(ភ្នំពេញ)៖ លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ និងជាប្រធានក្រុមការងារចុះជួយសង្កាត់ស្ទឹងមានជ័យទី២ នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ បានជួប​សំណេះសំណាល និងស្តាប់មតិយោបល់ប្រជាព​លរដ្ឋជាង១០០នាក់ នៅក្នុងវេទិកាសាធារណៈ ដែលរៀបចំឡើងនៅភូមិសន្សំកុសល៤ ខ​ណ្ឌមានជ័យ រាជធានីភ្នំពេញ។

នៅក្នុងវេទិកានោះ គឺប្រជាពលរដ្ឋបានឡើងសំដែងមតិ និងបញ្ចេញយោបល់ជាច្រើន ទាក់ទងនឹងការរស់នៅក្នុងសហគមន៍ និងការដឹកនាំ របស់ក្រុមការងារ ក្នុងការការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋផងដែរ។

លោក ពេជ្រ កែវមុនី បានស្តាប់ពីការលើកឡើងរបស់ប្រជាពលរដ្ឋ និងបានទទួលយករាល់មតិយោបល់របស់ប្រជាពលរដ្ឋ ក្នុងនោះ លោក ក៏បាន​ថ្លែងអរគុណដល់បងប្អូនប្រជាពលរដ្ឋ ដែលបានទុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា នាពេលបច្ចុប្បន្ននេះ។

លោក ពេជ្រ កែវមុនី មានមតិសំណេះសំណាល និងស្វាគមន៍ ដោយបានលើកឡើងទៀតថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រកបដោយគតិបណ្ឌិត មានចក្ខុវិស័យវែងឆ្ងាយ បានធ្វើឲ្យប្រទេសកម្ពុជាមានសុខសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ៕