(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង បានចេញលិខិតបង្គាប់ការឲ្យមន្ដ្រីជំនាញ ចំនួន១៩នាក់ ដែលដឹកនាំដោយលោក បេងហុង សុជាតិ ខេមរ៉ូ អគ្គនាយកលំនៅឋាន ជាប្រធាន ចុះសហការជាមួយអាជ្ញាធរខេត្ដក្រចេះ ធ្វើអត្ដសញ្ញាណកម្មគ្រួសារ ប្រជាពលរដ្ឋដោយផ្អែកលើបញ្ជីអ្នកតវ៉ាដីធ្លី ដែលផ្ដល់សិទ្ធិសម្បទានសេដ្ឋកិច្ចជូនក្រុមហ៊ុន ចំការកៅស៊ូមេមត់ នៅឃុំ២ធ្នូ ស្រុកស្នូល ដើម្បីកំណត់មុខសញ្ញាអ្នកទទួលការដោះស្រាយ ជាសម្បទានដីសង្គមកិច្ចស្របតាមគោលការណ៍ និងនីតិវិធីជាធរមាន។
ការចេញលិខិតបង្គាប់ការពីសំណាក់លោក សេង ឡូត អគ្គនាយករដ្ឋបាល ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨នេះ បានធ្វើឡើងតាមបញ្ជារបស់ឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង។
សូមជម្រាបថា ប្រជាពលរដ្ឋខាងលើទាំងអសនេះ បានទទួលស្គាល់ថា ពិតបានចូលទន្ទ្រានកាន់កាប់ដីរដ្ឋ ដែលបានផ្ដល់សិទ្ធិសម្បទានសេដ្ឋកិច្ច ជូនក្រុមហ៊ុនចំការកៅស៊ូមេមត់ ស្ថិតនៅឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ពិតប្រាកដមែន ដោយសារខ្វះដីបង្កបង្កើនផល។
ការទទួលស្គាល់នេះ ធ្វើឡើងក្នុងឱកាស ឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង ជាមួយតំណាងក្រសួងមហាផ្ទៃ, តំណាងរដ្ឋបាលខេត្តក្រចេះ និងតំណាងរដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ បានទទួលជួបតំណាងពលរដ្ឋ ដែលមកតវ៉ាករណីវិវាទ ពាក់ព័ន្ធនឹងដីសម្បទានសេដ្ឋកិច្ច ដែលរាជរដ្ឋាភិបាលបានប្រគល់ជូនក្រុមហ៊ុនចំការកៅស៊ូមេមត់។
បើតាមក្រសួងរៀបចំដែនដី ប្រជាពលរដ្ឋទាំងអស់នោះ បានយល់ព្រមត្រឡប់ទៅមូលដ្ឋានវិញ ដើម្បីបន្ដសហការជាមួយអាជ្ញាធរខេត្តក្រចេះ សំដៅពន្លឿនការធ្វើអត្ដសញ្ញាណកម្មពីមូលដ្ឋានដើម ដែលពួកគាត់រស់នៅអចិន្ដ្រៃយ៍ឲ្យបានច្បាស់លាស់ ហើយយល់ព្រមទទួលយកដី តាមទំហំ និងទីកន្លែងតាមការរៀបចំរបស់អាជ្ញាធរខេត្ដក្រចេះ។
ក្រសួងអះអាងថា រាជរដ្ឋាភភិបាលកម្ពុជា យកចិត្តទុកដាក់ដោះស្រាយជូនប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីអ្នកតវ៉ាដែលខ្វះដីលំនៅឋាន និងដីបង្កបង្កើនផលពិតប្រាកដមែន ដោយត្រូវដាក់សំណើតាមរយៈអាជ្ញាធរដែនដីសាមី ស្របតាមនីតិវិធីសម្បទានដីសង្គមកិច្ច៕