(ភ្នំពេញ)៖ នៅទីស្នាក់ការកណ្តាល នារសៀលថ្ងៃពុធ ១៥កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០១៨ នេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានប្រគល់អំណោយជាអង្ករចំនួន ១០៨តោន ជូនដល់អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌទាំង ១២ ក្នុងរាជធានីភ្នំពេញ ក្នុងនោះអនុសាខានីមួយៗទទួលបាន អង្ករចំនួន ៩តោន ស្មើនឹង ៣០០កញ្ចប់។
លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកក្រក បានពាំនាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ដែលផ្តាំសួរសុខទុក្ខ និងការកោតសរសើរ ដល់អនុសាខាខណ្ឌទាំង១២ ដែលតែងតែចុះជួយប្រជាពលរដ្ឋងាយរងគ្រោះបំផុត និងអ្នកដែលត្រូវការឱ្យជួយទៅដល់លំនៅឋាន។ ជាមួយគ្នានេះ លោកស្រី អគ្គលេខាធិការ បានមានប្រសាសន៍ជម្រាបជូនពីសេចក្តីសម្រេចស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់កាកបាទក្រហមកម្ពុជា អាណត្តិទី ៦ ពាក់ព័ន្ធនឹងគណៈអភិបាល និងក្រុមប្រតិបត្តិនៅតាមសាខាដែលត្រូវមានតួនាទី ភារកិច្ច ដើម្បីសម្រេចបាននូវសកម្មភាពជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតនៅក្នុងរដ្ឋបាលដែនដីរបស់ខ្លួន ដើម្បីឱ្យបានសក្តិសមជាជំនួយការឱ្យអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌។
លោក ឃួង ស្រេង ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ក្នុងនាមអនុសាខាកាកបាទក្រហមកម្ពុជា ទាំង ១២ខណ្ឌ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានដឹកនាំកាកបាទក្រហមកម្ពុជា ប្រកបដោយគតិបណ្ឌិត ការគិតគូរយកចិត្តទុកដាក់ខ្ពស់ ក្នុងការតាមដាន និងដោះស្រាយបញ្ហាបានភ្លាមៗដល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋ។ ចំពោះអំណោយដែលទីស្នាក់ការកណ្តាលបានផ្តល់ជូនទៅអនុសាខាខណ្ឌទាំង ១២ ក្នុងថ្ងៃនេះ អនុសាខានីមួយៗ នឹងយកទៅចាត់ចែងផ្តល់ជូនដល់អ្នកងាយរងគ្រោះបំផុតនៅក្នុងសមត្ថកិច្ចដែនដីនៃខណ្ឌនីមួយៗឲ្យមានប្រសិទ្ធភាព និងទាន់ពេលវេលាដោយមិនមានការរើសអើង ប្រកាន់វណ្ណៈ ពូជសាសន៍ ព័ណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។
សូមបញ្ជាក់ផងដែរថា ចាប់តាំងពីឆ្នាំ ២០១៥ រហូតមកដល់ពេលនេះ កាកបាទក្រហមកម្ពុជា បានផ្តល់អំណោយមនុស្សធម៌ដល់អនុសាខាទាំង ១២ខណ្ឌ បានចំនួន ៩ លើករួចមកហើយ ដែលមានអំណោយសរុបទាំងអស់ រួមមាន ៖
- អង្ករចំនួន ១,០៦២តោន
- មី ១៣,២០០កេស
- ត្រីខ ១,៣២០កេស
- ឃីត (មុង ភួយ សារុង ក្រមា) ១៣,២០០កញ្ចប់
- មួកសុវត្ថិភាព ៦០០មួក
- ថវិកា ១២០លានរៀល៕