(ណាននីង, ចិន)៖ សាកលវិទ្យាល័យក្វាងស៊ី ដែលជាសាកលវិទ្យាល័យដ៏ល្បីមួយរបស់ចិន ស្ថិតនៅក្នុងទីក្រុងណាននីង ខេត្តក្វាងស៊ី គ្រោងនឹងបង្កើតថ្នាក់ភាសាខ្មែរបង្រៀនដល់និស្សិតចិន ដោយពួកគេគិតថាការធ្វើឲ្យនិស្សិតចិនចេះភាសាខ្មែរនឹងរួមចំណែកធ្វើឲ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងចិន និងកម្ពុជាកាន់តែប្រសើរ។

លោក Qin Chengiang អគ្គលេខាបក្សកុម្មុយនិស្តចិនប្រចាំសាកលវិទ្យាល័យ បានអះអាងថា ការបើកថ្នាក់ភាសាខ្មែរនេះ គឺសាលានឹងយកសាស្ត្រាចារ្យពីប្រទេសកម្ពុជាមកបង្រៀនដោយផ្ទាល់តែម្តង ហើយសាកលវិទ្យាល័យ ក៏នឹងបញ្ជូនគ្រូជនជាតិចិនទៅបង្រៀននៅតាមសាកលវិទ្យាល័យនៅកម្ពុជា ដែលមានកិច្ចសហប្រតិបត្តិការជាមួយខ្លួនផងដែរ។

លោក Qin Chengiang បានបញ្ជាក់បែបនេះ ក្នុងពេលដែលគណៈប្រតិភូព័ត៌មានរបស់កម្ពុជាបានទៅបំពេញទស្សនកិច្ចសិក្សាស្វែងយល់ពីសាកលវិទ្យាល័យមួយនេះនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨នេះ។

សាកលវិទ្យាល័យក្វាងស៊ី ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩២៨ មកដល់បច្ចុប្បន្នសាកលវិទ្យាល័យនេះ មានអាយុកាល៩០ឆ្នាំហើយ។ សាកលវិទ្យាល័យនេះ ក្លាយជាសាកលវិទ្យាល័យដ៏ចំណាស់មួយនៅក្នុងប្រទេសចិន ហើយក៏មានភាពល្បាញល្បីលើការបណ្តុះបណ្តាលផងដែរ។

សាកលវិទ្យាល័យមួយនេះបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត លើមុខជំនាញយ៉ាងច្រើន។ ក្នុងនោះថ្នាក់បណ្ឌិតសាកលវិទ្យាល័យបណ្តុះបណ្តាលលើមុខវិជ្ជាចំនួន១៧។

សាកលវិទ្យាល័យក្វាងស៊ី មិនត្រឹមតែបណ្តុះបណ្តាលនិស្សិតក្នុងស្រុកនោះទេ។ សាកលវិទ្យាល័យនេះមានផ្តល់អាហារូបករណ៍ដល់និស្សិតមកពីបណ្តាប្រទេសសមាជិកអាស៊ានប្រមាណ ១២០នាក់ក្នុងមួយឆ្នាំផងដែរមកសិក្សានៅក្នុងសាកលវិទ្យាល័យនេះ។ ក្រៅពីការសិក្សាអាហាររូបករណ៍សាលាក៏មានការសិក្សាបង់ថ្លៃផងដែរ។

ដើម្បីជំរុញការអប់រំរវាងកម្ពុជា និងចិនស្របតាមគោលនយោបាយទំនាក់ទំនងរវាងរដ្ឋាភិបាលកម្ពុជា-ចិន សាកលវិទ្យាល័យខេត្តក្វាងបានធ្វើកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យជាច្រើនរបស់កម្ពុជា ហើយក៏បានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាជាច្រើនផងដែរ។

បច្ចុប្បន្នមាននិស្សិតកម្ពុជា ៧០នាក់កំពុងសិក្សានៅសាកលវិទ្យាល័យមួយនេះ ដែលក្នុងនោះ ៦៨នាក់សិក្សាដោយទទួលបានអាហារូបករណ៍ពីរដ្ឋាភិបាលចិន ហើយពីរនាក់ទៀតសិក្សាដោយបង់ថ្លៃ។

និស្សិតខ្មែរដែលទទួលបានអាហារូបករណ៍សិក្សាក្នុងសាកលវិទ្យាល័យក្វាងស៊ី បានលើកបង្ហាញពីគុណភាពនៃការអប់រំនៅក្នុងសាកលវិទ្យាល័យមួយនេះជួយឲ្យពួកគេមានចំណេះជំនាញមួយច្បាស់លាស់។ ពួកគេក៏បានមើលឃើញថា ការសិក្សានៅសាកលវិទ្យាល័យក្នុងប្រទេសចិន នឹងជួយផ្តល់ឱកាសការងារខ្ពស់នៅក្នុងប្រទេសពេលបញ្ចប់ការសិក្សាផងដែរ ព្រោះបច្ចុប្បន្នចិនកំពុងបង្កើនការវិនិយោគនៅកម្ពុជា។

លោក ហង់ ចាន់សំបូរ និស្សិតខ្មែរកំពុងរៀនថ្នាក់បណ្ឌិតនៅក្នុងសាកលវិទ្យាល័យក្វាងស៊ី បានលើកឡើងថា បច្ចុប្បន្នសាលានេះមានគ្រឿងបរិក្ខាទំនើបក្នុងការបង្រៀន ជាមួយនឹងគុណភាពខ្ពស់ផងដែរ។ លោកបានអះអាងថា បើទោះការបណ្តុះបណ្តាលនៅទីនេះមិនខ្លាំងដូចនៅអាមេរិក ឬអឺរ៉ុប តែចំណេះដឹងក៏មិនអន់នោះទេ។

និស្សិតខ្មែរម្នាក់ទៀត គឺកញ្ញា តាំង ស៊ូហួង អាយុ ១៩ឆ្នាំ ដែលទើបមកសិក្សានៅសាកលវិទ្យាល័យ ក៏បានលើកសរសើរផងដែរនូវគុណភាពនៃការអប់រំនៅក្នុងសាកលវិទ្យាល័យនេះ។ បន្ថែមពីលើនោះនិស្សិតខ្មែរទាំងពីររូបសុទ្ធតែមានសុទិដ្ឋិនិយមថា ការសិក្សានៅក្នុងប្រទេសចិន នឹងធ្វើឲ្យពួកគេមានឱកាសការងារកាន់តែខ្ពស់នៅក្នុងប្រទេសកម្ពុជា ព្រោះបច្ចុប្បន្នមានក្រុមហ៊ុនចិនជាច្រើនបានទៅរកស៊ីនៅក្នុងប្រទេសកម្ពុជា។

លោក Qin Chengiang ក៏បានមើលឃើញដូចគ្នាដែរថា តាមរយៈទំនាក់ទំនងដ៏ល្អប្រសើររវាងរដ្ឋាភិបាលកម្ពុជា-ចិន ព្រមទាំងការវិនិយោគកាន់តែច្រើនរបស់ក្រុមហ៊ុនចិននៅកម្ពុជានោះ នឹងធ្វើឲ្យសិស្សសិក្សានៅក្នុងប្រទេសចិនមានឱការងារកាន់តែខ្ពស់នៅពេលបញ្ចប់ការសិក្សា។

សូមបញ្ជាក់ថា ក្រៅពីការបណ្តុះបណ្តាលហើយនោះ សាលាបានរៀបចំកន្លែងស្នាក់នៅយ៉ាងសមរម្យសម្រាប់និស្សិតបរទេស និងនិស្សិតរបស់ចិន ដែលមកពីឆ្ងាយៗផងដែរ៕