(ស្វ៉ីស)៖ តាមសេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News ពីប្រទេសស្វីសបានឲ្យដឹងថា នៅម៉ោងជាង២រសៀលម៉ោងនៅប្រទសស្វីស ត្រូវនឹងម៉ោងជាង៧យប់នៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន នឹងគណៈប្រតិភូ បានចាកចេញដំណើរពីទីក្រុងហ្សឺណែវ នឹងមកដល់ប្រទេសកម្ពុជាវិញនៅម៉ោងប្រមាណ៦៖១៥នាទីព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨។
នៅទី២៤ ខែតុលា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហោះសារនៅលើ Facebook ថា នឹងធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជា នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ស្អែកនេះ បន្ទាប់ពីបញ្ចប់បេសកកម្មការងារ អស់រយៈពេល១សប្តាហ៍ នៅក្រៅប្រទេស។ នៅពេលមកដល់កម្ពុជា សម្តេចតេជោ ហ៊ុន សែន មានការងារជាច្រើនទៀតកំពុងរង់ចាំសម្តេចសម្រេច និងដោះស្រាយ។
សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា៖ «ក្រៅពីច្បាប់ហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩ ដែលខ្ញុំត្រូវដឹកនាំការប្រជុំនៅថ្ងៃសុក្រ ខ្ញុំច្បាស់ក្នុងចិត្តថា មានឯកសារជាច្រើនកំពុងរង់ចាំការពិនិត្យសម្រេច និងចុះហត្ថលេខាពីខ្ញុំ។ នោះជាបំណុល ដែលខ្ញុំត្រូវសង ក្រោយពេលអវត្តមានពីក្នុងប្រទេសមួយសប្តាហ៍កន្លងមក តែខ្ញុំពេញចិត្តជាមួយការងារនេះ ព្រោះជាផលប្រយោជន៍របស់ជាតិ»។
ទោះជាយ៉ាងនេះក្តី ក្នុងពេលបំពេញបេសកកម្ម នៅក្រៅប្រទេសលើកនេះ សម្តេចតេជោ ហ៊ុន សែន បានសម្តែងការរីករាយជាខ្លាំង ដែលបានជួបជាមួយប្រជាពលរដ្ឋខ្មែរ និងនិស្សិតដែលកំពុងសិក្សានៅអឺរ៉ុប ជាពិសេសនោះ បានជួបជាមួយចៅរបស់សម្តេចទៀតផង។
សម្តេចបានបញ្ជាក់បន្តថា «ខ្ញុំពិតជាមានការរីករាយ ដែលបានជួបជាមួយបងប្អូនប្រជាជនខ្មែរ និងនិសិត្សខ្មែរដែលកំពុងរៀនសូត្រនៅអឺរ៉ុប ក្នុងនោះក៏មានចៅស្រីខ្ញុំម្នាក់ដែរ។ ជូនពរបងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេសជួបតែសេចក្តីសុខ»៕