(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងភរិយា ព្រមទាំងមន្ដ្រីរាជការស៊ីវិល និងនគរបាលជាតិ នៃក្រសួងមហាផ្ទៃ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨នេះ បានផ្ញើសាររំលែកទុក្ខជូនលោកស្រី មាស សន ចំពោះមរណភាព លោកឧត្តមសេនីយ៍ឯក ជា ម៉ន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៤ ដែលត្រូវជាស្វាមីលោកស្រី បានទទួលមរណភាព កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ ក្នុងជន្មាយុ៦៦ឆ្នាំ ដោយរោគាពាធ។
សម្ដេចក្រឡាហោម ស ខេង បានចាត់ទុកថា មរណភាពរបស់លោកឧត្តមសេនីយ៍ឯក ជា ម៉ន គឺជាការបាត់បង់ស្វាមី ឪពុក និងជីតា ដែលប្រកបដោយព្រហ្មវិហារធម៌ និងជាការបាត់បង់នូវកុលបុត្រវីរយុទ្ធជនដ៏ឆ្នើមមួយរូប ដែលបានលះបង់គ្រប់យ៉ាងក្នុងការបម្រើជាតិ មាតុភូមិ គ្រប់កាលៈទេសៈ នាពេលកន្លងមក។
សម្ដេចក្រឡាហោម ស ខេង និងភរិយា ព្រមទាំងមន្ដ្រីរាជការស៊ីវិល និងនគរបាលជាតិ នៃក្រសួងមហាផ្ទៃ សូមចូលរួមរំលែកទុក្ខនូវមរណទុក្ខដោយក្ដីស្រណោះ និងការអាឡោះអាល័យជាមួយលោកស្រី និងបុត្រា បុត្រី ព្រមទាំងបងប្អូនកូនក្មួយទាំងអស់នៃសព ដោយសេចក្ដីសង្វេគជាទីបំផុត៕