(ស្វីស)៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងនូវការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការចូលរួមពង្រឹងសន្តិសុខស្បៀង សុវត្ថិភាព និងគុណភាពចំណីអាហារ ដើម្បីចូលរួមចំណែកសម្រេចឲ្យបាននូវទស្សនវិស័យសាកល ក្នុងការកាត់បន្ថយភាពអត់ឃ្លាន និងកង្វះអាហារូបត្ថម្ភ នៅឆ្នាំ២០៣០។
ការថ្លែងនូវការប្តេជ្ញាចិត្តយ៉ាងដូច្នេះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងារ ពាក់ព័ន្ធនឹងប្រធានបទ នៃចលនាបង្កើនកិច្ចអន្តរាគមន៍អាហារូបត្ថម្ភ (Scaling Up Nutrition Movement) ជាមួយលោកស្រី Gerda Verburg អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាអ្នកសម្របសម្រួលចលនាបង្កើនកិច្ចអន្តរាគមន៍អាហារូបត្ថម្ភ នៅរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។
លោកបានបញ្ជាក់ថា «កម្ពុជាក៏ដូចជាបណ្តាប្រទេស ក្នុងតំបន់កំពុងផ្តោតលើការយកចិត្តទុកដាក់ ក្នុងការពង្រឹងសន្តិសុខស្បៀង សុវត្ថិភាព និងគុណភាពចំណីអាហារ ដើម្បីចូលរួមចំណែកសម្រេចឲ្យបាននូវទស្សនវិស័យសាកល ក្នុងការកាត់បន្ថយភាពអត់ឃ្លាន និងកង្វះអាហារូបត្ថម្ភ ក៏ដូចជាកាត់បន្ថយនូវភាពក្រីក្រ និងភាពងាយរងគ្រោះរបស់ប្រជាពលរដ្ឋផងដែរ»។
មានប្រសាសន៍នៅក្នុងកិច្ចជំនួបនេះ លោកស្រី Gerda Verburg បានបង្ហាញនូវទស្សនវិជ្ជមានជាច្រើននៅកម្ពុជា ក្នុងការអភិវឌ្ឍន៍នូវវិស័យកសិកម្ម ជាពិសេសទៅលើការអភិវឌ្ឍន៍ និងវិនិយោគផ្នែកសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ ព្រោះកម្ពុជាជាទឹកដី ដែលអំណោយផលសម្រាប់វិស័យកសិកម្ម។
លោកស្រីក៏បានសង្កត់ធ្ងន់ ទៅលើការរៀបចំប្រព័ន្ធស្បៀងអាហារ រវាងកសិកម្ម ជលផល និងព្រៃឈើ នៅកម្ពុជា ដោយត្រូវធ្វើការកំណត់ភូមិសាស្រ្តនៃការអភិវឌ្ឍន៍ ការកំណត់ប្រភេទដំណាំ ការពិនិត្យមើលស្ថានភាពនៃការគ្រប់គ្រងទឹក ស្ថានភាពនៃការប្រែប្រួលអាកាសធាតុ និងប្រព័ន្ធជីវចម្រុះ ដើម្បីធ្វើការវាយតម្លៃនូវសក្តានុពលនៃការអភិវឌ្ឍន៍ និងការវិនិយោគ។
លោកស្រីបានបន្តថា យើងត្រូវរួមគ្នាគាំទ្រដល់ភាពជាដៃគូ នៃចលនាបង្កើនកិច្ចអន្តរាគមន៍អាហារូបត្ថម្ភ ដោយចាប់ផ្តើមពីតម្រង់ទិសតាមប្រទេសនីមួយៗ ដើម្បីចូលរួមកាត់បន្ថយភាពអត់ឃ្លាន និងកង្វះអាហារូបត្ថម្ភនៅក្នុងឆ្នាំ២០៣០ ទាំងអស់គ្នា។
នាពេលខាងមុខអង្គការសហប្រជាជាតិ នឹងមានរៀបចំវគ្គបណ្តុះបណ្តាល អំពីការកាត់បន្ថយភាពអត់ឃ្លាន និងកង្វះអាហារូបត្ថម្ភ នៅទីក្រុងបាងកក ហើយលោកស្រី សង្ឃឹមថាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនឹងចាត់មន្រ្តីបង្គោលចូលរួមផងដែរ។
ឆ្លៀតក្នុងឱកាសនេះ លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះអង្គការសហប្រជាជាតិ ដែលបានផ្តល់កិច្ចសហការល្អជាមួយកម្ពុជា ហើយលោករដ្ឋមន្រ្តី ក៏បានសម្តែងនូវការស្វាគមន៍ ចំពោះគម្រោងអភិវឌ្ឍនានា និងការវិនិយោគក្នុងវិស័យកសិកម្មនៅកម្ពុជាផងដែរ។
លោករដ្ឋមន្រ្តី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានបន្តយកចិត្តទុកដាក់ទៅលើការលើកទឹកចិត្តដល់វិស័យឯកជន ជាពិសេសការវិនិយោគទៅលើវិស័យកសិកម្ម ហើយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក៏មានឆន្ទៈក្នុងការសហការ និងគាំទ្រដល់គម្រោងអភិវឌ្ឍ និងការវិនិយោគកសិកម្មនៅកម្ពុជា ព្រោះកម្ពុជាត្រូវការធនធានជាច្រើនទៀត ដើម្បីពង្រឹកសក្តានុពលទាំងក្នុងផលិតកម្ម ការកែច្នៃ និងនាំចេញនូវផលិតផលកសិកម្ម។
ចំពោះវគ្គបណ្តុះបណ្តាល ស្តីពីការកាត់បន្ថយភាពអត់ឃ្លាន និងកង្វះអាហារូបត្ថម្ភ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងចាត់ចែងទៅតាមការអញ្ជើញរបស់អង្គការសហប្រជាជាតិ ហើយលោករដ្ឋមន្រ្តី បានស្នើឲ្យអង្គការសហប្រជាជាតិ បន្តកិច្ចសហប្រតិបត្តិការឲ្យកាន់ជិតស្និទ្ធបន្ថែមទៀត ក្នុងការជំរុញចលនាបង្កើន កិច្ចអន្តរាគមន៍អាហារូបត្ថម្ភនៅកម្ពុជា។
សូមបញ្ជាក់ថា ចលនាបង្កើនកិច្ចអន្តរាគមន៍អាហារូបត្ថម្ភនេះ ជាចលនានៃទស្សនវិស័យ ក្នុងការធានានូវការកាត់បន្ថយទាំងស្រុង នូវកង្វះអាហារូបត្ថម្ភត្រឹមឆ្នាំ២០៣០ ដែលទាមទារឲ្យមានការចូលរួមពីភាគីពាក់ព័ន្ធដូចជា រដ្ឋាភិបាល សង្គមស៊ីវិល វិស័យឯកជន គ្រឹះស្ថានស្រាវជ្រាវ និងអ្នកពាក់ព័ន្ធផ្សេងទៀត ដែលចូលរួមដោះស្រាយនូវបញ្ហាសន្តិសុខស្បៀង និងអាហារូបត្ថម្ភ។
តាមការសិក្សារបស់សេដ្ឋវិទូមួយចំនួន បានបង្ហាញថា ការកាត់បន្ថយកង្វះអាហារូបត្ថម្ភ បានផ្តល់នូវផលប្រយោជន៍ជាច្រើនដូចជា ការកើនឡើងនូវផលិផលក្នុងស្រុកសរុប ទប់ស្កាត់បាននូវមរណភាពកុមារ ប្រចាំឆ្នាំពីកង្វះអាហារូបត្ថម្ភ ការប្រសើរឡើងនូវគុណភាពអប់រំ ការកើនឡើងនូវប្រាក់បៀរវត្ស កាត់បន្ថយភាពក្រីក្រតាមវ័យ និងការកើនឡើងនូវចំនួនស្រ្តីក្នុងការធ្វើអាជីវកម្ម។
បន្ទាប់ពីបានអញ្ជើញចូលជួបពិភាក្សាការងារ ពាក់ព័ន្ធនឹងប្រធានបទ នៃចលនាបង្កើនកិច្ចអន្តរាគមន៍អាហារូបត្ថម្ភ (Scaling Up Nutrition Movement) ជាមួយ លោកស្រី Gerda Verburg អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាអ្នកសម្របសម្រួលចលនាបង្កើនកិច្ចអន្តរាគមន៍អាហារូបត្ថម្ភ រួចមក លោករដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញចូលរួមជាវាគ្មិននៅក្នុងកិច្ចប្រជុំ ការវិនិយោគកសិកម្មប្រកបដោយការទទួលខុសត្រូវ ដោយមាន តំណាងរដ្ឋាភិបាល វិស័យឯកជន សង្គមស៊ីវិល គ្រឹះស្ថានស្រាវជ្រាវ និងអង្គការ មកពីបណ្តាប្រទេសលើពិភពលោកសរុបប្រមាណជាង ១០០នាក់។ វេទិកានៃកិច្ចប្រជុំនេះមានបំណងចែករំលែក នូវបទពិសោធន៍នៃការវិនិយោគកសិកម្មប្រកបដោយការទទួលខុសត្រូវ រវាងរដ្ឋាភិបាល វិស័យឯកជន សង្គមស៊ីវិល គ្រឹះស្ថានស្រាវជ្រាវ និងអង្គការ។
អង្គប្រជុំបានបញ្ជាក់ថា ការវិនិយោគកសិកម្មប្រកបដោយការទទួលខុសត្រូវ សំដៅទៅលើការវិនិយោគ ដែលប្រកបដោយបរិយាប័ន្ន ការលើកទឹកចិត្ត ការគាំទ្រដល់កសិករដែលជាអ្នកផលិត ការលើកកម្ពស់ជីវភាព និងការរស់នៅរបស់កសិករ កុមារ និងស្រ្តី និងកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន។ ទន្ទឹមនឹងនេះ ការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា ក៏ជាយន្តការមួយដែលមានភាពទទួលខុសត្រូវ ទៅលើទីផ្សារផលិតផល និងការគាំទ្រដល់ខ្សែច្រវ៉ាក់នៃការផលិតប្រកបដោយនិរន្តភាព។
លើសពីនេះ ការវិនិយោគលើវិស័យកសិកម្មក៏ត្រូវយកចិត្តទុកដាក់ ទៅលើការគ្រប់គ្រងកាកសំណល់ និងការបាត់បង់នូវទិន្នផល ដើម្បីបង្កើនផលិតភាព បង្កើនតម្លៃបន្ថែម និងកាត់បន្ថយផលប៉ះពាល់បរិស្ថាន។
អង្គប្រជុំបានស្នើដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្តជួបប្រជុំ និងពិភាក្សាអំពីការរៀបចំផែនការ សកម្មភាពរួមគ្នារវាងរដ្ឋ ឯកជន សង្គមស៊ីវិល គ្រឹះស្ថានស្រាវជ្រាវ និងដៃគូអភិវឌ្ឍន៍ ដើម្បីសម្រេចបាននូវទស្សនវិស័យរួមរបស់សាកលលោក ក្នុងការកាត់បន្ថយភាពអត់ឃ្លានត្រឹមកម្រិតសូន្យនៅក្នុងឆ្នាំ២០៣០៕