៀតក្រោមការដឹកនាំរបស់លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។

លោក ជា កុណារ៉ា បាសនបន្តថា «ថ្ងៃនេះកម្លាំងកំពុងបន្តរុករក និងប្រមូលឈើដែលក្រុមឈ្មួញគរលាក់ទុកយកទៅផ្ញរទុក ក្នុងរោងចក្រក្រុមហ៊ុន SK សិន (រក្សាសុវត្ថិភាព) រហូតដល់ពេលរាំងស្ងួត ទើបយកមធ្យោបាយដឹកឈើទាំងនោះ មករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើ។ តែទោះជាយ៉ាងណាក៏ដោយ ចំនួនឈើពិតប្រាកដនៅមិនទាន់ដឹងចំនួនម៉ែត្រគូប នៅឡើយទេគឺរង់ចាំសរុបនៅ ពេលក្រោយ»