(កណ្ដាល)៖ កងរាជអាវុធហត្ថខេត្តកណ្ដាល ប្រើប្រាស់រយៈពេល៤ថ្ងៃ ដើម្បីបំបែកសំណុំរឿងឃាតកម្មគិតទុកជាមុនមួយករណី បានដោយជោគជ័យ និងចាប់បានជនដៃដល់ម្នាក់ នៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការអាវុធហត្ថខេត្តកណ្ដាល បានប្រាប់អង្គភាព Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨នេះថា ប្រតិបត្តិការនេះ ត្រូវបានធ្វើឡើងដោយមានបញ្ជាពី នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក ម៉ៅ ភិរុណ អភិបាលខេត្ត និងជាប្រធានគណបញ្ជាការឯកភាពខេត្ត។
បើតាមលោកឧត្តមសេនីយ៍មេបញ្ជាការ ប្រតិបត្ដិជាបន្ដបន្ទាប់នេះក៏មានកិច្ចសហការយ៉ាងស្អិតរមូត ជាមួយស្នងការដ្ឋានយុត្តិធម៌ កងរាជអាវុធហត្ថលើផ្ទៃប្រទេស កងរាជអាវុធហត្ថរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្តកំពង់ចាម ដោយបានបើការស៊ើបអង្កេតស្រាវជ្រាវ អស់រយៈពេលបួនថ្ងៃ ពោលហេតុការណ៍កើតឡើង នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ នៅចំណុចផ្លូវបំបែកជា៥ ស្ថិតក្នុងភូមិកណ្តាល ឃុំឆក់ឈើនាង ស្រុកអង្គស្នួល និងចាប់បានជនដៃដល់ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨។
លោកមេបញ្ជាការបញ្ជាក់ថា ជនសង្ស័យដែលចាប់ខ្លួនបាន ឈ្មោះ ហេង ស៊ីរ៉ា អាយុ៣៦ឆ្នាំ មុខរបរបើកបររថយន្ត មានស្រុកកំណើតនៅភូមិបឹងជ្រែង ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ បច្ចុប្បន្នស្នាក់នៅក្នុងការដ្ឋានដឹកដីចំណុចកើតហេតុ បានប្រើប្រាស់ពូថៅជាអាវុធកាប់ចំក្បាលទៅលើជនរងគ្រោះឈ្មោះ ភាព គឿន អាយុ៣១ឆ្នាំ មុខរបរជាងជួសជុសរថយន្ត មានស្រុកកំណើតនៅភូមិសូរិយា ឃុំបឹងដោល ស្រុកព្រះស្តេច ខេត្តព្រៃវែង ស្នាក់នៅក្នុងការដ្ឋានដឹកដីជាមួយគ្នា បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។
បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ លោកបានបញ្ជាកម្លាំងជំនាញខេត្ត និងស្រុក ចុះដល់ទីតាំងកើតហេតុភ្លាមៗ ដោយបានធ្វើការតាមជំនាញយ៉ាងយកចិត្តទុកដាក់។ ក្រោយពីជំនាញចុះស្រាវជ្រាវតាមជំនាញ លោកវរសេនីយ៍ឯក ទូច អ៊ីណាន មេបញ្ជាការរងទទួលការងារជំនាញ បានចុះដឹកនាំផ្ទាល់កម្លាំងជំនាញខេត្ត និងស្រុកពាក់ព័ន្ធ សហការជាមួយស្នងការដ្ឋានយុត្តិធម៌ កងរាជអាវុធហត្ថលើផ្ទៃប្រទេស រាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្តកំពង់ចាម បានពុះពារស្វែងរកមុខសញ្ញាជនសង្សយ័តាមបច្ចេកទេសបទពិសោធន៌ជំនាញ ជាបន្តបន្ទាប់ដោយជនឃាតក បានរត់គេចទៅលាក់ខ្លួន នៅខេត្តកំពង់ស្ពឺ ខេត្តកំពង់ចាម និងចុងក្រោយលាក់ខ្លួននៅខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
រហូតដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ កម្លាំងជំនាញស្រាវជ្រាវរកចាប់បានជនសង្ស័យឈ្មោះ ហេង ស៊ីរ៉ា នៅចំណុចមុខផ្ទះវេរលុយ ទ្រូម៉ាន់នី ជាប់ផ្លូវជាតិលេខ៦A ស្ថិតក្នុងភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ការសម្រេចបាននូវលទ្ធផលដ៏ល្អប្រសើរខាងលើ ក៏ដោយសារមានការសម្របសម្រួលនីតិវិធីពី តំណាងអយ្យការអមសាលាដំបូងខេត្តកណ្តាល រាជធានីភ្នំពេញ ខេត្តពាក់ព័ន្ធ តាមដំណាក់កាលនីមួយៗ ក្នុងការពន្លាតសមត្ថកិច្ចដែនដីផងដែរ និងដោយមានកិច្ចសហការល្អ រវាងជំនាញកងរាជអាវុធហត្ថគ្រប់លំដាប់ថ្នាក់។
នៅចំពោះមុខសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល ជនដៃដល់រូបនេះ បានសារភាពថា ក្រោយពីខ្លួនមានទំនាស់ពាក្យសំដីឈ្លោះប្រកែកវាយតប់គ្នា ជាមួយជនរងគ្រោះនៅកន្លែងផឹកស៊ីខាងលើ រូបគេក៏យកពូថៅមកកាប់ក្បាលជនរងគ្រោះតែម្តង ហើយក៏រត់ទៅលាក់ខ្លួននៅស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ ស្រុកកំពង់សៀម ខេត្តកំពង់ចាម និងចុងក្រោយលាក់ខ្លួននៅខណ្ឌជ្រោយចង្វារ ក៏ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថឃាត់ខ្លួនតែម្តង។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងអាវុធហត្ថជំនាញកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការចាត់ការបន្ដតាមនីតិវិធី៕