(ភ្នំពេញ)៖ លោក កាំង ហ្កេកអ៊ាវ ហៅឌុច អតីតប្រធានមន្ទីរស២១ ឬគុកទួលស្លែង ត្រូវបានពន្ធនាគារខេត្តកណ្តាល ដឹកទៅកាន់មន្ទីរពេទ្យបង្អែកជ័យជំនះ ក្នុងក្រុងតាខ្មៅ រួចបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត បន្ទាប់រូបលោកមានជំងឺរាគ និងហត់ខ្លាំង។ នេះបើតាមវេជ្ជបណ្ឌិតមន្ទីរពេទ្យរុស្ស៊ី ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នាយប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨នេះ។
លោក កាំង ហ្កេកអ៊ាវ ហៅឌុច អតីតប្រធានមន្ទីរស២១ ឬគុកទួលស្លែង មានជំងឺរាគ និងហត់ខ្លាំង តែត្រូវបានគ្រូពេទ្យជំនាញនៅមន្ទីរពេទ្យរុស្ស៊ី ព្យាបាលឲ្យមានសភាពប្រក្រតី បន្ទាប់មកត្រូវបានបញ្ជូនពីមន្ទីរពេទ្យកាន់ពន្ធនាគារខេត្តកណ្តាលវិញផងដែរ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨។
សូមបញ្ជាក់ថា កាំង ហ្កេកអ៊ាវ ហៅ ឌុច អាយុ៧៦ឆ្នាំ ត្រូវបានអង្គជំនុំជម្រះតុលាការកំពូលនៃសាលាក្តីខ្មែរក្រហម កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១២ ចេញសាលដីកា ដាក់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត ដែលត្រូវបានរកឃើញថា មានបទលើ្មសជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្ម ប្រឆាំងមនុស្សជាតិ និងការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ១៩៤៩ ដែលប្រព្រឹត្តនៅរាជធានីភ្នំពេញ និងនៅលើទឹកដីនៃប្រទេសកម្ពុជាចន្លោះថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩៕