(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង បានចេញសេចក្ដីប្រកាសព័ត៌មានបញ្ជាក់ថា ប្រជាពលរដ្ឋទទួលស្គាល់ថា បានចូលទន្ទ្រានកាន់កាប់ដីរដ្ឋ ដែលបានផ្ដល់សិទ្ធិសម្បទានសេដ្ឋកិច្ច ជូនក្រុមហ៊ុនចំការកៅស៊ូមេមត់ ស្ថិតនៅឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ពិតប្រាកដមែន ដោយសារខ្វះដីបង្កបង្កើនផល។
ការចេញសេចក្ដីប្រកាសព័ត៌មាននេះ បានធ្វើឡើងបន្ទាប់ពី ឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង ជាមួយតំណាងក្រសួងមហាផ្ទៃ, តំណាងរដ្ឋបាលខេត្តក្រចេះ និងតំណាងរដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨នេះ បានទទួលជួបតំណាងពលរដ្ឋ ដែលមកតវ៉ាករណីវិវាទ ពាក់ព័ន្ធនឹងដីសម្បទានសេដ្ឋកិច្ច ដែលរាជរដ្ឋាភិបាលបានប្រគល់ជូនក្រុមហ៊ុនចំការកៅស៊ូមេមត់។
បើតាមក្រសួងរៀបចំដែនដី ប្រជាពលរដ្ឋទាំងអស់នោះ បានយល់ព្រមត្រឡប់ទៅមូលដ្ឋានវិញ ដើម្បីបន្ដសហការជាមួយអាជ្ញាធរខេត្តក្រចេះ សំដៅពន្លឿនការធ្វើអត្ដសញ្ញាណកម្មពីមូលដ្ឋានដើម ដែលពួកគាត់រស់នៅអចិន្ដ្រៃយ៍ឲ្យបានច្បាស់លាស់ ហើយយល់ព្រមទទួលយកដី តាមទំហំ និងទីកន្លែងតាមការរៀបចំរបស់អាជ្ញាធរខេត្ដក្រចេះ។
ក្រសួងអះអាងថា រាជរដ្ឋាភភិបាលកម្ពុជា យកចិត្តទុកដាក់ដោះស្រាយជូនប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីអ្នកតវ៉ាដែលខ្វះដីលំនៅឋាន និងដីបង្កបង្កើនផលពិតប្រាកដមែន ដោយត្រូវដាក់សំណើតាមរយៈអាជ្ញាធរដែនដីសាមី ស្របតាមនីតិវិធីសម្បទានដីសង្គមកិច្ច។
ជាមួយគ្នានេះ ប្រជាពលរដ្ឋសន្យាសហការជាមួយអាជ្ញាធរដែនដី ក្នុងការទប់ស្កាត់ការចូលទន្ទ្រានដីរដ្ឋ ការញុះញង់ និងការក្លែងបន្លំផ្ដល់ព័ត៌មានមិនពិត ដែលបង្កឲ្យយឺតយ៉ាវដល់ដំណើរការដោះស្រាយ។ ក្នុងករណីមានការបន្ដចូលទន្ទ្រានដីរដ្ឋ ញុះញង់ និងក្លែងបន្លំផ្ដល់ព័ត៌មានមិនពិត ត្រូវប្រឈមចំពោះមុខច្បាប់ជាធរមាន៕