(ភ្នំពេញ)៖ ប្រតិភូនៃកងទព័វិស្វកម្មជំនាញខាងកំចាត់គ្រាប់មីន របស់កូឡុំប៊ីចំនួន៩នាក់ បានមកសិក្សាជំនាញប្រើប្រាស់គ្រឿងចក្រកំទេចមីននៅកម្ពុជា ពីមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់)។
ក្នុងឱកាសជួបពិភាក្សាជាមួយគណ:ប្រតិភូ នៃកងទព័វិស្វកម្មជំនាញខាងកំចាត់គ្រាប់មីនរបស់កូឡុំប៊ី លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់បានឲ្យដឹងថា ក្រៅពីសិក្សាជំនាញប្រើប្រាស់គ្រឿងចក្រកំទេចមីនហើយនោះ ពួកគេក៏បានស្វែងយល់ពីសកម្មភាព កំចាត់មីនរបស់អង្គភាពស៊ីម៉ាក់។
លោកបន្តថា ដំណើការទស្សនកិច្ចរបស់កងទ័ពកូឡុំប៊ីនេះ មានរយៈពេល៥ថ្ងៃ គាំទ្រដោយរដ្ឋាភិបាលជប៉ុន ហើយរដ្ឋាភិបាលជប៉ុនសំរេចផ្តល់គ្រឿងចក្រកំទេចមីនចំនួន៧គ្រឿងទៅរដ្ឋាភិបាលកូឡុំប៊ី ដោយមានអង្គភាពស៊ីម៉ាក់ ជាអ្នកទទួលការគាំទ្រលើការងារហ្វឹកហ្វឺន។
លោក ហេង រតនា ចាត់ទុកថា «នេះជាសមិទ្ធិផលនៃការប្រឹងប្រែង ក្នុងនាមជាស្ថាបន័ជាតិ និងជាសេនាធិការរបស់រាជរដ្ឋាភិបាល នៃជំនាញសកម្មភាពកំចាត់គ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលមានប្រទេសមានបញ្ហាគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមជាច្រើន បានទទួលស្គាល់ស្នាដៃ និងទទួលយកជាការរៀនសូត្រពីកម្ពុជាយើង។ នេះមោទនភាពជាតិផង និងជាជោគជ័យរបស់រាជរដ្ឋាភិបាលផង ដែលផ្តោតការយកចិត្តទុកយ៉ាងសំខាន់បំផុត ក្នុងការផ្តល់ជូនប្រជាជនកម្ពុជា នូវសុខសន្តិភាព សុវតិ្ថភាព និងការអភិវឌ្ឍន៍។ ការលុបបំបាត់ភាពភ័យខ្លាច ដោយសារគ្រាប់មីន ការផ្តល់នូវក្តីសង្ឃឹម និងការកសាងអនាគតមួយរុងរឿង គឺបេសកកម្មរបស់ពួកយើង»។
ក្នុងដំណើរទស្សនកិច្ចនោះដែរ ក្រុមសិក្ខាកាមបានស្វែងយល់ពីសកម្មភាពសុនខហិតមីន ចុះពិនិត្យមើលប្រតិបត្តិការបោសសម្អាតមីន ដោយប្រើគ្រឿងចក្រនៅចំការមីន និងបានអញ្ជើញទស្សនាសារមន្ទីរសន្តិភាពរបស់ស៊ីម៉ាក់ នៅខេត្តសៀមរាបផងដែរ។
សូមជម្រាបថា ស៊ីម៉ាក់តែងតែធ្វើកិច្ចសហប្រតិបត្តិការជាមួយប្រទេសជាច្រើន មិនតិចជាង១៥ប្រទេសនោះទេ ក្នុងបណ្តុះបណ្តាលសកម្មភាពបោសសម្អាតមីន ជូនសិក្ខាកាមបរទេសជាច្រើនរយនាក់៕